ពេលយើងធាត់មិនត្រឹមតែធ្វើឲ្យយើងប្រឈមមុខជាមួយជំងឺងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺមហារីកទេ បញ្ហាលើសទម្ងន់ត្រូវបានគេរកឃើញថាជាមូលហេតុមួយធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះដូចគ្នា។ ភាពធាត់នាំឲ្យយើងមិនសូវមានថាមពលក្នុងការរួមភេទ អសមត្ថភាពផ្លូវភេទ និងធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូនផងដែរ។ ប៉ុន្តែយើងអាចដោះស្រាយបញ្ហានេះ ដោយគ្រាន់តែកែប្រែរបៀបរស់នៅបន្តិចតែប៉ុណ្ណោះ ចំណង់ផ្លូវភេទអាចនឹងប្រសើរឡើងវិញបានហើយ។
១- តើធាត់ធ្វើឲ្យប៉ះពាល់ចំណង់ផ្លូវភេទយ៉ាងដូចម្ដេច?
ការសិក្សាបានរកឃើញថាមនុស្សប្រុសដែលធាត់ គឺប្រឈមមុខខ្ពស់ជាមួយបញ្ហាលិង្គមិនរឹង និងបញ្ហាអសមត្ថិភាពផ្លូវភេទ។ លើសទម្ងន់ក៏អាចបណ្ដាលឲ្យយើងមានបញ្ហាលើសជាតិកូលេស្តេរ៉ូល លើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមដែលអាចរារាំងលំហូរឈាមរត់ទៅកាន់លិង្គធ្វើឲ្យលិង្គមិនអាចរឹងបាន។ បញ្ហារាំងស្ទះលំហូរឈាមរត់ទៅកាន់លិង្គគឺជាបញ្ហាដូចគ្នាជាមួយការរាំងស្ទះឈាមរត់ទៅកាន់គ្លីតូរីសរបស់មនុស្សស្រីដូចគ្នាដែរ។ ដូចនេះហើយមនុស្សស្រីដែលធាត់លើសទម្ងន់ក៏មិនសូវមានការឆ្លើយតបខ្លាំងជាមួយរឿងផ្លូវភេទ ហើយចំណង់ផ្លូវភេទរបស់អ្នកទាំងនោះក៏មិនសូវមានដែរ។
ក្រៅពីនេះថែមទៀត មានការរកឃើញទំនាក់ទំនងរវាងបញ្ហាធាត់ជាមួយនឹងការបម្រែបម្រួលអ័រម៉ូន ដែលវានឹងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះទាំងមនុស្សស្រី និងប្រុស។ ពេលខ្លាញ់ឡើងច្រើនក្នុងខ្លួននឹងធ្វើឲ្យការផលិតក្លូប៊ុយលីនកើនឡើងច្រើន (SHBG) ដែលវាគឺជាសារធាតុគីមីពីធម្មជាតិសម្រាប់មកចាប់គ្នាជាមួយតេស្តូតេរ៉ូន ដែលការចាប់គ្នានេះនឹងធ្វើឲ្យអ័រម៉ូនជួយជំរុញឲ្យមានអារម្មណ៍ផ្លូវភេទថយចុះ។
លើសពីនេះថែមទៀតបញ្ហាទាក់ទងជាមួយនឹងផ្លូវចិត្ដដូចជាបាត់បង់ភាពជឿជាក់លើខ្លួនឯង និងបញ្ហាបាក់ទឹកចិត្តក៏ជាបញ្ហាប៉ះពាល់ដល់ផ្លូវភេទរបស់មនុស្សធាត់ដែរ។ មានការសិក្សាជាច្រើនបានរកឃើញថាអ្នកធាត់ច្រើនមានបញ្ហាបាក់ទឹកចិត្ដ និងមានជំងឺផ្លូវចិត្ដជាច្រើនផ្សេងទៀត។ រាល់បញ្ហាទាំងអស់នេះហើយដែលជាមូលហេតុធ្វើឲ្យបាត់បង់ចំណង់ផ្លូវភេទ ឬមុខងារផ្លូវភេទធ្លាក់ចុះ។ ក្រៅពីនេះនៅមានក្បាច់រួមភេទមួយចំនួន និងបញ្ហាមិនមានថាមពលគ្រប់គ្រាន់ក៏ជាមូលហេតុធ្វើឲ្យមនុស្សធាត់មិនមានអារម្មណ៍ចង់រួមភេទដែរ។
២- ផ្លាស់ប្ដូរទម្លាប់ងាយៗដើម្បីដាស់អារម្មណ៍ផ្លូវភេទឡើងមកវិញ
ការផ្លាស់ប្ដូរលើដងខ្លួន និងការគិតវិជ្ជមានមកលើខ្លួនឯង នឹងជួយឲ្យយើងអាចបង្កើនចំណង់ផ្លូវភេទឡើងមកវិញបាន។ អ្នកជំនាញបានអះអាងថាការសម្រកគីឡូឲ្យបាន ៤,៥គីឡូអាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូតេរ៉ូន ហើយនឹងធ្វើឲ្យចំណង់ផ្លូវភេទកើតឡើងមកវិញក្នុងពេលយ៉ាងខ្លី។ ការផ្លាស់ប្ដូរទាំងអស់នោះមានដូចជា៖
- ទទួលទានអាហារមានជាតិខ្លាញ់តិច និងញ៉ាំប្រភេទអាហារបន្លែផ្លែឈើ អាចជួយឲ្យខ្លួនយើងគ្រប់គ្រងជាតិស្ករ និងជាតិកូលេស្តេរ៉ូលក្នុងឈាមបាន ដែលនឹងជួយបង្កើនចំណង់ផ្លូវភេទឡើងមកវិញ។
- អ្នកជំនាញក៏បានបញ្ជាក់ដែរថាការហាត់ប្រាណមិនត្រឹមតែជួយសម្រកគីឡូតែមួយមុខនោះទេ តែក៏ជួយបង្កើនចំណង់ផ្លូវភេទដូចគ្នា។ ការហាត់ប្រាណសម្រាប់ជួយដល់លំហូរឈាមរត់ទៅកាន់តំបន់ប្រដាប់ភេទដូចជាការហាត់យ៉ូហ្កា រត់ត្រឹកៗ ឬការជិះកង់អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើង ជាពិសេសគឺសម្រាប់មនុស្សស្រី។
- គិតវិជ្ជមានឲ្យបានច្រើនអំពីដងខ្លួន និងភាពសិចស៊ីរបស់ខ្លួនឯងហើយកុំខ្វល់ច្រើនជាមួយរឿងគីឡូឡើយ។ គិតវិជ្ជមានអំពីខ្លួនឯង ទទួលយកអ្វីដែលខ្លួនមានហើយស្រលាញ់អ្វីដែលយើងមានឲ្យច្រើន នោះនឹងជួយឲ្យយើងមានភាពជឿជាក់លើខ្លួនឯងច្រើន និងអាចយកឈ្នះបញ្ហាផ្លូវចិត្ដបានថែមទៀតផង។
ប្រសិនបើវិធីទាំងអស់ខាងលើមិនទទួលបានផល យើងគួរទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយបញ្ហាមួយនេះ។
[embed-health-tool-ovulation]