backup og meta

ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ Nov 27, 2019

    ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន

    សកម្មភាព​មិន​ល្អ​មួយ​ចំនួន​អាច​បំផ្លាញ​ស្នាម​ញញឹម និង​គុណភាព​មាត់​ធ្មេញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទម្លាប់​ខ្លះ​យើង​អាច​មិន​ចាប់​អារម្មណ៍ ឯ​រឿង​ខ្លះ​នៅ​ផ្ចាញ់ ផ្គើន​ធ្វើ។ អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​នេះ ងាក​មក​មើល​ទម្លាប់​អាក្រក់​ទាំង​នេះ ហើយ​ពិចារណា​ឡើង​វិញ កុំ​ចេះ​តែ​គិត​ថា វា​មិន​អី ព្រោះ​បើ​ធ្មេញ​មាន​បញ្ហា ពិត​ជា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ខាត​បង់​ទាំង​ពេលវេលា និង​លុយ​កាក់​រត់​ទៅ​ពេទ្យ។ រាប់​រឿង​អាក្រក់​ទាំង​នេះ មើល៍​តើ​មាន​ប៉ុន្មាន​ដែល​យើង​ធ្វើ​ជា​ប្រចាំ?

    ១-ទំពា​ទឹកកក

    ភាគ​ច្រើន​គ្នា​យើង​ចូលចិត្ត​ធ្វើ​ណាស់។ ប៉ុន្តែ​ការ​ទំពា​ដុំ​ទឹកកក​រឹង និង​ត្រជាក់​ជា​ប្រចាំ អាច​ធ្វើ​ឱ្យ​សឹក​ផ្នែក​ខាង​ក្រៅ​​ធ្មេញ​ម្ដង​បន្តិចៗ រហូត​ចូល​ដល់​ផ្នែក​ខាង​ក្នុង​នៃ​ធ្មេញ ដែល​បណ្ដាល​ឱ្យ​មាន​អាការៈ​ស្រៀវ ហើយ​ចាប់​ផ្ដើម​ឈឺ។

    ២-មិនពាក់ប្រដាប់ការពារធ្មេញពេលលេងកីឡា

    កុំ​ភ្លេច​ពាក់​ប្រដាប់​ការពារ​ធ្មេញ រាល់​ពេល​ដែល​អ្នក​លេង​កីឡា ព្រោះ​វា​ជា​វិធី​ល្អ​បំផុត​សម្រាប់​​ការពារ​ការ​ប៉ះ​ទង្គិច​ធ្មេញ​នៅ​ពេល​មាន​បញ្ហា​កំឡុង​លេង​កីឡា។ ការ​ពាក់​ប្រដាប់​ការពារ​ធ្មេញ អ្នក​នឹង​ឈប់​បារម្ភ​ខ្លាច​មាន​ការ​ប៉ះពាល់​ធ្មេញ​នៅ​ពេល​លេង​កីឡា​ទៀត​ហើយ។

    ៣-បៅទឹកដោះគោ ឬទឹកផ្លែឈើពេល​គេង

    ឪពុក​ម្ដាយ​ច្រើន​តែ​ឱ្យ​កូន​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ផ្លែឈើ នៅ​ពេល​គ្នា​គេង ព្រោះ​ដើម្បី​ឱ្យ​កូន​គេង​លក់។ ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ទាំង​នោះ នឹង​ស្ថិត​នៅ​ក្នុង​មាត់​របស់​ក្មេង​ច្រើន​ម៉ោង ឬ​ពេញ​មួយ​យប់ ដែល​ធ្វើ​ឱ្យ​ធ្មេញ​ងាយ​ពុក។

    ៤-ចោះក្រវិលលើអណ្ដាត ឬបបូរមាត់

    នៅ​ខ្មែរ​យើង​មិន​សូវ​ឃើញ​មាន ឬ​មិន​សូវ​ពេញ​និយម​ទេ តែ​ការ​ចោះ​ក្រវិល​លើ​អណ្ដាត ឬ​បបូរ​មាត់ មើល​ទៅ​ឡូយ និង​ទាន់​សម័យ ប៉ុន្តែ​លោហធាតុ​នោះ​អាច​មាន​គ្រោះថ្នាក់​​ ព្រោះ​វា​អាច​បំផ្លាញ​អញ្ចាញ​ធ្មេញ និង​ធ្វើ​ឱ្យ​ធ្មេញ​ពុក។ មួយ​វិញ​ទៀត ក្នុង​មាត់​​ផ្ទុក​ដោយ​បាក់តេរី​រាប់​លាន ដូច្នេះ​ការ​ចោះ​ក្រវិល​ក្នុង​មាត់​អាច​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រោគ និង​រលាក​ហើម។

    អាន៖ ដំបៅ​មាត់​កើត​យូរ​ប៉ុណ្ណា ហើយ​ព្យាបាល​ម៉េច? 

    ៥-សង្កៀត​ធ្មេញ

    ការ​សង្កៀត​ធ្មេញ​ច្រើន​តែ​កើត​ឡើង​កំឡុង​ពេល​ដេក ដោយ​មិន​ដឹង​ខ្លួន។ ទម្លាប់​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ អាច​បំផ្លាញ​ធ្មេញ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​អាច​បន្ថយ​ទម្លាប់​អាក្រក់​នេះ​បន្តិច​ម្ដងៗ តាម​រយៈ​ការ​ចៀសវាង​ញ៉ាំ​អាហារ​រឹង​នៅ​ពេល​ថ្ងៃ និង​ពាក់​ប្រដាប់​ការពារ​មាត់​នៅ​ពេល​យប់។

    ៦-ផឹក​សារ៉ូ​ក្អក

    សារ៉ូ​ក្អក​មាន​ប្រយោជន៍​នៅ​ពេល​យើង​ក្អក ប៉ុន្តែ​វា​មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​បង្កើន​ការ​សឹក​នៃ​ធ្មេញ។ ត្រូវ​តែ​ដុស​ធ្មេញ​ឱ្យ​បាន​ស្អាត និង​ជា​ប្រចាំ ក្រោយ​ពេល​ប្រើ​សារ៉ូ​ក្អក។

    ៧-ទំពាស្ករកៅស៊ូ

    ស្ករ​កៅស៊ូ​មាន​ផល​ប៉ះពាល់​ដល់​ធ្មេញ​ ជាង​ស្ករ​គ្រាប់​ដទៃ​ទៀត ព្រោះ​ស្ករ​កៅស៊ូ ​ស្វិត ហើយ​អាច​ជាប់​នៅ​ចន្លោះ​ធ្មេញ ធ្វើ​ឱ្យ​ជាតិ​ស្ករ និង​អាស៊ីដ​នៅ​ជាប់​នឹង​អញ្ចាញ​ធ្មេញ​ច្រើន​ម៉ោង។

    ៨-ភេសជ្ជៈផ្អែម

    ទឹកក្រូច ទឹក​ផ្លែឈើ និង​ទឹក​ជំនួយ​កម្លាំង ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ទាំងអស់ អាច​បង្កើត​ជាតិ​អាស៊ីដ​នៅ​លើ​ធ្មេញ។ ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង​នេះ​ច្រើន​ ដោយ​មិន​បាន​ដុស​ធ្មេញ​ត្រឹមត្រូវ អាច​បំផ្លាញ​ធ្មេញ។ ដើម្បី​បង្ការ​ការ​បំផ្លាញ​ធ្មេញ គួរ​ព្យាយាម​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ជំនួស​ភេសជ្ជៈ​ទាំង​នោះ​វិញ។

    ៩-អាហារសម្រន់

    នៅ​ពេល​និយាយ​ដល់​អាហារ​សម្រន់ អាហារ​ដែល​សម្បូរ​ជាតិ​ម្សៅ​គឺ​ជា​អាហារ​ដែល​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ។ ប៉ុន្តែ​អ្នក​ដឹង​ទេ បាក់តេរី​ក្នុង​មាត់​អាច​បម្លែង​អាហារ​ទាំង​នោះ​ទៅ​ជា​អាស៊ីដ ដែល​អាច​បំផ្លាញ​ធ្មេញ។ ដំបូន្មាន​ល្អ​បំផុត គឺ​ត្រូវ​ចៀសវាង​ញ៉ាំ​អាហារ​សម្រន់​បែប​នេះ ឬ​ស្វែង​រក​អាហារ​សម្រន់​ប្រភេទ​ណា​ដែល​មិន​សូវ​សម្បូរ​ជាតិ​ស្ករ ឬ​ជាតិ​ម្សៅ។

    អាន៖ ជំងឺ​ប្រាំ​ប្រភេទ​លើ​មាត់​ធ្មេញ​គួរ​ប្រយ័ត្ន

    ១០-កាហ្វេ

    ការ​ផឹក​កាហ្វេ​ច្រើន​ពេក​រយៈពេល​យូរ អាច​ធ្វើ​ឱ្យ​ធ្មេញ​ចាប់ផ្ដើម​ស្រអាប់។ ដូច្នេះ​បើ​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ​នោះ គួរ​គិតគូរ​រឿង​ដុស​សម្អាត​ធ្មេញ (ឲ្យ​បាន ២-៣ដង) ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ធ្មេញ​វិញ។

    ១១-បារី

    បារី និង​ថ្នាំ​ជក់ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​ក្លិន​មាត់​មិន​ល្អ ធ្មេញ​ឡើង​ខ្មៅ និង​ពុក​ធ្មេញ។ ការ​ជក់​បារី​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ដូចជា មហារីក​មាត់ បបូរមាត់ និង​អណ្ដាត។ ដើម្បី​បញ្ឈប់​ការ​ជក់​បារី និង​ថែទាំ​សុខភាព ​គួរ​ប្រើ​ស្ករ​ដែល​មាន​ជាតិ​នីកូទីន ជំនួស​ការ​ជក់​បារី។

    ១២-ស្រា

    ជា​ទូទៅ ស្រាបៀ ស្រា​ស ឬ​ក្រហម សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ដល់​ធ្មេញ​គេច​មិន​ផុត ព្រោះ​ជាតិ​អាស៊ីដ​នៅ​ក្នុង​ស្រា​អាច​ធ្វើ​ឱ្យ​ខ្សោយ​អញ្ចាញ​ធ្មេញ ធ្វើ​ឱ្យ​ធ្មេញ​ប្រហោង និង​ស្រអាប់។ បើ​ផឹក​ខាន​មិន​បាន ត្រូវ​ខ្ពុរ​មាត់​ជាមួយ​ទឹក ឬ​ដុស​ធ្មេញ​ក្រោយ​ពេល​ផឹក​រួច។

    ១៣-ប្រើ​ធ្មេញ​បើក​គម្រប

    គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ខាំ​បើក​គម្រប​ដប ឬ​ប្រអប់​ប្លាស្ទិក​ផ្សេងៗ ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​បែក ឬ​ស្រាំ​បាន។ ប៉ុន្តែ​ត្រូវ​ដឹង​ថា ធ្មេញ​​ទុក​តែ​ញ៉ាំ​អាហារ។

    ១៤-ញ៉ាំមិនទំនេរមាត់

    ញ៉ាំ​ច្រើន​ក៏​ជា​ជំងឺ​ដែរ ព្រោះ​មាត់​ចេះ​តែ​ទំពា​ទោះ​បី​ជា​មិន​ឃ្លាន​ក៏​ដោយ។ ការ​ញ៉ាំ​ច្រើន​ពេក​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ ដោយសារ​ជាតិ​ស្ករ​ក្នុង​អាហារ និង​ជាតិ​អាស៊ីដ​ក្នុង​កម្អួត។ នៅ​ពេល​អ្នក​មាន​ជំងឺ​ញ៉ាំ​ច្រើន អ្នក​នឹង​ពិបាក​ដក​ដង្ហើម និង​សឹក​ធ្មេញ។ សាកសួរ​គ្រូពេទ្យ​សម្រាប់​ដំបូន្មាន និង​វិធី​ព្យាបាល ដើម្បី​បន្ថយ​ផល​វិបាក​នៃ​ទម្លាប់​នេះ។

    ១៥-ខាំ​ប៊ិច/ខ្មៅដៃ

    តើ​អ្នក​ធ្លាប់​ខាំ​ខ្មៅដៃ នៅ​ពេល​ដែល​កំពុង​ផ្ចង់​អារម្មណ៍​ក្នុង​ការងារ ឬ​ក្នុង​ពេល​រៀន​សូត្រ​ដែរ​ទេ? មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​នេះ។ សកម្មភាព​នេះ​ហាក់​ដូច​ជា​មិន​ប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​តាម​ពិត​ទៅ វា​អាច​បំផ្លាញ​ធ្មេញ​ដោយ​មិន​ដឹង​ខ្លួន។ ជំនួស​ឱ្យ​ការ​ខាំ​ខ្មៅដៃ ​គួរ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ។

    ម៉េច​ដែរ​មាន​ប៉ុន្មាន​ចំណុច​ខ្លះ​គ្នា​យើង?

    អាន៖ រាក់​ស៊ីធ្មេញ អំពល់​ទុក្ខ​ប៉ុណ្ណា? 

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ KEO Seng ratha · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម