ជាទូទៅ នៅពេលក្នុងមាត់យើងមានបញ្ហាដូចជា រលាកអញ្ចាញធ្មេញ ឬពងបែកមាត់ យើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះគិតថាវាជាបញ្ហាទូទៅ មនុស្សភាគច្រើនកើតស្ទើរគ្រប់គ្នា។ ប៉ុន្តែមានដឹងអត់ថា មាត់របស់យើង ក៏អាចកើតមានបញ្ហាកើតគីសនៅបបូរមាត់ដែរ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ រាប់លានដែលស្ថិតនៅក្រោមភាសស្ដើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យកំណើនទឹកដក់ ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។
ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនវាកើតឡើងញឹកញាប់លើបបូរមាត់។ ការកើតឡើងប្រភេទគីសនៅលើបបូរមាត់នេះ បង្កឡើងដោយមូលហេតុ នឹងបង្កជារោគសញ្ញា យើងគួរចាប់អារម្មណ៍មួយចំនួនរួមមាន៖
មូលហេតុកើតគីសបបូរមាត់
– ការស្ទះនៃក្រពេញទឹកមាត់តូចៗ
– មូលហេតុចម្បងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់
រោគសញ្ញាគីសបបូរមាត់
– គ្មានការឈឺចាប់នោះទេ
– មានពណ៌ក្រហមថ្លា ឬខៀវ
– មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់។ល។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា បញ្ហាគីសបបូរមាត់អាចកើតឡើងវិញបានក្រោយព្យាបាលរួច ក្នុងករណីដែលអ្នកជំងឺ ខាំបបូរមាត់កន្លែងដដែល ឬការព្យាបាលមិនយកដុំសាច់ និងក្រពេញទឹកមាត់នៅជុំវិញគីសនោះចេញអស់។ ចំពោះបញ្ហាគីសនៅលើបបូរមាត់នេះ ក៏មិនអាចព្យាបាលជាសះស្បើយ ដោយការលេបថ្នាំបានដែរ។ ដូចនេះ ប្រសិនបើនៅក្នុងមាត់មានបញ្ហាដំបៅ ឬមានជំងឺមាត់ធ្មេញកើតឡើង គួរទៅពិគ្រោះ និងពិនិត្យជាមួយទន្តបណ្ឌិតមានជំនាញច្បាស់លាស់ ដើម្បីព្យាបាលមានប្រសិទ្ធភាព។
[embed-health-tool-due-date]