ក្រចកជើងឡើងលឿងក្រាស់អាចបណ្តាលមកពីឆ្លងមេរោគផ្សិត របួស របត់ឈាមរត់មិនល្អ ឬមានជំងឺត្រអកដែលបណ្តាលឱ្យក្រចកជើងមិនស្អាត។ ដើម្បីឱ្យក្រចកមានសុខភាពល្អឡើងវិញ យើងគួរធ្វើម៉េច?
១. ឆ្លងមេរោគផ្សិត
ប្រសិនបើក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ក្រចកជើងយើងមិនត្រឹមតែឡើងលឿងក្រាស់ទេ ថែមទាំងផុយ ហើយប្រែរូបរាងទៀតផង។
– លាបប្រេងដូង៖ ប្រេងដូងថ្នាំធម្មជាតិដែលអាចកម្ចាត់មេរោគផ្សិត ព្រោះប្រេងដូងសម្បូរទៅដោយអាស៊ីដខ្លាញ់ដែលអាចជ្រាបចូលស្រទាប់ខ្លាញ់របស់ភ្នាសកោសិកាមេរោគផ្សិត រួចបំបែក និងបំផ្លាញកោសិកាមេរោគផ្សិត។
យើងអាចជូតប្រេងដូងនៅលើក្រចកដែលឡើងលឿងក្រាស់ពីរបីដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។
– ត្រាំជើងជាមួយទឹកខ្មេះផ្លែប៉ោម និងម្សៅបេកឃីងសូដា៖ ម្សៅបេកឃីងសូដាមិនអាចសម្លាប់មេរោគផ្សិតទេ តែអាចការពារមេរោគផ្សិតពីការឆ្លងរាលដាល។ រីឯទឹកខ្មេះផ្លែប៉ោមអាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីដោយកាត់បន្ថយកម្រិតជាតិអាស៊ីដ នៅក្នុងក្រចកជើងឡើងលឿងក្រាសរបស់យើង ព្រោះមេរោគផ្សិតរីកដុះដាល់លឿនក្នុងបរិស្ថានដែលមានជាតិអាស៊ីដ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
យើងអាចលាយទឹកខ្មេះផ្លែប៉ោមមួយពែងជាមួយទឹកក្តៅឧណ្ហៗល្មមត្រាំជើងបាន រួចត្រាំរយៈពេល ១៥ នាទី។ បន្ទាប់មក លាយម្សៅបេកឃីងសូដាចំនួន ៤-៥ ស្លាបព្រាបាយ និងទឹកល្មមត្រាំជើងបាន រួចត្រាំជើងរយៈពេល ១៥ នាទីដែរ។ យើងអាចត្រាំជើងបែបនេះពីរដងក្នុងមួយថ្ងៃ។
- ជូតក្រចកជើងជាមួយប្រេងដើមតែលាយប្រេងអូលីវ៖ ប្រេងចម្រាញ់ពីដើមតែអាចកម្ចាត់មេរោគផ្សិត និងបាក់តេរីបាន។ យើងអាចជូតក្រចកជើងជាមួយប្រេងចម្រាញ់ពីដើមតែលាយប្រេងអូលីវដើម្បីជួយបន្ទន់ក្រចកជើង និងជួយឱ្យក្រចកយើងប្រែជាស្តើងវិញ និងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។
២. របត់ឈាមរត់មិនល្អ
របត់ឈាមរត់មិនល្អអាចបណ្តាលមកពីជំងឺរ៉ាំរ៉ៃជាច្រើន ក្នុងនោះជំងឺទឹកនោមផ្អែមជាមូលហេតុចម្បងមួយ។ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ក្រចកជើងយើងអាចឡើងលឿងក្រាស់ ដូច្នេះ យើងត្រូវព្យាបាល និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ ដើម្បីឱ្យរបត់ឈាមរត់បានល្អឡើងវិញ។
ដូចគ្នាដែរ យើងត្រូវជ្រើសរើសស្បែកជើងដែលល្មមនឹងជើង និងចៀសវាងស្បែកជើងដែលតូចចង្អៀត ព្រោះស្បែកជើងដែលតូចជាងជើងធ្វើឱ្យម្រាមជើងយើងគាបចូលគ្នាដែលធ្វើឱ្យឈាមរត់មិនបានល្អ ហើយត្រូវត្រួតពិនិត្យជើងជាប្រចាំដើម្បីប្រាកដថា ជើងអត់មានរបួស។
លើសពីនេះទៅទៀត មុនពេលចូលគេងយើងអាចត្រាំជើងជាមួយទឹកក្តៅឧណ្ហៗដើម្បីជំរុញចលនាឈាមរត់។
២. ជំងឺត្រអក
ជំងឺត្រអកអាចបណ្តាលមកពីមូលហេតជាច្រើនដូចជា បែកញើស ស្រេស្ត ប្រតិកម្មជាមួយសាប៊ូ ឬទឹកអប់។ ដូច្នេះ យើងអាចចៀសវាងមូលហេតុបង្កដូចដែលបានរៀបរាប់ខាងលើ។
យើងអាចស្អំទឹកកកនៅលើក្រចកជើងដែលឆ្លងជំងឺត្រអកដើម្បីជួយកាត់បន្ថយអាការៈហើម ឡើងក្រហម ឬរមាស់។ យើងក៏អាចសាកល្បងវិធីសាស្រ្តព្យាបាលក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ឬអាចលាបថ្នាំព្យាបាលជំងឺត្រអក។
ក្រចកជើងឡើងលឿងក្រាស់អាចត្រូវការពេលវេលាព្យាបាលរាប់សប្តាហ៍ ឬរាប់ខែ អាស្រ័យលើមូលហេតុបង្ក។ លើសពីនេះទៅទៀត ក្រចកជើងឡើងលឿងក្រាស់ងាយបែក និងប្រេះណាស់ ដូច្នេះមុននឹងកាត់តម្រឹមក្រចក យើងគួរត្រាំជើងជាមួយទឹកក្តៅឧណ្ហៗប្រហែល ១០ នាទី រួចជូតឱ្យស្ងួតទឹកសិន ចាំយកកន្រ្តៃកាត់ក្រចកឱ្យត្រង់ដោយប្រុងប្រយ័ត្ន និងថ្នមៗ។
អត្ថបទគួរអាន៖
- តិចនិកងាយៗទាំង៧ ជួយឲ្យក្រចករឹងមាំ មានសុខភាពល្អ
- ចង់ឲ្យក្រចកដុះវែងលឿន និងមានសុខភាពល្អ កុំរំលងវិធីទាំង៤នេះ
- ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?
- ទឹកក្រូចឆ្មារមានគុណសម្បត្តិច្រើនជួយសម្អាត និងថែក្រចកដៃ
- តើការលាបថ្នាំក្រចកទុករយៈពេលយូរមានផលប៉ះពាល់ដែរឬទេ?
- សញ្ញាលើក្រចកទាំងនេះ បញ្ជាក់ពីបញ្ហាសុខភាព
[embed-health-tool-due-date]