បង្ការបាត់បង់សាច់ដុំនៅវ័យចំណាស់ អនុវត្តតិចនិកទាំង ៦នេះ
នៅពេលយើងមានវ័យកាន់តែច្រើន កំហាប់ឆ្អឹង ក៏ដូចជាម៉ាសសាច់ដុំនឹងមានការថយចុះ។ ជាក់ស្ដែង ការថយចុះសាច់ដុំជាប់ឆ្អឹងនេះ ហៅថាជំងឺបាត់បង់សាច់ដុំ ហើយវាកើតឡើងចំពោះមនុស្សគ្រប់រូបនៅគ្រប់ពេលវេលាទាំងអស់។ ជំងឺបាត់បង់សាច់ដុំអាចនាំឲ្យមានភាពទន់ខ្សោយ និងបង្កើនហានិភ័យនៃការដួល និងបាត់បង់លទ្ធភាពធ្វើការងារផ្សេងៗ។ យ៉ាងណាមិញ ការផ្លាស់ប្ដូររបបអាហារ និងបែបបទរស់នៅសាមញ្ញមួយចំនួន អាចការពារការបាត់បង់សាច់ដុំបានយ៉ាងមានប្រសិទ្ធភាពនៅពេលដែលយើងមានវ័យកាន់តែចាស់។ ១. ញ៉ាំអាហារសំបូរជាតិប្រូតេអ៊ីន យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ជាទូទៅមនុស្សពេញវ័យបានបាត់បង់ម៉ាសសាច់ដុំប្រហែល៨%ជារៀងរាល់១០ឆ្នាំម្ដង ក្រោយអាយុ៤០ឆ្នាំ។ មូលហេតុចម្បងមួយនៃការបាត់បង់ម៉ាសសាច់ដុំនេះ គឺបណ្ដាលមកពីការញ៉ាំកាឡូរី ប្រូតេអ៊ីន និងអាស៊ីដអាមីណូមិនគ្រប់គ្រាន់។ សម្រាប់អ្នកដែលញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនច្រើន អាចបង្កើនការសំយោគប្រូតេអ៊ីនសាច់ដុំ ជាដំណើរការដែលកោសិកាប្រើប្រូតេអ៊ីន ដើម្បីបង្កើតសាច់ដុំឲ្យបានច្រើន។ អាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនរួមមានស៊ុត សាច់មាន់ ត្រី និងពពួកអាហារផ្សំពីទឹកដោះគោ។ ២. ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណទម្រង់ជំនួយដល់បេះដូង និងការលើកទម្ងន់ មានសារសំខាន់ណាស់ ពីព្រោះវាធ្វើឲ្យរាងកាយសកម្ម និងផ្ដល់សញ្ញាដល់សាច់ដុំឲ្យមានការលូតលាស់។ ដូចនេះ ចូរជ្រើសរើសលំហាត់ប្រាណដែលស័ក្ដិសម និងចំណាយពេលប្រហែល១៥០នាទី ទៅ ៣០០នាទីក្នុងមួយសប្ដាហ៍ បន្ថែមពីលើការលើកទម្ងន់ចំនួន៣ដងក្នុងសប្ដាហ៍ ដើម្បីបង្កើតសាច់ដុំ និងពង្រឹងកម្លាំង។ ៣. គេងឲ្យបានគ្រប់គ្រាន់ បន្ទាប់ពីហាត់ប្រាណរួច រាងកាយយើងត្រូវការពេលវេលាដើម្បីបង្កើនថាមពលឡើងវិញ តាមរយៈការគេង។ ហេតុនេះហើយ គ្នាយើងគប្បីគេងយ៉ាងហោចណាស់ឲ្យបាន៧ទៅ៩ម៉ោងក្នុងមួយយប់។ ៤. បន្តញ៉ាំកាបូអ៊ីដ្រាត ប្រសិនបើយើងមិនញ៉ាំកាបូអ៊ីដ្រាតទេនោះ យើងនឹងមានអារម្មណ៍ថាខ្សោយថាមពលជាញឹកញាប់ព្រមទាំងមិនមានកម្លាំងក្នុងការលើកទម្ងន់ ក៏ដូចជាបង្កើតម៉ាសសាច់ដុំឡើយ។ ជំនួសឲ្យការញ៉ាំគ្រាប់ធញ្ញជាតិចម្រាញ់ ដែលខ្វះវីតាមីន និងជាតិសរសៃ ព្រមទាំងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ចូរញ៉ាំពពួកគ្រាប់ធញ្ញជាតិទាំងមូល ដំឡូងជ្វា សណ្ដែក […]