backup og meta

ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

    ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?

    មេ​ជីវិត​ឈ្មោល​មាន​រាប់​លាន​ក្បាល តែ​ក្នុង​ចំណោម​នោះ មាន​តែ​មេ​ជីវិត​មួយ​ប៉ុណ្ណោះ ដែល​អាច​បង្ក​កំណើត​បាន ខណៈ​ប្រុសៗ​ខ្លះ មាន​មេ​ជីវិត​មែន តែ​បើមេ​ជីវិត​មិន​គ្រប់​លក្ខណៈ ឬ​ខ្សោយ មិន​អាច​បង្ក​កំណើត​បាន​ទេ។ អ៊ីចឹង​ធ្វើ​ម៉េច​ចម្រាញ់​យក​មេ​ជីវិត​មួយ​ដែល​ល្អ​បំផុត លឿន និង​មាន​ថាមពល​គ្រប់​គ្រាន់ ចេញ​ពី​មេ​ជីវិត​រាប់​លាន មក​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញីបាន? ប្រធាន​ផ្នែក​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​កាល់ម៉ែត សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ថា របប​អាហារ និង​ការ​ញ៉ាំ​ពពួក​វីតាមីន-ជាតិ​រ៉ែ ដើរ​តួនាទី​សំខាន់​បំផុត។ ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន និង​ជាតិ​រ៉ែ ដែល​ជួយ​ឲ្យ​មេ​ជីវិត​ខ្លាំង។

    ១. ជាតិរ៉ែ

    សរីរាង្គ​ផ្លូវ​ភេទ​បុរស និង​មេ​ជីវិត​ឈ្មោល ត្រូវ​ការ​បរិមាណ​ជាតិរ៉ែ​ច្រើន បើ​សិន​ជា​ប្រុសៗ​ខ្វះ​ស័ង្កសី សេឡេញ៉ូម ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប គុណភាព​មេ​ជីវិត​ឈ្មោល​ខ្សោយ​ ប្រឈម​នឹង​បញ្ហា​អត់​កូន។ ប្រុសៗអាច​បន្ថែម​ជាតិ​រ៉ែ​ទាំង​នេះ​​ចូល​ក្នុង​ខ្លួន​​បាន តាម​រយៈ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​រ៉ែ និង​របប​អាហារ​ប្រចាំ​ថ្ងៃ មាន ស៊ុត សាច់​មាន់ អយស្ទ័រ ខ្ចៅ​ខ្យង សាច់​គោ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​សណ្ដែក។

    ២. វីតាមីន

    វីតាមីន A, C, E, B12 សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព និង​ជួយ​បង្កើន​គុណភាព​មេ​ជីវិត។ កង្វះ​វីតាមីន A ធ្វើ​ឲ្យ​​គុណ​ភាព​ទឹក​កាម អត្រា​បង្ក​កំណើត​ថយ​ចុះ។ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​នេះ​ ប្រុសៗ​អាច​ញ៉ាំ​​គ្រាប់​ធញ្ញជាតិ ការ៉ុត ដំឡូងជ្វា​ កូន​ស្ពៃ​ និង​ផ្កា​ខាត់​ណា។

    ចំណែក​វីតាមីន C ជួយ​ដល់​ការ​ផ្លាស់ទី​របស់​មេ​ជីវិត​ឈ្មោល​បាន​លឿន ហេតុ​នេះ​ប្រុសៗ​គ្នា​យើង ​គួរ​តែ​ញ៉ាំ​ស្ត្រប៊ើរី ផ្លែឈើ​មាន​រសជាតិ​ជូរ បន្លែ​ពណ៌​លឿង​បន្ថែម។ ការ​ផលិត ឬ​ផ្លាស់ទី​របស់​មេ​ជីវិត​ឈ្មោល ​អាច​កើន​ឡើង​ដោយ​សារ​វីតាមីន E និង B12 ដែល​សម្បូរ​ក្នុង​ផ្លែ​ឈើ និង​បន្លែ។ បន្ថែម​ពី​នេះ​ទៀត ប្រុស​ៗក៏​អាច​ញ៉ាំ​ពពួក​វីតាមីន​បន្ថែម​ ដើម្បី​ជួយ​បង្កើន​គុណ​ភាព​មេ​ជីវិត​ឈ្មោល​បាន​ដែរ។

    ៣- អាស៊ីដហ្វូលិក

    អាស៊ីដ​ហ្វូលិក សំយោគ​ចេញ​ពី​ពពួក​វីតាមីន B ម្យ៉ាង ឈ្មោះថា ហ្វូឡាត ដែល​វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ផ្ទៃពោះ។ ទោះ​ជា​បែប​នេះ​ក្តី អាស៊ីដ​ហ្វូលិក ក៏​ល្អ​ចំពោះ​សុខភាព​ប្រុសៗ​ដែល​ត្រៀម​យក​កូន​ដែរ ដោយ​ជួយ​បង្កើន​ចំនួន និង​គុណភាព​មេ​ជីវិត​ឲ្យ​ល្អ។ ប្រុសៗ​អាច​​ជួយ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​​កាន់​តែ​ខ្លាំង តាមរយៈ​ការ​ញ៉ាំ​​បន្លែ​ស្លឹក​បៃ​តង ផ្លែប៊ើរ សណ្ដែក ផ្លែ​ឈើ និង​ពពួក​គ្រាប់​ធញ្ញជាតិ។

    ៤. អាស៊ីដខ្លាញ់

    ត្រី​សាល់ម៉ុន ត្រីស្បៃកា ត្រី​សាឌីន និង​ត្រី​ធូណា​ សុទ្ធ​តែ​ជា​ប្រភព​អាស៊ីដខ្លាញ់​អូមេហ្កា ៣ ហើយ​សារធាតុ​នេះ​ អាច​ជួយ​ពង្រឹង​គុណ​ភាព​មេជីវិត​ឈ្មោល និង​ជួយ​បង្កើន​អារម្មណ៍ផ្លូវភេទ​កាន់​តែ​ពុះ​កញ្ជ្រោល ដោយ​សារវា​ធ្វើ​ឲ្យ​កម្រិត​ដូប៉ាមីន​ (Dopamine) ក្នុង​ខួរ​ក្បាល​កើន​ឡើង។ គ្រាប់​វ៉ល់ណាត់ ​ជា​ប្រភព​នៃ​អាស៊ីដ​អាល់ហ្វា​លីណូឡេអ៊ិច ( Alpha-linoleic acid)​ ដែលជា​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​​ជួយ​បង្កើន​មេជីវិត​ឈ្មោល រូបរាង​ និង​​ទ្រទ្រង់​ដល់​ការ​ផ្លាស់​ទី​របស់​មេ​ជីវិត​ឈ្មោល​បាន​កាន់​តែ​លឿន។

    ៥- សារធាតុ​លីកូប៉ែន (Lycopene)

    Lycopene ​គឺ​ជា​ការ៉ូតែន​ក្រហម​ស្រស់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ជួយ​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល។ សារធាតុ Lycopene សម្បូរ​​នៅ​ក្នុង​ប៉េង​ប៉ោះ ការ៉ុត ឪឡឹក។

    បន្ថែម​ពី​លើ​ពពួក​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ប៉ុន្មាន​មុខ​ខាង​លើ​នេះ លោក​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ណែនាំ​ឲ្យ​បុរសៗ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ កាត់​បន្ថយ​ស្ត្រែស និង​ធ្វើ​លំហាត់​ប្រាណ។ ពិសេស​កាត់​បន្ថយ និង​បោះ​ចោល​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​មេ​ជីវិត ដូចជា ​គ្រឿង​ស្រវឹង ជាតិ​កាហ្វេអ៊ីន បារី និង​ចៀស​វាង​ការ​អាហារ​កំប៉ុង ខ្លាញ់​ឆ្អែត ការ​ប៉ះពាល់​ជាមួយ​កាំរស្មី។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម