backup og meta

កំហុសទាំង៦ អាចកើតឡើងទាក់ទងនឹង​ការថែទាំធ្មេញ

កំហុសទាំង៦ អាចកើតឡើងទាក់ទងនឹង​ការថែទាំធ្មេញ

ស្នាម​ញញឹម​ស្រស់​ស្អាត នឹង​ធ្វើ​ឲ្យ​គ្នា​យើង​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ក៏​ដូចជា​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​។​ ពិត​ណាស់​ ការ​​​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​។​ យ៉ាង​ណា​មិញ​ ការ​​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​​ត្រឹមត្រូវ​ដោយ​ខ្លួន​ឯង គឺ​ជា​រឿង​ដែល​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​

ដូច្នេះ​ហើយ​ ដើម្បី​ធានា​ថា​​ធ្មេញ​​របស់​យើង​មាន​សភាព​ស​ស្អាត​​ និង​មាន​សុខភាព​ល្អ​ ចូរ​ជៀសវាង​កំហុស​ឆ្គង​ក្នុង​ការ​ដុស​ធ្មេញ​ទាំង​៦​នេះ​។

១. ​​ដុស​ធ្មេញ​មិន​ត្រឹមត្រូវ​

​​​​​​​ការ​​ដុស​សម្អាត​ធ្មេញ​ត្រឹមត្រូវ​​ គឺ​ជា​គន្លឹះ​ក្នុង​ការ​​​ការពារ​​ជំងឺ​ពុក​ធ្មេញ​ និង​​ប្រហោង​ធ្មេញ​។​ ​គ្នា​យើង​គប្បី​​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​ និង​ដុស​​សម្អាត​ធ្មេញ​ថ្នម​ៗ​​ជា​រង្វង់​ចុះ​ឡើង។​ ​បន្ថែម​ពី​នេះ​ ​ចូរ​ខ្ជាក់​​​ថ្នាំ​ដុស​ធ្មេញ​ដែល​នៅ​សល់​​ចេញ​ ប៉ុន្តែ​មិន​ចាំបាច់​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹក​ឡើយ​ ពីព្រោះ​​​​វា​អាច​នឹង​ធ្វើ​ឲ្យ​ជាតិ​ផ្លអូរ៉ាយ​​​ដែល​នៅ​សល់​​​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​ខូច​ធ្មេញ​ ត្រូវ​​បាន​បាត់បង់​។

២. ប្រើប្រាស់​ច្រាស​​ដុស​ធ្មេញ​រយៈពេល​យូរ​

ជាមួយ​គ្នា​នេះ​ដែរ​ ច្រាស​ដុស​ធ្មេញ​មិន​អាច​ប្រើប្រាស់​រយៈ​ពេល​យូរ​បាន​ឡើយ​។​ បន្ទាប់​ពី​យើង​ប្រើ​វា​ចំនួន​២០០​ដង​ សរសៃ​ច្រាស​នឹង​ចាប់ផ្ដើម​សឹក​ ​និង​រីកមុខ​​។​ ច្រាស​ភាគ​ច្រើន​មាន​អាយុកាល​ប្រហែល​៣​ខែ​ប៉ុណ្ណោះ​។​ ដូច​នេះ​ហើយ​ យើង​គប្បី​ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​ នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​ថា​​សរសៃ​ច្រាស​ចាប់ផ្ដើម​រីក​មុខ​​ ​ពីព្រោះ​​នៅ​ពេល​ដែល​សរសៃ​ច្រាស​​​រីកមុខ​ វា​នឹង​មិន​អាច​ចូល​ចន្លោះ​តូច​ៗ​នៃ​ធ្មេញ​ ធ្វើ​ឲ្យ​កំណក​កំបោរ​ដែល​នៅ​ក្នុង​មាត់​ពិបាក​ក្នុង​ការ​សម្អាត​ចេញ​។​ ​បន្ថែម​ពី​នេះ​ បាក់តេរី​ និង​កម្ទេចកំទី​អាហារ​ក៏​ចាប់ផ្ដើម​កកើត​ឡើង​នៅ​លើ​​ច្រាស​ដុសធ្មេញ​​ផង​ដែរ​ ប្រសិនបើ​វា​​មាន​សភាព​ចាស់​ពេក​។

​៣. មិន​សម្អាត​អណ្ដាត​

​​បាក់តេរី​ដែល​​កំពុង​រស់នៅ​លើ​អណ្ដាត​របស់​យើង​ ​ជា​ហេតុ​នាំ​ឲ្យ​​មាន​ក្លិន​មាត់​មិន​ល្អ​។​ នៅ​ពេល​ដែល​យើង​​ដុស​សម្អាត​ធ្មេញ​ ចូរ​​​កោស​សម្អាត​បាក់តេរី​នៅ​លើ​អណ្ដាត​ជាមួយ​នឹង​ឧបករណ៍​​សម្អាត​​អណ្ដាត​ដាច់​ដោយ​ឡែក​ ឬ​​នៅ​លើ​ខ្នង​​ច្រាស​ដុស​ធ្មេញ​​តែ​ម្ដង​។​

៤. មិន​ប្រើ​អំបោះ​ទាក់​ធ្មេញ

បន្ថែម​ពី​នេះ​ ​​ការ​មិន​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀងរាល់​ថ្ងៃ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​យើង​​ដូច​គ្នា។​ ​ទោះ​បី​ជា​យើង​​ព្យាយាម​ដុស​ធ្មេញ​​ឲ្យ​សព្វ​កន្លែង​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​សម្អាត​ឲ្យ​​បាន​ស្អាត​១០០%​ឡើយ​​ ​ដែល​ធ្វើ​ឲ្យ​កំណក​កំបោរ​កកើត​ឡើង​។​ ​​ពិត​ណាស់​ កំណក​កំបោរ​អាច​​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ​ដ៏​ធ្ងន់ធ្ងរ​ ដូចជា​រលាក​អញ្ចាញ​ធ្មេញ​ និង​ឬសប្រហោង​ធ្មេញ។​

ដុសធ្មេញ

៥. ដុស​សម្អាត​ធ្មេញ​​ភ្លាមពេក​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​

​​​​​​​​​គ្នា​យើង​ភាគ​ច្រើន​​​តែងតែ​ដុស​ធ្មេញ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​រួច​។​ ​យ៉ាង​ណា​មិញ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ កម្រិត​pH​នៅ​ក្នុង​មាត់​​នឹង​​ធ្លាក់​ចុះ​ ហើយ​បរិមាណ​អាស៊ីដ​នៅ​ក្នុង​ទឹក​មាត់​កើន​ឡើង​។​ ការ​ដុស​សម្អាត​ធ្មេញ​ភ្លាម​​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ អាច​​ត្រដុស​អាស៊ីដ​ទាំង​នោះ​​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​កាចា​ធ្មេញ​ ក៏​ដូចជា​​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខូច​​នៅ​ថ្ងៃ​ខាង​មុខ​។​ យ៉ាង​ហោច​ណាស់​ គ្នា​យើង​គប្បី​រង់ចាំ​ប្រហែល​៣០​នាទី​សិន​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ចាំ​ធ្វើការ​​ដុស​ធ្មេញ​ជា​ក្រោយ​។​

៦. សម្អាត​ធ្មេញ​រយៈពេល​ខ្លី​ពេក​

​​​​ការ​ដុស​ធ្មេញ​មួយ​ថ្ងៃ​ពីរ​ដង​ និង​មាន​រយៈពេល​យ៉ាង​ហោច​ណាស់​២​នាទី​ជា​រៀងរាល់​ថ្ងៃ​ គឺ​មាន​សារសំខាន់​ណាស់​។​ ​ប្រសិនបើ​យើង​ដុស​ធ្មេញ​តិច​ជាង​នេះ ​វា​អាច​ធ្វើ​ឲ្យ​បាក់តេរី​កកើត​ឡើង​ ដែល​​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព​មាត់​ធ្មេញ​។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ដុស​ធ្មេញ​ច្រើន​ជាង​៣​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​បំផ្លាញ​អញ្ចាញ​ធ្មេញ​របស់​យើង​ ព្រម​ទាំង​អាច​​បណ្ដាល​ឲ្យ​សឹក​កាចា​ធ្មេញ​របស់​យើង​ដូច​គ្នា​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.thorntonparkdentalarts.com/avoid-these-6-common-brushing-mistakes/

https://www.livestrong.com/article/13764039-proper-tooth-brushing-mistakes/

កំណែ​ប្រែបច្ចុប្បន្ន

10/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដុសធ្មេញញឹកញាប់ទំនងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

ដុសធ្មេញមិនបានទៀងទាត់ អាច​នឹងមាន​អ្វីកើតឡើង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម