បញ្ហាមុនអាចបង្កការខូចខាតដល់ស្បែក និងជាលិកានៅខាងក្រោមស្បែក ហើយរាងកាយយើងព្យាយាមជួសជុលកន្លែងដែលខូចខាត និងផលិតខូឡាជែន។ ប្រសិនជារាងកាយផលិតខូឡាជែនតិច ឬច្រើនពេកអាចបង្កមានស្នាមបាន។ ប៉ុន្តែក្រៅពីផលិតផលថែរក្សាស្បែក យើងក៏អាចបន្ថយស្នាមបង្កដោយមុនតាមអាហារប៉ុន្មានប្រភេទខាងក្រោម។
១. ផ្លែល្ពៅ
ផ្លែល្ពៅជាប្រភពនៃវីតាមីន B3 (Niacin) ហ្វូឡាត (folate) វីតាមីន A និងស័ង្កសី។ វីតាមីន B3 និងហ្វូលាតបង្កើនលំហូរឈាម ជួយដល់ការបង្កើតកោសិកាថ្មី និងអាចព្យាបាលមុនបានទៀត។ ចំណែកឯ គ្រាប់ល្ពៅមានស័ង្កសីដែលជួយគ្រប់គ្រងកម្រិតអ័រម៉ូន និងការផលិតខ្លាញ់ ហើយក៏ជួយដល់ការជាសះស្បើយរបស់ស្បែកដែរ។ រីឯវីតាមីន A វិញជួយបន្ថយស្នាមមុនបាន។
២. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារអាចជួយបន្តឹងស្បែក និងប្រឆាំងនឹងស្នាមជាំបាន។ សំបកក្រូចឆ្មារផ្ទុកសារធាតុ flavonoids ដែលមានប្រសិទ្ធភាពការពារ និងប្រឆាំងនឹងសារធាតុបង្កជំងឺមហារីកលើស្បែក។ យើងអាចផឹកទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកក្រូចឆ្មារនៅពេលព្រឹកដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព និងស្បែកភ្លឺរលោង។
៣. ដំឡូងជ្វា
ដំឡូងជ្វាមានសារធាតុរ៉េទីណុល (Retinol) និងបេតាការ៉ូតេន (Beta-carotene)។ រាងកាយយើងនឹងបំលែងបេតាការ៉ូតេនទៅជាវីតាមីន A ហើយវីតាមីននេះជារបាំងការពារស្បែកពីការប្រែពណ៌ ការរលាក និងការស្ទះរន្ធញើសដែលបង្កដោយពួករ៉ាឌីកាល់សេរី។ ចំណែកឯរ៉េទីណុលគឺអាចប្រឆាំងនឹងបញ្ហាឡើងជាតិពណ៌លើស្បែក (Hyperpigmentation) បញ្ហាមុន និងស្នាមមុន។
៤. ផ្លែល្ហុង
ផ្លែល្ហុងសម្បូរដោយអង់ហ្សីមរំលាយអាហារឈ្មោះ papain។ អង់ហ្សីមនេះជួយកម្ចាត់កោសិកាស្បែកងាប់ ផ្ចិតរន្ធញើស និងបន្ថយស្នាមមុន ហើយក៏ជួយរក្សាសំណើមដល់ស្បែក និងបង្ការការឡើងមុននៅថ្ងៃខាងមុខដែរ។
៥.ផ្កាខាត់ណា
ផ្កាខាត់ណាមានផ្ទុកវីតាមីន C និងអាស៊ីដអាមីណូ Histidine។ អាស៊ីដអាមីណូនេះការពារស្បែកពីកាំរស្មី UV ដែលអាចធ្វើឲ្យស្នាមអុជខ្មៅកាន់តែធ្ងន់ធ្ងរ។ ចំណែកឯវីតាមីន C ប្រឆាំងនឹងការខូតខាតបង្កដោយពពួករ៉ាឌីកាល់សេរី ជួយរាងកាយក្នុងការស្រូបយកជាតិដែក ព្យាបាលស្នាមរបួស និងស្នាមមុន។
[embed-health-tool-due-date]