បញ្ហាស្ពឹកភ្នែក កើតឡើងនៅពេលដែលយើងខំប្រឹងសម្លឹងធ្វើការដោយសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទ អានសៀវភៅក្នុងរយៈពេលយូរ។ បញ្ហាស្ពឹកភ្នែកនេះ ជាបញ្ហាទូទៅមួយដែលគ្នាយើងក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿននេះ ងាយនឹងប្រឈម ដោយសារគ្រឿងអេឡិចត្រូនិចដ៏សម្បូរបែប។
ប៉ុន្តែ កុំបារម្ភ! វិធីជួយសម្រួលភ្នែកកុំឲ្យស្ពឹកក្រោយសម្លឹងកុំព្យូទ័រធ្វើការយូរ ឬលេង Facebook មើល Youtube ច្រើនទេ គ្នាយើងអាចចាប់ផ្ដើមធ្វើភ្លាមៗក្រោយអានអត្ថបទនេះចប់ ឬអានបណ្ដើរ ធ្វើបណ្ដើរក៏បាន៖
១.ធ្មេចភ្នែក- គ្នាយើងខ្លះពេលផ្ដោតអារម្មណ៍ធ្វើការខ្លាំងពេកទៅ មិនសូវបានធ្មេញភ្នែកទេ ដែលជាបញ្ហាអាចបណ្ដាលឲ្យភ្នែកស្ងួត។ យើងត្រូវដឹងថាការធ្មេចភ្នែកជួយឲ្យបង្កើតទឹកភ្នែកដែលផ្ដល់សំណើម និងធ្វើឲ្យភ្នែកយើងស្រស់ថ្លា។ ត្រូវធ្មេចភ្នែកខ្លួនឯងរាល់ ៤៤ វិនាទីម្ដង ដើម្បីជួយឲ្យភ្នែកមានសំណើមគ្រប់គ្រាន់ មិនក្ដៅ មិនក្រហាយ។
២.សម្រាកភ្នែក- ការដែលយើងខំធ្វើការងារជារឿងល្អ តែការដែលសម្លឹងអេក្រង់យូរពេកមិនមែនជារឿងល្អសម្រាប់ភ្នែកយើងទេ។ យើងគួរសម្រាកភ្នែកបន្តិច ទម្រេតខ្លួនលើកៅអីផ្អែក ហើយបិទភ្នែក ហើយគ្រលៀសភ្នែកឆ្វេងស្ដាំៗជារង្វង់។ ធ្វើរបៀបនេះ ម្ដងទៅ ២ ដងរាល់ម៉ោង ដើម្បីម៉ាស្សាគ្រាប់ភ្នែកឲ្យបានសម្រាក ផ្ដល់សំណើម និងកាត់បន្ថយសម្ពាធសាច់ដុំភ្នែក។
៣.បន្ថយពន្លឺអេក្រង់- សារេពន្លឺអេក្រង់ឲ្យភ្នែកយើងទទួលយកបាន។ កុំទម្លាប់បើកពន្លឺភ្លឺខ្លាំងពេក បើមិននៅកណ្ដាលវាល (ក្រោមពន្លឺថ្ងៃ)។
៤.កំណត់ម៉ោងមើលអេក្រង់- វិធីនេះអាចរំលឹកយើងឲ្យសម្រាកពីការសម្លឹងអេក្រង់បន្តិច សឹមបន្តការងារទៀត ហើយវាក៏សំខាន់ដែរសម្រាប់ក្មេងតូចៗដែលចូលចិត្តមើលតុក្កតាយូរៗ។ យើងអាចកំណត់ម៉ោងនៅលើកុំព្យូទ័រ ឬទូរស័ព្ទដោយរាល់៤០-៦០នាទី/ម្ដង សម្រាកភ្នែក៣-៥នាទី។ល។
៥.ងើបចេញ- ទោះជាអារម្មណ៍នៅនឹងការងារ ឬវីដេអូក្នុងអេក្រង់ក៏ដោយ ក៏ត្រូវងើបចេញពីតុ ឬដើរចេញពីអេក្រង់ទៅរកទឹក ឬកាហ្វេមួយកែវ ឈរញ៉ាំរបស់នេះ មើលនោះមួយស្របក់សិនដែរ។ សម្រាកតែប៉ុន្មាននាទី មិនហួសហេតុ ឬដាច់ភាគខ្លាំងពេកនោះដែរ។
ក្នុងករណីដែលយើងខំប្រឹងធ្វើតាមតិចនិកទាំងនេះ ឬច្រើនទៀតនៅតែមានបញ្ហាស្ពឹកភ្នែក គួរតែទៅជួប និងពិនិត្យជាមួយគ្រូពេទ្យត្រឹមត្រូវ ដើម្បីរកដំណោះស្រាយផ្សេងៗទៀតទាំងបែបធម្មជាតិ ឬវិទ្យាសាស្ត្រជាដើម។
[embed-health-tool-ovulation]