backup og meta

​​​ស្ងួត​មាត់​ក្រោយ​ភ្ញាក់​ពី​គេង​ តាម​ពិត​មក​ពី​មូលហេតុ​ទាំង​នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 24, 2020

    ​​​ស្ងួត​មាត់​ក្រោយ​ភ្ញាក់​ពី​គេង​  តាម​ពិត​មក​ពី​មូលហេតុ​ទាំង​នេះ​

    ​​មាត់​ស្ងួត​ខ្លាំង​ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជាច្រើន។​ ជា​ទូទៅ​ អាការៈ​ស្ងួត​មាត់​នេះ​ កើតឡើង​នៅ​ពេល​ដែល​​យើង​មាន​​ទឹក​មាត់​មិន​គ្រប់គ្រាន់​​ ឬ​​​ចេញ​ទឹក​មាត់​តិចតួច​ (Hyposalivation) ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​និយាយ​ ឬ​​លេប​ទឹក​មាត់​ ។​ ​​​នៅ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​​​ យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​អំពី​​មូលហេតុ​​បង្ក​ឲ្យ​បាន​ច្បាស់លាស់​​ និង​​រក​វិធីសាស្ត្រ​​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ យ៉ាងណាមិញ​ មូលហេតុ​ទាំង​៦​ខាងក្រោម​នេះ​ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ស្ងួត​មាត់​ផង​ដែរ​។

    . ប្រើប្រាស់​ថ្នាំ​

    ថ្នាំ​មួយ​ចំនួន​ ដែល​យើង​កំពុង​តែ​ប្រើប្រាស់​ ក៏​អាច​បង្ក​ឲ្យ​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដូចជា​ថ្នាំ​​ប្រឆាំង​នឹង​ការ​ថប់បារម្ភ​ ធ្លាក់​ទឹក​ចិត្ត ឬ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ជាដើម​។ ប្រសិនបើ​យើង​​តែងតែ​​ជួប​នឹង​បញ្ហា​នេះ​ បន្ទាប់​ពី​យើង​ចាប់ផ្ដើម​ប្រើប្រាស់​ថ្នាំ​ថ្មីៗ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ទទួល​បាន​​​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​​។

    . ដកដង្ហើម​តាម​មាត់​​​

    ​​​ជាមួយ​គ្នា​​នេះ​ដែរ​ ប្រសិនបើ​យើង​ដកដង្ហើម​តាម​មាត់​ ជាពិសេស​នៅ​ពេល​ដែល​យើង​គេង​លក់​ វា​​ក៏​អាច​នាំ​ឲ្យ​យើង​​មាន​ទឹកមាត់​តិចតួច​ដែរ​។ ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​​ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ ឬ​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​យើង​​តែងតែ​ដកដង្ហើម​តាម​មាត់​​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏​អាច​ភ្ញាក់​ពី​គេង​ ជាមួយ​នឹង​អាការៈ​ស្ងួត​មាត់​ខ្លាំង​​ផង​ដែរ​ ប្រសិន​បើ​យើង​មាន​ទម្លាប់​​គេង​ស្រមុក​​​។

    . ជក់បារី​ ឬ​ផឹក​ស្រា

    ការ​ជក់បារី​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​សួត​ប៉ុណ្ណោះ​ទេ​ វា​ក៏​​​អាច​​កាត់​បន្ថយ​នូវ​ការ​ផលិត​ទឹក​មាត់​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ងួត​មាត់។​ តាម​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ជក់​​បារី​ចំនួន​៣៩​% គឺ​តែងតែ​កើត​មាន​បញ្ហា​ស្ងួត​មាត់​នេះ​​។​ ​មួយ​វិញ​ទៀត​ ជាតិ​អាកុល​​នឹង​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ ព្រម​ទាំង​​​ស្ងួត​មាត់​ជា​ប្រចាំ​។​

    ការស្ងួតមាត់

    . ជំងឺ​ទឹក​នោម​ផ្អែម​​​

    សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ឬ​​មក​ពី​ថ្នាំ​ដែល​យើង​ប្រើប្រាស់​សម្រាប់​ទប់ទល់​នឹង​​ជំងឺ​​មួយ​ប្រភេទ​នេះ​។ ​ហេតុនេះ​ហើយ​ ចូរ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ​ និង​​​​ទៅ​ពិនិត្យ​សុខភាព​​ឲ្យ​បាន​​ទៀងទាត់​​។​

    . កង្វះ​ជាតិ​ទឹក

    ​​នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ រាងកាយ​ ក៏​ដូចជា​មាត់​របស់​យើង​នឹង​ខ្វះ​ជាតិ​ទឹក​។​ ​ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច​៨​កែវ​​ក្នុង​មួយ​ថ្ងៃ។​

    . ជំងឺ​បាត់​ការ​ចងចាំ​មនុស្សចាស់ (Alzheimer’s disease)

    ជំងឺ​បាត់​ការ​ចងចាំ​មនុស្ស​ចាស់​ ក៏​អាច​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សមត្ថភាព​​ក្នុង​ការ​ផ្ដល់​ជាតិ​ទឹក​​ដល់​ខ្លួន​ឯង​ ឬ​ការ​ទំនាក់ទំនង​ជាមួយ​នឹង​​មនុស្ស​ផ្សេង​ទៀត​ ដោយ​សារ​តែ​យើង​ត្រូវ​ការ​ញ៉ាំ​ទឹក​​ជាប់​​ជានិច្ច​។​ ​កត្តា​នេះ​ នឹង​នាំ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ ក៏​ដូចជា​បង្ក​ឲ្យ​មាន​អាការៈ​ស្ងួត​មាត់​នៅ​ពេល​ព្រឹក​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម