យើងគ្រប់គ្នា ប្រហែលធ្លាប់ឃើញហើយ មនុស្សចាស់មួយចំនួន គ្រាន់តែឈានដល់វ័យ ៧០ឆ្នាំឡើងទៅ មានការភ្លេចភ្លាំងច្រើនណាស់ ខ្លះដល់ថ្នាក់ភ្លេច លែងស្គាល់កូនចៅ ឬសាច់ញាតិក៏មានដែរ។ ចំណែកយើងគ្រប់គ្នា ច្បាស់ណាស់មិនចង់ឃើញសាច់ញាតិណាមួយរបស់យើង ជួបបញ្ហាភ្លេចភ្លាំងបែបនេះទេ ។
បើមិនចង់ដូច្នេះ យើងគួរបង្កើនទំនាក់ទំនងជាមួយគាត់ឲ្យបានច្រើន កុំទុកគាត់ចោលឲ្យនៅតែផ្ទះ ឲ្យគាត់ចូលរួមក្នុងទំនាក់ទំនងសង្គម ព្រោះការសិក្សាមួយរបស់អង់គ្លេស រកឃើញថា ទំនាក់ទំនងសកម្មរបស់មនុស្សចាស់ អំឡុងវ័យ ៥០ឆ្នាំ និង ៦០ឆ្នាំ ជួយបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង។
ការសិក្សានេះ ធ្វើឡើងដោយសាកលវិទ្យាល័យ University College London របស់អង់គ្លេស ដោយមានអ្នកចូលរួម ១០.២២៨នាក់ ដោយសាកសួរអំពីភាពញឹកញាប់របស់ពួកគេ ក្នុងការទំនាក់ទំនងជាមួយពួកម៉ាក និងសាច់ញាតិ។ អ្នកស្រាវជ្រាវ រកឃើញថា ការបង្កើនទំនាក់ទំនងសង្គម នៅវ័យ ៦០ឆ្នាំ ពាក់ព័ន្ធយ៉ាងសំខាន់ ជាមួយហានិភ័យទាប នៃការកើតជំងឺភ្លេចភ្លាំង នៅវ័យបន្ទាប់ទៀត។ “អ្នកដែលជួបពួកម៉ាក់រាល់ថ្ងៃ នៅវ័យ ៦០ឆ្នាំ ប្រឈមនឹងជំងឺភ្លេចភ្លាំង តិចជាង ១២% បើធៀបនឹងអ្នកជួបពួកម៉ាក់ ១ ឬ ២នាក់ ក្នុងរយៈពេល ២-៣ខែ/ម្ដង“។
អត្ថបទពាក់ព័ន្ធ៖ បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង
អ្នកដឹកនាំការសិក្សា Gill Livingston បញ្ជាក់ថា មនុស្សដែលភ្ជាប់ទំនាក់ទំនងសង្គម កំពុងហ្វឹកហាត់ជំនាញមុខងារចងចាំ ដូចជា ការចងចាំ និងភាសា ដែលប្រហែលអាចជួយពួកគេរក្សាការចងចាំ។ ការរក្សាមុខងារចងចាំ អាចជួយមនុស្ស ដោះស្រាយបានប្រសើរជាមួយផលប៉ះពាល់នៃការវិវត្តវ័យ និងពន្យារការកើតជំងឺភ្លេចភ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]