គ្នាយើងធ្លាប់កើតបូសទេ? អ្នកធ្លាប់កើតបូសច្បាស់ជាយល់មិនខានថាវាមានការឈឺចាប់ ឬរំខានកម្រិតណានោះ ពិសេសបើកើតនៅក្លៀក ឬកំប៉េះគូទទៀតនោះ។ ចុះគ្នាយើងឆ្ងល់ទេថាហេតុអ្វីបានជាអ្នកខ្លះកើតបូសញឹកញាប់ ហើយអ្នកខ្លះមិនដែលកើត ឬកម្រកើត?
១. មូលហេតុកើតបូស
នៅពេលពេលស្បែករបស់យើងដាច់ រហែក មានរបួស ឬក៏មានការរលាកណាមួយកើតឡើង បាក់តេរីនឹងចូលទៅក្នុងស្បែករបស់យើងមិនខាន។ បូសអាចកើតឡើងបាននៅពេលដែលប្រព័ន្ធការពាររាងកាយយើងព្យាយាមសម្លាប់មេរោគដែលចូលក្នុងខ្លួនយើង ជាមួយនឹងការឆ្លើយតបរបស់កោសិកាឈាមស និងនាំឲ្យមានបង្កជាខ្ទុះ។
នៅចំណុចកណ្ដាលនៃបូសមានទឹករម្អិល និងផ្ទុកដោយកោសិកាងាប់ផ្សេងៗ បាក់តេរី និងធាតុកខ្វក់ផ្សេងទៀត។ កន្លែងករោគនោះ ក៏ចាប់ផ្ដើមឡើងធំ ធ្វើឲ្យមានសភាពតឹងនៅក្រោមស្បែក និងបង្កការរលាកជាលិកានៅជុំវិញនោះកាន់តែច្រើន។ ការឡើងតឹង និងការលាក បង្កឲ្យកើតមានការឈឺចាប់។
គ្នាយើងដែលមានប្រព័ន្ធភាណស៊ាំខ្សោយប្រឈមនឹងការកើតបូសញឹកញាប់។ មួយវិញទៀត អ្នកដែលធ្វើការនៅកន្លែងបរិស្ថានកខ្វក់ នៅជាមួយមនុស្សមានរោគឆ្លងលើស្បែក ខ្វះអនាម័យ និងលំហូរឈាមខ្សោយជាដើម ក៏ប្រឈមនឹងកើតមានបញ្ហាបូសនេះដែរ។
ដូចគ្នាដែរ អ្នកមានបញ្ហាសុខភាពមួយចំនួនខាងក្រោមនេះក៏ប្រឈមនឹងកើតបូសញឹកញាប់ដែរ ដោយសារតែរាងកាយបង្កើនការសម្លាប់មេរោគ។ បញ្ហាទាំងនោះរួមមាន៖
- អ្នកមានជំងឺធាត់
- មហារីក
- ទឹកនោមផ្អែម
- ជំងឺដំបៅរលាកពោះវៀនធំ និង
- អ្នកញៀនស្រា ឬគ្រឿងញៀនខុសច្បាប់ ជាដើម។
២. វិធីព្យាបាល
វិធីព្យាបាលនៅផ្ទះ
- បើបូសមានទំហំតូច (តូចជាង១សង់ទីម៉ែត្រ) យើងអាចប្រើកំណាត់ជ្រលក់ទឹកក្ដៅឧណ្ហៗយកមកដាក់លើកន្លែងកើតបូសប្រហែល៣០នាទី និងធ្វើបែបនេះបួនដងក្នុងមួយថ្ងៃ។
- កុំព្យាយាមច្របាច់បូសឲ្យសោះ ការធ្វើបែបនេះនឹងអាចធ្វើឲ្យមេរោគចូលកាន់តែជ្រៅទៅក្នុងជាលិកា។
- កុំព្យាយាមជោះ ឬឆ្កឹះបូសឲ្យសោះ ព្រោះអាចធ្វើឲ្យមានរបួសដល់សរសៃឈាមនៅផ្នែកខាងក្រោម ឬធ្វើឲ្យមេរោគរាលដាល។
ទៅជួបគ្រូពេទ្យ
គ្នាយើងត្រូវទៅរកការព្យាបាលពីគ្រូពេទ្យបើបូស៖
- មានទំហំធំជាង១សង់ទីម៉ែត្រ
- របួសរាលដាលកាន់តែខ្លាំង និងឈឺកាន់តែខ្លាំង
- កើតបូសម្ដុំទ្វារធំ ឬក្រលៀន
- មានអាការៈក្ដៅខ្លួនកើតឡើង
- មានឡើងស្នាមក្រហមច្រើន មានន័យថាមេរោគរាលដាល
- បើយើងមានបញ្ហាសុខភាពមួយចំនួនដូចមានក្នុងចំណុចខាងលើ។
[embed-health-tool-due-date]