ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ទ្វារមាសមានសុខភាពល្អ មិនមែនពឹងលើតែការសម្អាតដោយទឹក និងប្រើប្រាស់ទឹកអនាម័យជំនួយប៉ុណ្ណោះទេ។ ការជ្រើសរើសប្រភេទខោក្នុង និងការបោកសម្អាតក៏ជួយឲ្យទ្វារមាសមានផាសុកភាព។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ទ្វារមាសត្រូវតែរក្សាឲ្យស្ងួត និងស្អាតជានិច្ចចៀសវាងភាពសើម ការផ្អាប់ដែលជាលក្ខខណ្ឌប្រសើរសម្រាប់ការលូតលាស់របស់បាក់តេរីអាក្រក់ និងធ្វើឲ្យទ្វារមាសមានបញ្ហាទៅជារមាស់ ស្ងួត ឬរហូតដល់ធ្លាក់ស។
លោកបានបញ្ជាក់ថា អនាម័យខ្លួនប្រាណមួយមុខមិនទាន់សព្វគ្រប់ឡើយ ទាល់តែមានអនាម័យទាំងសម្លៀកបំពាក់ទាំងក្រៅ និងក្នុង។ ហេតុនេះការជ្រើសរើសខោទ្រនាប់ដែលអាចឲ្យមានខ្យល់ចេញចូល និងស្រូបសំណើមបានល្អជាចំណុចសំខាន់ដែលត្រូវគិតដល់។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបន្ថែមទៀតថា ការប្រើប្រាស់ខោទ្រនាប់ ត្រូវតែជាប្រភេទសាច់កំណាត់កប្បាស ហើយម៉្យាងស្ត្រីគួរតែផ្លាស់ប្ដូរខោក្នុង ២ ដង/ថ្ងៃ ឬប្រើជាប្រភេទសម្លីអនាម័យ និងឧស្សាហ៍ផ្លាស់ប្ដូរ។
វេជ្ជបណ្ឌិតរូបនោះថា ការបោកសម្អាតខោក្នុង រឹតតែសំខាន់ព្រោះបើសម្អាតមិនល្អ អាចនាំមេរោគដល់ប្រដាប់ភេទទៅវិញ។ ជាធម្មតាខោក្នុងត្រូវបោកក្រោយពេលយើងផ្លាស់ប្ដូររួចភ្លាមៗ ឬមិនគួរទុកដល់ស្អែក ឬគួរទុកមួយអាទិត្យទើបបោកនោះទេ ព្រោះវាអាចផ្ទុកមេរោគយ៉ាងច្រើន ដោយមិនងាយបោកសម្អាតស្អាតឡើយ។
ជាពិសេសខោក្នុងត្រូវតែបោកដោយឡែកពីខោអាវដទៃទៀត មិនគួរលាយឡំគ្នាឡើយ ហើយរឹតតែមិនគួរប្រើម៉ាស៊ីនបោកដែរ ព្រោះវាសុទ្ធតែផ្ទុកមេរោគ។ បន្ទាប់មកយកទៅហាលក្រោមកម្ដៅថ្ងៃ។
[embed-health-tool-ovulation]