២. សម្រាលកូនដោយវះកាត់ ពេលណាទើបអាចរួមភេទវិញបាន?
យើងមិនអាចនិយាយជារួមថារយៈពេលប៉ុន្មានក្រោយសម្រាលដោយវះកាត់អាចវិលទៅរកការរួមភេទវិញបាននោះទេ ប៉ុន្តែស្រ្តីសម្រាលកូនដោយវះកាត់ភាគច្រើនអាចវិលទៅរកការរួមភេទវិញបានពី ៤-៦សប្ដាហ៍ក្រោយសម្រាល។ ទោះបីជាយើងអាចមានឈាមធ្លាក់តិចតួចក្រោយសម្រាលដោយវះកាត់មែនក៏ដោយ តែមាត់ស្បូនរបស់យើងក៏ត្រូវការពេលប្រហែលជា៦សប្តាហ៍ដើម្បីវិលទៅរកសភាពដើមវិញ។ ស្រ្តីមួយចំនួនអាចថាវិលទៅរកសកម្មភាពផ្លូវភេទនេះវិញបានលឿនជាងនេះ តែយ៉ាងណាយើងត្រូវសួរនាំគ្រូពេទ្យពីរឿងនេះ និងត្រូវច្បាស់ខ្លួនឯងថាយើងអាចទៅរួចដែរ។
២. រួមភេទក្រោយសម្រាលដោយមិនបានការពារ អាចមានកូនអត់?
បើតាមគ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញនៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ អាស្រ័យទៅលើលក្ខខណ្ឌនៃការបំបៅដោះកូន។ ទោះមករដូវ ឬមិនទាន់មករដូវវិញក៏ដោយ ក្រោយសម្រាលកូនបាន៦សប្តាហ៍ ស្ត្រីចាំបាច់ត្រូវតែការពារ បើសិនភ្លាត់មានអីៗដោយមិនបានប្រើមធ្យោបាយពន្យារកំណើតណាមួយនោះ ស្ត្រីអាចនឹងមានផ្ទៃពោះទៀត។