ជាធម្មតាក្រោយសម្រាលកូនរួច ម៉ាក់ៗត្រូវការពេលមួយរយៈខ្លីទើបរាងកាយ និងស្បូនត្រលប់មកសភាពដើមវិញ អាចរួមភេទបាន។ អ៊ីចឹងហើយ ម៉ាក់ៗមកដឹងទាំងអស់គ្នា អំពីចំណេះដឹងផ្សេងៗជុំវិញការរួមភេទក្រោយសម្រាល តើពេលណាទើបការរួមភេទមានសុវត្ថិភាព ១០០%?
១. សម្រាលកូនរួច ពេលណាអាចរួមភេទបាន?
ចាស់ៗបុរាណ តម្រូវឲ្យម៉ាក់ៗរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរអ៊ីចឹងពេកទេ ម៉ាក់ៗត្រឹមពេលទ្វារមាសលែងហូរឈាម មានន័យថាកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជាទូទៅក្រោយសម្រាលកូនរួច ៦សប្តាហ៍ រាងកាយ និងទ្វារមាសស្ត្រីអាចវិលត្រលប់មកសភាពធម្មតាវិញហើយ ដែលអំឡុងពេលនេះស្ត្រីអាចទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីពិនិត្យមើល បើមិនមានបញ្ហាទេ អាចចាប់ផ្តើមរឿងគ្រែជាមួយដៃគូវិញបាន។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។
២. សម្រាលកូនដោយវះកាត់ ពេលណាទើបអាចរួមភេទវិញបាន?
យើងមិនអាចនិយាយជារួមថារយៈពេលប៉ុន្មានក្រោយសម្រាលដោយវះកាត់អាចវិលទៅរកការរួមភេទវិញបាននោះទេ ប៉ុន្តែស្រ្តីសម្រាលកូនដោយវះកាត់ភាគច្រើនអាចវិលទៅរកការរួមភេទវិញបានពី ៤-៦សប្ដាហ៍ក្រោយសម្រាល។ ទោះបីជាយើងអាចមានឈាមធ្លាក់តិចតួចក្រោយសម្រាលដោយវះកាត់មែនក៏ដោយ តែមាត់ស្បូនរបស់យើងក៏ត្រូវការពេលប្រហែលជា៦សប្តាហ៍ដើម្បីវិលទៅរកសភាពដើមវិញ។ ស្រ្តីមួយចំនួនអាចថាវិលទៅរកសកម្មភាពផ្លូវភេទនេះវិញបានលឿនជាងនេះ តែយ៉ាងណាយើងត្រូវសួរនាំគ្រូពេទ្យពីរឿងនេះ និងត្រូវច្បាស់ខ្លួនឯងថាយើងអាចទៅរួចដែរ។
២. រួមភេទក្រោយសម្រាលដោយមិនបានការពារ អាចមានកូនអត់?
បើតាមគ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញនៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ អាស្រ័យទៅលើលក្ខខណ្ឌនៃការបំបៅដោះកូន។ ទោះមករដូវ ឬមិនទាន់មករដូវវិញក៏ដោយ ក្រោយសម្រាលកូនបាន៦សប្តាហ៍ ស្ត្រីចាំបាច់ត្រូវតែការពារ បើសិនភ្លាត់មានអីៗដោយមិនបានប្រើមធ្យោបាយពន្យារកំណើតណាមួយនោះ ស្ត្រីអាចនឹងមានផ្ទៃពោះទៀត។
៣. រួមភេទលើកដំបូងបន្ទាប់សម្រាលរួច អាចឈឺចាប់ទេ?
ជាការពិតការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូនរួច ស្ត្រីអាចនឹងឈឺចាប់ ដោយសារតែទ្វារមាសស្ងួត ដោះស្រាយបញ្ហានេះ គួរប្រើទឹករម្អិលជាជំនួយ។
៤. ហេតុអីស្រីៗខ្លះមិនសូវមានចំណង់ផ្លូវភេទក្រោយសម្រាល?
មានមូលហេតុច្រើនធ្វើឲ្យចំណង់ផ្លូវភេទស្ត្រីក្រោយសម្រាលហាក់ថយចុះ មិនសូវនឹកនានោះទេ ទី១ ដោយសារស្ត្រីហត់នឿយនឹងការមើលថែទាំកូន ទី២ គេងក៏មិនបានគ្រប់គ្រាន់ រវល់តែមើលកូនតូចទាំងយប់ទាំងថ្ងៃ ទី៣ ករណីបាក់ទឹកចិត្តក្រោយសម្រាល ជាបញ្ហាប្រឈមធ្វើឲ្យស្ត្រីបាត់ចំណង់ផ្លូវភេទដែរ ហើយជាបញ្ហាធ្ងន់ធ្ងរទៀតផង។ លើសពីនេះ បំបៅអូនៗធ្វើឲ្យអ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញច្រើន ជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ មួយទៀត បើមានការដាច់ ឬដេរទ្វារមាស ជាហេតុផលសមស្របស្រីៗមិនចង់រួមភេទ។ ប៉ុន្តែក្រោយពេលរបួសជាសះ គ្នាយើងប្រាកដជាមានអារម្មណ៍បង្កាត់ភ្លើងស្នេហ៍ជាថ្មី។
[embed-health-tool-ovulation]