backup og meta

តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 10, 2019

    តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ

    សុខ​ភាព​មាត់​ធ្មេញ ​ជា​ការសំខាន់ មិន​ថា​សម្រាប់កូន​តូចៗ ឬ​មនុស្ស​ពេញ​វ័យ​ទេ បើ​មិន​ថែ​ទាំ​ឲ្យ​បាន​ល្អ អាច​នឹង​បង្ក​ជា​រោគ​ពុក​ធ្មេញ ចុង​ក្រោយ​ត្រូវ​ចំណាយច្រើន​ដើម្បី​ព្យាបាល ហើយ​អាចត្រូវ​ពាក់​ធ្មេញ​ក្លែង​ក្លាយ។ អ៊ីចឹងហើយ ប៉ាម៉ាក់​ត្រូវ​បង្រៀន​កូច​​តូចៗ​ពី​វិធី​ដុសធ្មេញ​ត្រឹម​ត្រូវ​ឲ្យ​ហើយ។

    ១- ពេល​វេលា​ចាប់​ផ្ដើម​ដុស​សម្អាត​ធ្មេញ

    ជា​ធម្មតា ​អូន​តូចៗចាប់​ផ្ដើម​ដុះ​ធ្មេញ​ដំបូង​អំឡុង​អាយុ ៦ ខែ​ក្រោយ​សម្រាល ហេតុ​នេះ​ពេល​មាន​ធ្មេញ​ដុះ​មក​ហើយ ក៏​ជា​ពេល​ល្អ​គួរ​ចាប់​ផ្ដើម​សម្អាត​ធ្មេញ​អូនៗ ដោយ​ប្រើ​កំណាត់​ទទឹក​ជូត​សម្អាត ​ឬ​កូន​ច្រាស​ដុស​ធ្មេញ​ផ្ដិត​មក​ជា​មួយ​ទឹក​ដុស​ថ្មមៗ។ គួរសម្អាត​ធ្មេញ​ឲ្យ​អូនៗ ២ ដង​/ថ្ងៃ ពេល​ព្រឹក និង​ពេល​យប់មុន​ចូល​គេង ហើយ​ចាំ​ថា​ ត្រូវ​សម្អាត​គ្រប់​ផ្ទៃ​ធ្មេញ​ទាំង​អស់។

    សម្រាប់​ប្រភេទ​ច្រាស​ដុស​ធ្មេញ ក៏​សំខាន់​សម្រាប់កូនតូចៗ​ដែរ ដោយ​ត្រូវ​មាន​ក្បាល​ច្រាស​តូច ​និង​មាន​សរសៃ​ទន់ ហើយ​សម្រាប់​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​វិញ ​គួរ​ចង​ចាំ​ដូច​ខាង​ក្រោម៖

    – កូន​ក្មេងអាយុ ០-៨ ខែ​សម្អាត​ដោយ​ទឹក​​ប៉ុណ្ណោះ ​ហាម​ប្រើ​ថ្នាំ​ដុស​ធ្មេញ

    – ចាប់​ពី​ ១៨ ​ខែ ដល់ ៦​ ឆ្នាំ ប្រើ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​ក្មេងដែល​មាន​ជាតិ​ភ្លុយអរ​ទាប

    – ចាប់​ពី​អាយុ ៦ ឆ្នាំ​ឡើង​ទៅ ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​ភ្លុយអរ​ធម្មតា។

    បើ​កូន​តូចៗមិន​ស្ដាប់​បង្គាប់ ​នៅ​ពេល​បង្រៀន​ដុស​សម្អាត​ធ្មេញ យើង​អាច​ប្រើ​វិធី​សាស្ត្រ​ខាង​ក្រោម​៖

    – ឲ្យ​អូនៗ​អង្គុយ​លើ​ភ្លៅ បែរ​មុខ​ផ្ទុយ​ពី​យើង

    – ទប់​ចង្កា​អូន​តូចៗ​ដោយ​ដៃ​ម្ខាង ហើយ​ក្បាល​មក​ប៉ះ​ខ្លួន​យើង

    – ដុស​សម្អាត​គ្រប់​ផ្ទៃ​ធ្មេញ រួម​ជាមួយ​អញ្ចាញ​ធ្មេញ ក្នុង​ចលនា​ជា​រង្វង់​តូចៗ

    – ក្រោយ​ដុស​ធ្មេញ​រួច ​​ឲ្យ​អូនៗ​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ មិន​ត្រូវ​លេប​ចូល​ពោះ ឬ​ខ្ពុល​ជាមួយ​ទឹក​ទេ ព្រោះ​វា​អាច​លាង​ជាតិ​ភ្លុយអរ​សម្រាប់​ការពារ​ធ្មេញ​អស់។ រឿង​ខ្ជាក់​ចោល ចំពោះ​អូនៗ​អាច​ពិបាក​តិច ហេតុ​នេះ​គួរ​បង្ហាញ​ពី​របៀប​ខាក​ស្ដោះ​ឲ្យ​អូនៗ​មើល។

    តិចនិក​បង្រៀនអូនតូចៗឲ្យដុសសម្អាតធ្មេញ

    អត្ថបទពាក់ព័ន្ធ៖

  • របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ
  • ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ?
  • ២- វីធី​សាស្រ្ត​ងាយៗ​អាច​ធ្វើ​ឲ្យ​អូនៗ​ព្រម​ដុសធ្មេញ

    – បង្កើត​ជា​ហ្គេម​កម្សាន្ត​​ជាមួយ​កូន នៅ​ពេល​ដុស​ធ្មេញ ដូចជា​ លេង​ធ្វើ​ជា​តួ​សម្ដែង​រវាង​អូនៗ និង​តុក្កតា​សំណព្វ​ចិត្ត​អូនៗ ឲ្យ​អូនៗ​ធ្វើ​ជា​គ្រូពេទ្យ​ធ្មេញ ឯ​តុក្កតា​ជា​អ្នក​ជំងឺ។ បន្ទាប់​មក ឲ្យ​អូន​តូច​ដុស​ធ្មេញ​ឲ្យ​តុក្កតា ដោយ​ដាស់​តឿន​អូនៗ​ត្រូវ​សម្អាត​ផ្ទៃ​ធ្មេញ​ទាំង​សង​ខាង។ វិធី​នេះជា​តិចនិក​ល្អ​មួយ​ដើម្បី​ដាស់​តឿន​អូនៗ​ឲ្យ​ដុស​ធ្មេញ​ខ្លួន​ឯង​ដូច​គ្នា។

    – ដោយ​សារ​ក្មេង​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ធំ ហេតុ​នេះ​គួរ​​ឲ្យ​សមាជិក​គ្រួសារ​ណា​ម្នាក់​បង្ហាញ​ពី​របៀប​ដុស​ធ្មេញ​ឲ្យ​អូនៗ​បាន​ឃើញ។

    – ព្យាយាម​ដុស​សម្អាត​ធ្មេញ ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ដុស​ធ្មេញ បើ​អូនៗ​មិន​ចូល​ចិត្ត​រសជាតិ​ថ្នាំ​ដុស​ធ្មេញ បន្ទាប់​មក​ចាំ​សាក​ប្រើ​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​ភ្លុយអរ​ទាប ក្នុង​កម្រិត​តិច​បំផុត ដើម្បី​ឲ្យ​អូនៗ​ស៊ាំ​ទៅ​នឹង​រសជាតិ។

    – បើ​អូនៗ​មិន​ព្រម​រៀន​ដុស​ធ្មេញ​ក្នុង​បន្ទប់​ទឹក​ទេ អាច​ជ្រើសរើស​កន្លែង​ផ្សេង​ទៀត​ក៏​បាន។

    – សម្រាប់​ក្មេង​រាង​ធំ​បន្តិច គួរ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត កត់​ចំនួន​ដុស​ធ្មេញ ២ ដង/​ថ្ងៃ នៅ​លើ​ប្រតិទិន ​និង​ផ្តល់​ជា​រង្វាន់ ពេល​កូន​អាច​សម្រេច​បាន​គោលដៅ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello​ Health​ Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម