backup og meta

មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 05, 2021

    មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

    មនុស្ស​វ័យ​ចំណាស់​គួរ​ហាត់​ប្រាណ​កម្រិត​ណា​ទើប​ល្អ​ចំពោះ​សុខភាព? សម្រាប់​មនុស្ស​វ័យ​ចំណាស់ ការ​ហាត់ប្រាណ បញ្ចេញ​កម្លាំង​ពល​កម្ម​ប្រ​ចាំ​ថ្ងៃ​ជួយ​ផ្ដល់​ផល​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព​ផ្លូវ​កាយ និង​បញ្ញា​ស្មារតី​។

    ​​១. អត្ថប្រយោជន៍​

    មនុស្ស​វ័យ​ចំណាស់​​ដែល​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម និង​ចូល​ចិត្ត​នៅ​ស្ងៀម​ អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺសួត គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ លើស​សម្ពាធ​ឈាម ជំងឺ​ចាស់​វង្វេង និង​មហារីក​ ជា​ដើម។ ដូច​គ្នា​ដែរ បើ​​យើង​ជា​មនុស្ស​វ័យ​ចំណាស់ មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម ហើយ​មាន​របប​អាហារ​មិន​ត្រឹម​ត្រូវ​ទៀត​ នឹង​អាច​នាំ​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ធាត់​ផង​ដែរ​។​​

    ដើម្បី​បង្ការ​ខ្លួន និង​បន្ថយ​ហានិភ័យ​ពី​ជំងឺ​​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​គួរ​តែ​ហាត់​ប្រាណ​ជាប្រចាំ​។ ក្រៅពី​ជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខាង​លើ ការ​ហាត់​ប្រាណ​ក៏​ជួយ​ដល់​មនុស្ស​វ័យ​ចំណាស់​ឲ្យ​នៅ​មានសាច់​ដុំ​នៅ​រឹង​មាំ​ល្អ និង​ជួយ​ដល់​ការ​ចង​ចាំ​ផង​ដែរ​។

    ជា​ការ​ណែ​ណែ​នាំ​មនុស្ស​វ័យ​ចំណាស់​អាច​ហាត់​ប្រាណ​បែប​កម្រិត​មធ្យម​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​។ បើ​អាច​ហាត់​ប្រាណ​កម្រិត​ខ្លាំង​វិញ អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដា៍​។ ប៉ុន្តែ​បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រភេទ​លំហាត់​ប្រាណ និង​រយៈពេល​យើង​គួរ​ហាត់ មុន​នឹង​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ណាមួយ​។

    ហាត់ប្រាណវ័យចំណាស់

    ២. ប្រភេទ​លំហាត់​ប្រាណ​

    លំហាត់​ប្រាណ​កម្រិត​មធ្យម៖ លំហាត់​ប្រាណ​ប្រភេទ​នេះ​នឹង​បង្កើន​ចង្វាក់​បេះដូង​ ដក​ដង្ហើម​លឿន​ជាង​ធម្មតា និង​មាន​អារម្មណ៍​ថា​មាន​កម្ដៅ​ក្នុង​ខ្លួន​។ លំហាត់​ប្រាណ​ប្រភេទ​នេះ​រួម​មាន​ការ​ដើរ ជិះ​កង់ និង​រាំ ជា​ដើម​។ ដើម្បី​បាន​សុខ​ភាព​ល្អ មនុស្ស​វ័យ​ចំណាស់ គួរ​ហាត់​ឲ្យ​បាន​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។​

    ​លំហាត់​ប្រាណ​កម្រិត​​ខ្លាំង​៖ ជា​ប្រភេទ​លំហាត់​ប្រាណ​មួយ​នេះ​​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​កាន់តែ​ខ្លាំង និង​លឿន។ ជាទូទៅ​ការហាត់​ប្រាណ​កម្រិត​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ល្អ យើង​អាច​ហាត់​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍​។ លំហាត់​ប្រាណ​របៀប​នេះ​មាន រាំ​អេរ៉ូបិក រត់ ជិះ​កង់​លឿនៗ លេង​បាល់​ទាត់ ហែលទឹក​លឿន​ៗ និង​ឡើង​ភ្នំ​ជា​ដើម​។

    ជាទូទៅ​មនុស្ស​វ័យ​ចំណាស់​ ក៏​ដូច​ជា​មនុស្ស​ពេញ​វ័យ​ដែរ គួរ​តែ​ធ្វើ​ចលនា​​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ទោះ​ជា​សកម្មភាព​ស្រាល​ៗ​ដូច​ជា​ដើរ​ចុះ​ឡើង​ជុំវិញ​ផ្ទះ​ រៀបចំ​ផ្ទះ ឬ​ងើប​ឈរ​ចុះ​ឡើង​ជា​ដើម។ ចូរ​ចាំ​ថា ការ​បញ្ចេញ​កម្លាំង​ពល​កម្ម នៅ​ក្នុង​កម្រិត​ណា​ក៏​ដោយ សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាជាង​នៅ​ស្ងៀម​ ឬ​អង្គុយ​ស្ងៀម​មួយ​កន្លែង​យូរ​ម៉ោង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម