ធម្មតា យើងតែងងូតទឹកយ៉ាងហោចណាស់ម្ដង/ថ្ងៃ ដើម្បីសម្អាតរាងកាយ ពីធូលី ញើស (ក្អែល) ជាដើមដែលតោងជាប់ស្បែក។ កាលណាយើងមិនងូតទឹក ហើយដុះខ្លួនឲ្យបានស្អាតទេ អាចធ្វើឲ្យយើងកើតមុន មានបញ្ហាស្បែក រហូតអាចកើតគីសនៅក្នុងក្រពេញគល់រោមបាន។
មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា គីសក្រពេញគល់រោម គឺជាប្រភេទគីសដែលកើតឡើងដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើងជាពិសេស នៅលើខ្នង។ មូលហេតុដែលបណ្ដាលឲ្យកកស្ទះនេះ បង្កឡើងដោយ៖
– មេរោគ
– ក្អែល
– ធូលី
– កម្ទេចកំទីល្អិតផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កម្ដៅព្រះអាទិត្យ ឬការជក់បារីជាដើម។
ចំពោះជំងឺគីសក្រពេញគល់រោម យើងអាចសង្កេតដឹងថា វាកើតឡើងនៅពេលដែលមានសញ្ញាដូចជា កន្ទួលលើស្បែក រឹងពណ៌ស ឬលឿង។ នៅក្នុងដំណាក់កាលដំបូង វាមិនធ្វើឲ្យឈឺចាប់ទេ ប៉ុន្តែបើមិនបានថែទាំ និងព្យាបាលបានត្រឹមត្រូវទេនោះ ដុំគីសនឹងវិវត្តទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។
ស្របគ្នានេះ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំពីវិធីការពារខ្លួនយើងពីជំងឺគីសប្រភេទ ជាមួយវិធានការ៣សំខាន់ៗទាំងនេះមាន៖
១. ត្រូវអនាម័យខ្លួនប្រាណដោយការលាង ជម្រះក្អែល ឬធូលី អ្វីដែលកខ្វក់លើរាងកាយ បន្ទាប់ពីបញ្ចប់ការងារប្រចាំថ្ងៃ
២. មិនត្រូវស្លៀកពាក់តឹងចង្អៀតពេក
៣.ព្យាយាមរើសក្រណាត់ ឬខោអាវណាដែលអាចជួយស្បែកមានខ្យល់ចេញចូលបានស្រួល មិនធ្វើឲ្យក្ដៅស្អុះស្អាប់ដល់ស្បែកយើង។ល។
[embed-health-tool-due-date]