ក្នុងនាមជាអ្នកថែទាំកំដរមនុស្សចាស់គឺជារឿងធម្មតាទេ ប៉ុន្តែការស្វែងយល់ដឹងរបៀបធ្វើកិច្ចការនេះឲ្យបានល្អអាចនឹងមានឧបសគ្គដែលត្រូវជំនះខ្លាំងបន្តិច។ អត្ថបទនេះនឹងផ្តល់ដល់អ្នកនូវគំនិតគន្លឹះមានប្រយោជន៍ខ្លះៗសម្រាប់ការថែទាំបានយ៉ាងជោគជ័យនៃមនុស្សចាស់។ សូមពិនិត្យមើលវា និងកត់ចំណាំទុក។
១- #ព័ត៌មានត្រូវដឹងពីមនុស្សចាស់
រឿងសាមញ្ញបំផុតក្នុងនាមជាអ្នកថែទាំ ឬគ្រូពេទ្យ គួរដឹងពីអ្នកជំងឺ គឺព័ត៌មានផ្ទាល់ខ្លួនអ្នកជំងឺ និងប្រវត្តិជំងឺ និងរបាយការណ៍ ឬប្រវត្តិថ្នាំដែលប្រើ។ រក្សាទុកជាប់ខ្លួននូវព័ត៌មាន(ចុងក្រោយបង្អស់ទាក់ទងនឹងផ្នែកថ្នាំ ឬជំងឺ) ចាំបាច់ខ្លះៗអំពីអ្នកជំងឺវ័យចាស់ រួមមាន៖
-ថ្ងៃខែឆ្នាំកំណើត
-បញ្ជីរាយនាមឱសថដែលកំពុងប្រើប្រាស់
-ព័ត៌មានពីការធានារ៉ាប់រងសុខភាព អាចជាកាត ឬលេខប័ណ្ណធានា
-លេខទូរស័ព្ទវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក មន្ទីរពេទ្យ ឬគ្លីនិកព្យាបាលដែលថែទាំ ឬការព្យាបាល អ្នកជំងឺ។
២- #ផ្តល់ការថែទាំពីចម្ងាយ
អាចតឹងចិត្តបន្តិច ពេលយើងមិននៅទីនោះជាប់នឹងមនុស្សជាទីស្រឡាញ់ (ចាស់ៗ) ដែលត្រូវថែ ដូចជាប៉ាម៉ាក់ ឬយាយកុងជាដើម។ ពេលវេលានៅជិត ហើយថែទាំដោយផ្ទាល់ជារឿងសំខាន់ ប៉ុន្តែការងារខ្លះ ឬជំនួញខ្លះពិតជារុញអ្នកឲ្យទៅឆ្ងាយបាន។ ការបារម្ភនៅតែមាន ចឹងទោះនៅឆ្ងាយតែគន្លឹះខ្លះៗដែលអាចប្រើ រួមចំណែកអាច៖
-កុំស្ងាត់៖ ខលទូរសព្ទ ឬប្រើបណ្ដាញសង្គមវីដេអូខលមកដោយផ្ទាល់ ផ្ញើសារ ឬទាក់ទងអ្នកនៅក្បែរថែទាំ ហើយសុំជួបជាដើម។
-ឆ្លៀតពេល៖ រវល់ប៉ុណ្ណាក៏ដោយសំខាន់ ឆ្លៀត។ មកដោយផ្ទាល់នៅជារឿងអាទិភាព ដើម្បីបានឃើញស្នាមញញឹម ដែលចាស់ៗចង់ឃើញ។
៣- #ដាក់ខ្លួន
បើសិនការងារយើងពាក់ព័ន្ធនឹងការថែទាំមនុស្សចាស់ ឬជាតួនាទីក្នុងគ្រួសារ ពិតជាសំខាន់ និងចាំបាច់ណាស់ ក្នុងការដាក់ខ្លួន ប្រយ័ត្នការនិយាយស្ដី ឬអាចលេងសើចបានពេលខ្លះ និងការយកចិត្តទុកដាក់ខ្ពស់ បូករួមទាំងការប្រុងប្រយ័ត្ន ឲ្យមែនទែន។
៤- #ងូតទឹក
-អត់ធ្មត់
-រៀបចំបន្ទប់ទឹកមុនពេលងូតទឹក ឬទឹកផ្កាឈូក
-កុំបណ្តោយឲ្យចាស់ៗ នៅតែម្នាក់ឯងក្នុងបន្ទប់ទឹក
-ត្រូវប្រាកដចិត្តថា ការរៀបចំ ងូតទឹកសម្អាតរបស់យើងសម្រាប់ចាស់ៗ មិនបានបញ្ហា ឬការរំខាន
-គួរសួរ ឬប្រាប់ជាមុនថា ដល់ពេលងូតទឹកហើយ ឬប្រាប់មុនថា យើងចង់ធ្វើអី ដូចជា ដុសលាង ប្រើសាប៊ូ ជាដើម
-រៀបចំគ្រប់របស់របរដែលចាំបាច់ទាំងអស់ដូចជា កន្សែង សម្លៀកបំពាក់ ដើម្បីកុំឲ្យចាស់ៗពិបាកឈោង ដាក់ឲ្យកៀក ងាយលូកយក។
៥- #ថែស្បែកនិងក្រចក
ការថែទាំស្បែក និងក្រចកគឺចាំបាច់ចំពោះសុខភាពណាស់។ យូរៗទៅ ស្បែកអាចប្រែក្លាយជាស្ងួត ជ្រីវជ្រួញ ហើយស្នាមអាចម៍រុយអាចលេចចេញមក។ ក្រចកដែលដុះចាក់ចូលសាច់ក៏អាចជះឥទ្ធិពលផងដែរដល់ជីវិតរបស់គាត់។
-ចៀសវាងសាប៊ូខ្លាំងៗ និងទឹកក្តៅ ព្រោះរបស់ទាំងនេះបណ្តាលឲ្យស្បែកបាត់បង់ជាតិទឹកបាន
-ជានិច្ចកាលកាត់ក្រចកកាត់ទទឹងឲ្យត្រង់ ហើយកុំកាត់ច្រើនពេក ខ្លាចបង្ករបួស(មុត) ឬដល់សាច់ខ្ចី
-ផលិតផលផ្តល់សំណើម(ក្រែម/ឡេ) អាចជួយកាត់បន្ថយភាពស្ងួតស្បែកបាន។ គួរប្រើរាល់ថ្ងៃ ជាពិសេសនៅកែងដៃ ជង្គង់ និងបាតជើង។
៦- #ថែទាំសក់
ការថែទាំ សម្អាត សិត ឬកាត់ ធ្វើម៉ូដអីជាដើមហ្នឹង មិនមែនចាំតែក្មេងៗទេ។ ចាស់ៗ ក៏ត្រូវការដូចគ្នា។ ចំពោះករណីកាត់សក់ ព្រោះចាស់ៗបើកាត់ គឺភាគច្រើន ខ្លីៗ។ បើគ្រាន់តែកាត់យកខ្លី មិនចាំបាច់ម៉ូដ គួរព្យាយាមកាត់ខ្លួនឯង (យើងអ្នកកាត់) ឬបើមានពេល ឬចង់ស្អាតបន្តិច គួរយកទៅហាងកាត់ ព្រោះអាចឆ្លៀតម៉ាស្សាក្បាល ឬកក់សក់បានខ្លះផង។
៧- #ដុសធ្មេញ
ធ្មេញមានសារៈសំខាន់សម្រាប់លក្ខណៈភិនភាគរូបរាង ការនិយាយស្តី និងការបរិភោគ។ ការថែទាំធ្មេញអាចនឹងកាន់តែងាយស្រួលពេលអ្នកធ្វើតាមគំនិតគន្លឹះទាំងនេះ៖
-ច្រាសដុសធ្មេញទន់ កាន់តែល្អ កាន់តែមានប្រយោជន៍
-ពិនិត្យ ឬថែទាំ(សម្អាត) ប្រចាំ ហោចណាស់ ៦ខែ ម្ដង
-ដុសធ្មេញឲ្យ បើសិន ចាស់ៗ មិនអាចកាន់ដុសខ្លួនឯងបានល្អ
-កំណត់ពេលាដុសធ្មេញ ឬរំលឹកថា ដល់ម៉ោងដុសធ្មេញហើយ
-បើមានសញ្ញា ឬតម្រុយបញ្ជាក់ថា មិនស្រួលក្នុងមាត់ ប្រញ៉ាប់ យកទៅទន្តពេទ្យ ពិនិត្យភ្លាម
-កុំតឹងរឹងពេក បើសិនជាចាស់ៗ ដាច់អហិង្ការមិនព្រមដុសធ្មេញ កុំជំរុញខ្លាំងពេក រំលងខ្លះទៅ ចាំលើកក្រោយចាំព្យាយាម សាកម្ដងទៀង។
អត់ស្រួលទេ រឿងថែទាំចាស់ៗ ហើយទាមទារភាពឧស្សាហ៍ ការព្យាយាម និងអំណត់ខ្ពស់។ ដើរតួនាទីឲ្យបានល្អ(បើយើងជាអ្នកធ្វើការផ្នែកនេះ) ឬជាតួនាទីដ៏សំខាន់បំផុត បើយើងជាកូន ជាចៅ មើលថែមនុស្សជាទីស្រឡាញ់របស់យើង។ នេះជាការតបស្នងសងគុណ ដ៏ល្អ បំផុត ដែលយើងបានធ្វើ។ មិនមានមនុស្សច្រើនទេ ដែលព្រមលះបង់ និងលំបាកដូចយើង ទោះជាបងប្អូនក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]