backup og meta

ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2021

    ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកវិញ?

    ក្មេងៗពេល​ណា​បាក់ធ្មេញព្រៃ ហើយ​ដុះ​ធ្មេញ​ស្រុក​មក​ជំនួស​វិញ? ចម្ងល់នេះម៉ាក់ប៉ាដែលមានកូនដំបូងច្បាស់ជាចង់ដឹង។ ធ្មេញ​ព្រៃ​ ជា​ទូទៅ​ក្មេង​ចាប់​ដុះ​​នៅ​អាយុ ៦ខែ ហើយ​នឹង​ដុះ​ធ្មេញ​ព្រៃ​គ្រប់​ទាំង ២០ ធ្មេញ នៅ​អាយុ ៣៣ខែ។

    ទន្តបណ្ឌិត ផន ពេជ្រ​ចន្តា បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បាន​បក​ស្រាយ​ថា ធ្មេញ​ព្រៃ​នឹង​ត្រូវ​ជំនួស​ដោយ​ធ្មេញ​ស្រុក​នៅ​ពេល​ក្មេង​អាយុ ៦ឆ្នាំ មាន​ន័យ​ថា ឈាន​ដល់​អាយុ ៦ឆ្នាំ ធ្មេញ​ស្រុក​ចាប់​ផ្តើម​ដុះ​ឡើង​មក ហើយ​ធ្មេញ​ព្រៃ​ចាប់​ផ្តើម​បាក់ ដោយ​ធ្មេញ​ដែល​ដុះ​មុន​គេ នឹង​ត្រូ​វបាក់​មុន​គេ​ដែរ។ ក្មេងៗ​នឹង​ចាប់​ផ្តើម​ដុះ​ធ្មេញស្រុក​ចាប់​ពី​អាយុ ៦ ដល់១៣ឆ្នាំ ពោល​គឺ​រហូត​ធ្មេញ​ព្រៃ​បាក់​អស់ ធ្មេញ​ស្រុក​នឹ​ងដុះ​គ្រប់​ទាំង ៣២ធ្មេញ នៅ​អាយុ ២១ឆ្នាំ។

    ប៉ុន្តែ​អ្វី​ដែល​ម៉ាក់ប៉ា​គួរ​កត់​សម្គាល់​នោះ នៅ​ក្នុង​អំឡុង​អាយុ ៦ឆ្នាំ នឹង​មាន​ធ្មេញ​ស្រុក១ ដែល​ដុះ​មក ដោយ​គ្មាន​ធ្មេញ​ព្រៃ​នៅ​ពី​លើ​នោះ ធ្មេញ​ស្រុក​នេះ​នឹង​ដុះ​មក​ឯកឯង​នៅ​ខាងក្រោយ​បង្អស់។

    ចំពោះ​តិចនិក​សម្អាត និងថែទាំ​ធ្មេញ​កូន​វិញ នៅ​អំឡុង​កូន​ម៉ឹមដោះ​ម្តាយ ឬ​ទឹកដោះ​គោ អាយុ ១ឆ្នាំ​ជាង​ចុះ​ក្រោម ទន្តបណ្ឌិត​រូបនេះ​ណែនាំ​សម្អាត​ធ្មេញ​កូន​ដោយ​ប្រើ​កំប្រេស ឬ​សម្លី​ស្អាត យក​ទៅ​ជូត​អញ្ចាញ និង​ធ្មេញ​កូន ក្រោយ​បំបៅ​រួច។ រហូត​ដល់​ក្មេង​កាន់​តែ​ធំ ដុះ​ធ្មេញ​ព្រៃ​កាន់​តែ​ច្រើន អាយុ​ប្រហែល ២ឆ្នាំ​ទៅ ទើប​យើង​អាច​ប្រើ​ច្រាស់​ទន់ៗ​មក​ដុស​ធ្មេញ​កូន ដោយ​ជ្រើស​រើស​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ​ភ្លុយអរ​ទាប និង​ត្រូវ​ដុស​ធ្មេញ​យ៉ាង​ហោច​ណាស់ ២-៣ដង/ថ្ងៃ។

    ទន្តបណ្ឌិត ផន ពេជ្រចន្តា

    ពាក់ព័ន្ធនឹងបញ្ហាក្មេង​ដុះ​ធ្មេញ​ស្រុក​មក បែរ​ជា​ច្រពើស វិញ  ទន្តបណ្ឌិត ផន ពេជ្រ​ចន្តា ពន្យល់ថា អាច​មក​ពី​កត្តា​ធម្មជាតិ និង​ការ​ថែទាំ​ធ្មេញ​ព្រៃ​មិន​បាន​ល្អ។

    កត្តា​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ច្រពើស​នោះ ទន្ត​បណ្ឌិត​ថា កើត​ឡើង​ដោយ​សារទំហំ​នៃ​ធ្មេញ​ស្រុក និង​ធ្មេញ​ព្រៃ​មិន​ស្មើ​គ្នា ដែល​ជា​ទូទៅ​ធ្មេញ​ព្រៃ​តូច​ជាង​ធ្មេញ​ស្រុក។ “អ៊ីចឹង​បើ​សិន​ជា​ធ្មេញ​ព្រៃ​ដុះ​ចេញ​មក​មាន​ចន្លោះៗ ដែល​យើង​តែង​ហៅ​ថា ចន្លោះ​ខ្មោច​នោះ បែប​នេះ​ធ្មេញ​ស្រុក​ដុះ​មក​ចន្លោះ​ដែរ ប៉ុន្តែ​បើ​ធ្មេញ​ព្រៃ​ដុះ​មក​ជិតៗ​គ្នា​ស្អាត ធ្វើ​ឲ្យ​អត់​មាន​ចន្លោះ​ក្នុង​ការ​ដុះ​ធ្មេញ​ស្រុក ដូច្នេះ​ធ្មេញ​ស្រុក​ទាមទារ​ខ្លួន​ឯង ប្រជ្រៀត​ខ្លួន​ចេញ អាច​ចេញ​ខាងមុខ ខាង​ក្រោយ បញ្ឆិត​បញ្ឆៀង ដុះ​ចេញ​មក​ក្រៅ ដែល​នេះ​ជា​លក្ខណៈ​ធម្មជាតិ”។

    មួយ​ទៀត​អាច​មក​ពី​ម៉ាក់ប៉ា​មាន​ធ្មេញច្រពើស នោះ​កូន​ក៏​អាច​មាន​ធ្មេញ​ច្រពើស​ដែរ។ ចំណែក​មូលហេតុ​ផ្សេង​ទៀត​បណ្តាល​មក​ពី​ម៉ាក់ប៉ា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រក្សា​ធ្មេញព្រៃ​របស់​កូន​បាន​ល្អ មាន​ដង្កូវស៊ី បាក់​មុន​កំណត់ ធ្វើ​ឲ្យ​ធ្មេញ​ស្រុក​បាត់​បង់​អ្នក​នាំ​ផ្លូវ រក​កន្លែង​ដុះ​ខ្លួន​ឯង ទៅ​ជា​ដុះ​ខុស​ទីតាំង។

    “ឧ. ធ្មេញ​ព្រៃ​មាន ២គ្រាប់​លើ ២​គ្រាប់​ក្រោម ចន្លោះ​ដែល​ត្រូវ​បាក់ធ្មេញព្រៃ​នៅ​អាយុ ៦-៧ឆ្នាំ ប៉ុន្តែ​ចៃដន្យ​អី​ពុំ​មាន​ការ​ថែទាំ​បាន​ល្អ ធ្វើ​ឲ្យ​ធ្មេញ​ដង្កូវ​ស៊ី បាក់​មុន​ពេល។ កាល​ណា​បាក់​មុន​ពេលកំណត់ ធ្មេញ​ស្រុក​បាត់បង់​អ្នក​នាំ​ផ្លូវ​ឲ្យ​ចេញ​មក អត់​ដឹង​ថា​ចេញ​ទៅ​ផ្លូវ​ណា​ទេ គឺ​រក​កន្លែង​ចេញ​ដោយ​ខ្លួន​ឯង អ៊ីចឹង​ធ្មេញ​ហ្នឹង​ដុះ​ខុស​ទីតាំង ទៅ​ជា​ច្រពើស”។​ ទន្តបណ្ឌិត ផន ពេជ្រចន្តា រៀបរាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម