backup og meta

របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ
    ទម្លាប់រស់នៅប្រចាំថ្ងៃជះឥទ្ធិពលខ្លាំងទៅលើសុខភាព ជាពិសេសមាត់ធ្មេញ។ បញ្ហាកាន់តែច្រើនចំពោះអ្នកធ្វើការក្នុងអូហ្វីស ដោយសាររវល់ការងារ អត់មានពេលដុសធ្មេញ ខណៈរបស់ញុំា ដូចជា ម្ជូរ កាហ្វេ សម្បូរជាតិអាស៊ីដ ធ្វើឲ្យខូចស្រទាប់ការពារធ្មេញ។
     
    នេះជាជំងឺមាត់ធ្មេញដែលឧស្សាហ៍ជួប និងរោគសញ្ញាមាន៖
     
    ១- #ពុកធ្មេញ
     
    មនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ មកពីមានកំណកកំបោរជាប់ធ្មេញច្រើន បង្កើតជាអាស៊ីដទៅកម្ចាត់ស្រទាប់ការពារធ្មេញ។ ជាពិសេស អ្នកជក់បារីអាចកើតជំងឺនេះច្រើន។
     
    – ការពារ និងព្យាបាល៖ ដុសធ្មេញឲ្យទៀងទាត់ និងប្រើអំបោះទាក់ចន្លោះធ្មេញ កន្លែងដែលច្រាសដុសមិនដល់។ ពិនិត្យធ្មេញយ៉ាងហោច ២ ដង ក្នុងមួយឆ្នាំ ដើម្បីសម្អាតកំបោរ បើមានរោគពុកធ្មេញ ត្រូវរប៉ះធ្មេញ ហើយបើធ្មេញខូចខ្លាំង ពេទ្យអាចដកធ្មេញចេញ ឬស្រោបដាក់ធ្មេញថ្មីជំនួស។
     
    ២- #អញ្ចាញធ្មេញ
     
    ជំងឺអញ្ចាញធ្មេញ បែងចែកទៅតាមកម្រិត ដូចជា ហើម ហូរឈាមតិចៗរហូតបាក់ធ្មេញ។ វាកើតឡើង ដោយសារការរលាកអញ្ចាញធ្មេញ បង្កដោយកំបោរដែលជាជម្រកបាក់តេរី។ មូលហេតុនេះធ្វើឲ្យរង្គើធ្មេញ ដោយសារការស្រកអញ្ចាញធ្មេញ ហើយបើមានឡើងខ្ទុះ ត្រូវប្រើថ្នាំព្យាបាល។
     
    – ការពារ និងព្យាបាល៖ បើអញ្ចាញធ្មេញមានបញ្ហា ទាមទារកោសសម្អាតទាំងក្បាលធ្មេញ និងជើងធ្មេញដើម្បីបំបាត់កំបោរក្រោមអញ្ចាញធ្មេញ។ ធ្វើបែបនេះនឹងបង្ការបាក់តេរីកុំឲ្យកើតវិញ និងធ្វើឲ្យអញ្ចាញធ្មេញឆាប់ជា។
     
    ៣- #ជំងឺឆ្លង
     
    ជំងឺឆ្លងដែលឧស្សាហ៍ជួបប្រទះក្នុងជំងឺមាត់ធ្មេញ គឺជំងឺរើម ដែលឆ្លងតាមការប៉ះនឹងវីរុស ( herpes simplex virus)។ ចំពោះអ្នកជំងឺអេដស៍ ឆ្លងតាមពពួកផ្សិត និងវីរុស ដូចជា ធ្វើឲ្យមានពងបែកនៅលើមាត់ ឬក្រោមអណ្ដាត និងជាលិកាថ្ពាល់។ ប្រយ័ត្នឲ្យបានខ្ពស់ បើយើងកំពុងមានជំងឺឆ្លង ព្រោះអាចចម្លងរោគផ្សេងៗទៀតបាន។
     
    – ការពារ និងព្យាបាល៖ គ្រប់គ្រងពងបែកពីដំណាក់កាលដំបូង ដើម្បីបង្ការកុំឲ្យវិវត្តទៅជាពងបែកធំ ឬរាលដាលដល់ផ្នែកផ្សេងទៀតក្នុងមាត់។ បើឃើញមានដំបៅ គួរប្រើថ្នាំបំបាត់ការឈឺចាប់ និងប្រើទឹកខ្ពុរមាត់ដើម្បីឲ្យដំបៅឆាប់ជា។
     
    ៤- #របួសឬប៉ះមុខរបួស
     
    វាមិនមែនជាជំងឺ ប៉ុន្តែយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក WHO កុមារលើសពី ៤០% រងរបួស ឬការប៉ះទង្គិច ពេលពេញវ័យ។ របួសទាំងនេះអាចបណ្ដាលមកពីឧប្បត្តិហេតុ និងការប្រើអំពើហិង្សា។
     
    – ការពារ និងព្យាបាល៖ របួសមាត់ធ្មេញច្រើនកើតឡើង ពេលលេងកីឡា អ៊ីចឹងគួរពាក់ឧបករណ៍ការពារធ្មេញ។ បើមានរបួសប៉ះមាត់ធ្មេញ គួរព្យាបាលជាបន្ទាន់ ព្រោះពេទ្យអាចដាក់ធ្មេញឲ្យប្រើបាន អំឡុងពេល ៣០ នាទីដំបូង រហូតដល់ ២ ម៉ោង បន្ទាប់ពីមានឧប្បតិ្តហេតុ។ គួរលាងសម្អាតរណ្ដៅធ្មេញជាមួយទឹកស្អាត និងប្រញាប់ជួបពេទ្យ។
     
    ៥- #ជំងឺមហារីកមាត់ធ្មេញ
     
    ជំងឺមហារីកមាត់ធ្មេញកើនឡើងរៀងរាល់ឆ្នាំ បើយោងតាមរបាយការណ៍មូលនិធិមហារីកមាត់ធ្មេញ។ យើងត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះជំងឺមហារីកមាត់ធ្មេញមិនមានរោគសញ្ញាច្បាស់លាស់ក្នុងដំណាក់កាលដំបូងទេ។
     
    – ការពារ និងព្យាបាល៖ ការព្យាបាលជំងឺមហារីកមាត់ធ្មេញ មានតែវះកាត់ បន្ទាប់មកបន្តការព្យាបាលតាមវិទ្យុសកម្ម និងប្រើថ្នាំគីមី ដើម្បីព្យាបាលកោសិកាមហារីកដែលនៅសេសសល់ ឬបង្ការកុំឲ្យក្លាយទៅជាដុំមហារីកកាច។
     
    ជំងឺមហារីកមាត់ធ្មេញអាចបង្ការបាន បើយើងមានអនាម័យមាត់ធ្មេញល្អ។ បើមានបញ្ហាមាត់ធ្មេញ ចំណុចណាមួយគួរទៅជួបពិគ្រោះជាមួយពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យត្រឹមត្រូវ។
     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម