ឆ្ងល់អត់ ម៉េចនៅសុខៗក្រចកប្រែជាពណ៌លឿង? ដោះស្រាយបែបណា?
មូលហេតុចម្បងដែលនាំឲ្យក្រចកប្រែទៅជាពណ៌លឿង អាចបណ្តាលមកពីការលាបថ្នាំក្រចកច្រើនជ្រុល ឬថែទាំក្រចកមិនត្រឹមត្រូវ។ យ៉ាងណាមិញ ប្រសិនបើគ្នាយើងប្រឈមនឹងបញ្ហាក្រចកឡើងពណ៌លឿង និងស្រអាប់មិនភ្លឺរលោង អាចដោះស្រាយតាមវិធីងាយៗខាងក្រោមនេះ។

១. ត្រាំក្រចកនៅក្នុងទឹកក្រូចឆ្មារ
ច្របាច់ក្រូចមួយផ្លែទៅក្នុងចានគោម ដោយបន្ថែមទឹកត្រជាក់បន្តិច រួចត្រាំម្រាមដៃនៅក្នុងទឹកនោះរយៈពេលពីរបីនាទី។ បន្ទាប់មក ទុកឲ្យស្ងួតសិន ទើបលាងសម្អាតដៃធម្មតា។ ធ្វើបែបនេះ អាចជួយឲ្យក្រចកភ្លឺរលោង និងកម្ចាត់ជាតិពណ៌ចេញពីក្រចក។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ប្រើវីតាមីនE
ជាមួយគ្នានេះដែរ យើងក៏អាចប្រើអាហារបំប៉នដែលផ្ទុកវីតាមីនE ដើម្បីកម្ចាត់បញ្ហាក្រចកលឿង។ ក្រៅពីនេះ ការម៉ាស្សាក្រចកជាមួយនឹងប្រេងអាល់ម៉ុនដែលសម្បូរទៅដោយវីតាមីនE ក៏មានអត្ថប្រយោជន៍ជួយកម្ចាត់ស្នាមពណ៌លឿងនៃក្រចកដូចគ្នា។
៣. ប្រើថ្នាំដុសធ្មេញ
វិធីសាស្ត្រមួយទៀត គឺលាបថ្នាំដុសធ្មេញស្តើងនៅលើក្រចក ដោយទុកចោលរយៈពេលប្រហែល១០នាទី។ ក្រោយមក យកច្រាស់ដុសធ្មេញ ឬច្រាស់ដុសក្រចក មកត្រដុសលើក្រចកថ្នមៗ ដើម្បីឲ្យក្រចកភ្លឺថ្លាឡើងវិញ។ ចុងក្រោយ គ្នាយើងត្រូវប្រើសំឡីជូតមុខសើម មកសម្អាតក្រចកឲ្យបានស្អាតល្អ។

៤. គន្លឹះថែទាំអនាម័យក្រចក
- ម៉ាស្សាក្រចកដៃ និងក្រចកជើងជាមួយប្រេងអូលីវម្តងក្នុងមួយសប្តាហ៍ ដើម្បីឲ្យក្រចកមានសុខភាពល្អ និងភ្លឺរលោង
- កាត់តម្រឹមក្រចកជាទៀងទាត់
- ប្រើសេរ៉ូមក្រចក
- ជៀសវាងប្រើថ្នាំលាបក្រចកដែលមានពណ៌ដិតខ្លាំង
- ជៀសវាងខាំក្រចក
- លាងសម្អាតដៃឲ្យបានត្រឹមត្រូវ នៅពេលដៃកខ្វក់
- ទុកឲ្យក្រចកស្ងួត និងស្អាតល្អ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់