កំណកកំបោរ ដែលបង្កជាជំងឺអញ្ចាញធ្មេញ និងប្រហោងធ្មេញ អាចធ្វើឲ្យរលាកថ្នេរអញ្ចាញធ្មេញ ក៏ដូចជាបណ្ដាលឲ្យឈឺអញ្ចាញធ្មេញ ពេលយើងធ្វើលំហាត់ប្រាណ។ ពិតណាស់ ការប៉ះទង្គិចនៅក្នុងមាត់អំឡុងពេលរត់ អាចធ្វើឲ្យអញ្ចាញធ្មេញឈឺចាប់ ហើយមាត់ស្ងួតដែលបណ្ដាលមកពីការដកដង្ហើមហត់ខ្លាំង ក៏អាចធ្វើឲ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនថែមទៀត។
មូលហេតុបង្ក
អនាម័យមាត់ធ្មេញមិនល្អ គឺជាកត្តាចម្បងនៃជំងឺអញ្ចាញធ្មេញ និងប្រហោងធ្មេញ។ ប្រសិនបើគ្នាយើងមិនបានដុសសម្អាតធ្មេញជាប្រចាំ បាក់តេរីដែលនៅជាប់ធ្មេញ នឹងកកើតជាកំណកកំបោរ។ ប្រសិនបើកំណកកំបោរនេះតោងជាប់ធ្មេញរយៈពេលពីរទៅបីថ្ងៃ វាអាចរឹងនៅក្រោមថ្នេរអញ្ចាញធ្មេញ និងវិវត្តទៅជាកំណកកំបោររឹង ។ ជំងឺរលាកអញ្ចាញធ្មេញ គឺជាកម្រិតដំបូងនៃជំងឺអញ្ចាញធ្មេញ ហើយវាអាចវិវត្តទៅជាការកកខ្ទុះ ឆ្លងរោគនៅអញ្ចាញធ្មេញ ប្រសិនបើពុំមានការព្យាបាល។ ការកកខ្ទុះ និងឆ្លងរោគនៅញ្ចាញធ្មេញនេះ ក៏អាចបង្កទៅជាការបាត់បង់ឆ្អឹង និងជាលិកា ដែលទ្រទ្រង់ធ្មេញរបស់យើងថែមទៀតផង។
ការកំណត់អត្តសញ្ញាណ
នៅដំណាក់កាលដំបូងនៃជំងឺរលាកអញ្ចាញធ្មេញ យើងនឹងឃើញថាអញ្ចាញធ្មេញនឹងមានឈាមនៅពេលដុសធ្មេញ។ ម្យ៉ាងវិញទៀត អញ្ចាញធ្មេញអាចមានអាការៈហើម និងងាយដាច់រហែក។ ប្រសិនបើជំងឺរលាកអញ្ចាញធ្មេញវិវត្តទៅជាការកកខ្ទុះក្នុងនិងឆ្លងរោគនោះ អញ្ចាញធ្មេញនឹងរលាត់ចេញជ្រៅជាងធ្មេញ។ ធ្មេញរបស់យើងអាចនឹងរលុង ហើយក៏អាចមានចន្លោះនៅរវាងធ្មេញផងដែរ។
ជាក់ស្ដែង ភាពផុយស្រួយនៃអញ្ចាញធ្មេញទាំងនៅដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយនៃជំងឺអញ្ចាញធ្មេញ អាចបណ្ដាលឲ្យយើងមានអាការៈមិនស្រួលពេលហាត់ប្រាណ ជាពិសេស ប្រសិនបើការហាត់ប្រាណពាក់ព័ន្ធនឹងការទម្លាក់ជើងលើដី។ ការទម្លាក់ជើងទៅលើដីខ្លាំងៗ ក៏អាចបង្កជាការឈឺចាប់ខ្លាំងនៅក្នុងថ្នេរអញ្ចាញធ្មេញ ប្រសិនបើយើងមានប្រហោងធ្មេញដូចគ្នា។
ការព្យាបាល
នៅដំណាក់កាលដំបូងនៃជំងឺអញ្ចាញធ្មេញ គឺអាចព្យាបាលបាន ដោយការសម្អាតធ្មេញ និងថ្នេរអញ្ចាញធ្មេញដោយគ្រូពេទ្យធ្មេញ។ រីឯការកោសសម្អាតកំណកកំបោរ និងបាក់តេរីពីធ្មេញ គឺជារឿងចាំបាច់មួយ នៅពេលដែលជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)វិវត្តទៅជាការកកខ្ទុះក្នុងអញ្ចញធ្មេញ ។ នៅក្នុងករណីដែលយើងមានប្រហោងធ្មេញ គឺត្រូវបំពេញដោយសារធាតុជួសជុលឡើងវិញ ។
ការការពារ
ការដុសសម្អាតធ្មេញ បន្ទាប់ពីញ៉ាំអាហាររួច គឺជាវិធីដ៏ល្អបំផុតក្នុងការការពារពីជំងឺអញ្ចាញធ្មេញ និងប្រហោងធ្មេញ។ មួយវិញទៀត យើងគប្បីជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃទន់ ក៏ដូចជាធ្វើការផ្លាស់ប្ដូរវាជារៀងរាល់បីទៅបួនខែម្ដង។ បន្ថែមពីនេះ ចូរប្រើប្រាស់អំបោះទាក់ធ្មេញម្ដងក្នុងមួយថ្ងៃ ព្រមទាំងទៅសម្អាត និងពិនិត្យធ្មេញជារៀងរាល់៦ទៅ១២ខែម្ដង។
[embed-health-tool-bmi]