ត្បិតតែរូបរាងខាងក្រៅមិនអាចយកឈ្នះសម្រស់ពីខាងក្នុងរបស់យើងបាន តែវាក៏សំខាន់ដែរ បើយើងមានភាពជឿជាក់លើសម្រស់ខាងក្រៅ ហើយមុនមិនមែនជាអ្វីដែលយើងចង់មានលើខ្លួនទេ ជាពិសេសលើមុខ។ គ្នាយើងខ្លះ មុខឡើងមុនខ្លាំងប្រើផលិតផលណាក៏មិនបាត់ ធុញទ្រាន់នឹងការមិនឃើញលទ្ធផលផង ហើយស្ដាយលុយទៀត។ ប៉ុន្តែយើងត្រូវដឹងថា ទម្លាប់អាក្រក់តូចតាចដែលយើងធ្វើរាល់ថ្ងៃ ក៏អាចឲ្យមុនកើតម្ដងបន្តិចៗលើមុខដោយមិនដឹងខ្លួនដែរដូច៖
១.ស្ត្រេស
កាលណាយើងស្ត្រេស រាងកាយរបស់យើងនឹងបញ្ចេញអ័រម៉ូនធ្វើឲ្យមានការផលិតប្រេងច្រើនលើស្បែក ដែលជាកត្តាបណ្ដាលឲ្យកើតមុន។
២.ជក់បារី
ការជក់បារីប៉ះពាល់ទៅដល់ Collagen និង Elastin ជាហេតុធ្វើឲ្យស្បែកងាយកើតមុន ឬពិបាកបំបាត់ស្នាមមុនជាដើម។ មួយវិញទៀត ការជក់បារីក៏ឆាប់ឲ្យយើងមានស្នាមជ្រីវជ្រួញលើស្បែក បណ្ដាលឲ្យមើលទៅចាស់ជាងអាយុមិនខាន។
៣.គេងទាំងមិនលុបមុខ
បើយើងមិនលុបមុខ ហើយចូលគេងទាំងមុខសុទ្ធតែដី ឬ make up ធូលី ឬគ្រឿងសម្អាងដែលនៅជាប់មុខយើងមួយថ្ងៃហើយនោះ នឹងកកក្នុងរន្ធញើស ហើយកកើតជាបាក់តេរី បណ្ដាលឲ្យមុខឡើងមុន។
៤.លាងមុខញឹកញាប់ពេក
មួយថ្ងៃៗលាងមុខ ៣-៤ដង ក៏មិនល្អដល់ស្បែកមុខដែរ។ ការលាងមុខច្រើនដងពេកកម្ចាត់ប្រេងល្អៗលើមុខយើង ធ្វើឲ្យស្បែកស្ងួត ហើយមុខកាន់តែផលិតប្រេងច្រើនលើសដើម មកបំពេញប្រេងដែលបាត់បង់ទៅ។ ការដែលយើងដុសមុខខ្លាំងៗ ក៏បង្កជាផលរំខានដល់ស្បែកមុខដែរ។
៥.អត់បោកស្រោមខ្នើយ
យើងមិនសូវចាប់អារម្មណ៍ទេ អារឿងស្រោមខ្នើយនេះ តែស្រោមខ្នើយនឹងអាចផ្ទុកបាក់តេរីកខ្វក់ ហើយពេលយើងគេងលើ បាក់តេរីទាំងនោះ អាចតោងជាប់នឹងស្បែកមុខយើងបង្កជាមុនបាន។ ស្រោមខ្នើយមិនគួរប្រើទាល់តែរាប់ខែបានប្ដូរទេ គួរប្ដូរ២ដង/សប្ដាហ៍។
៦.គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ បង្កើនកម្រិតស្ត្រេសដែលធ្វើឲ្យយើង ងាយនឹងកើតមុនលើមុខ។ មិនតែប៉ុណ្ណោះ បើយើងគេងមិន ៧-៨ម៉ោង/យប់ទេ ភ្នែកនឹងឡើងដក់ ឬអាចឡើងខ្មៅក្រោមភ្នែក ធ្វើឲ្យបាក់សម្រស់មួយកម្រិតថែមទៀត។
៧.របបអាហារប្រចាំថ្ងៃ
ចំពោះចំណីអាហារដែលយើងញ៉ាំរាល់ថ្ងៃ ក៏មានចំណែកក្នុងការបង្កឲ្យកើតមុនបានដែរ ជាពិសេសអាហារដែលធ្វើឲ្យក្ដៅក្នុងខ្លួន។ យកល្អ ក្នុងមួយថ្ងៃៗ យើងត្រូវញ៉ាំអាហារដែលមានជីវជាតិល្អៗស្មើគ្នា ហើយញ៉ាំបន្លែបៃតងឲ្យបានច្រើន ព្រោះវាជួយការពារមិនឲ្យមានការរលាកផ្សេងៗកើតឡើង ដែលជាហេតុបណ្ដាលឲ្យកើតមុនផ្ដេសផ្ដាស។
[embed-health-tool-due-date]