អ្នកកើតអង្គែ ធុញអត់? ធ្លាប់សាកច្រើនវិធីហើយ នៅតែមិនបាត់? ចុះធ្លាប់ឆ្ងល់អត់ ថាម៉េចបានវាកើត? ថ្ងៃនេះ “Hello គ្រូពេទ្យ” សុំបកស្រាយលម្អិតម្ដង!
អង្គែកើតឡើងពេលស្បែកក្បាលស្ងួត ឬឡើងខ្លាញ់ច្រើន ធ្វើឲ្យស្បែកក្បាលងាប់ដែលមានរាងជាបន្ទះៗ។ អង្គែមិនប៉ះពាល់សុខភាពទេ គ្រាន់តែពេលខ្លះ ធ្វើឲ្យយើងបាត់ទំនុកចិត្ត ឬខ្មាសគេ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
១- ម៉េចបានមានអង្គែ?
ស្បែកក្បាលមានដំណើរការលូតលាស់ និងជម្រុះកោសិកាស្បែក។ មានអង្គែ ព្រោះដំណើរការនេះកើតលឿនខ្លាំង ហើយជាតិប្រេងដែលស្បែកក្បាលផលិត ធ្វើឲ្យកោសិកាងាប់ស្អិតជាប់គ្នា បង្កើតជាបន្ទះសៗ។
អង្គែអាចកើតដោយបញ្ហាជាច្រើនដូចជា៖
– រលាកស្បែក៖ Seborrheic dermatitis ឬជំងឺរលាកស្បែក បង្កដោយក្រពេញបញ្ចេញខ្លាញ់ដំណើរការខ្លាំងជ្រុល ធ្វើឲ្យកើតអង្គែ។ ស្បែកក្បាលឡើងក្រហម រោលរមាស់ រងើមមានខ្លាញ់ច្រើន ពេញដោយបន្ទះស្រកាពណ៌ស ឬលឿង។ ក្រៅពីស្បែកក្បាល កន្លែងផ្សេងទៀតដែលមានខ្លាញ់ច្រើន ក៏អាចប៉ះពាល់ដែរ ដូចជា ចិញ្ចើម ចំហៀងច្រមុះ ឆ្អឹងទ្រនុងទ្រូង ក្រលៀន និងក្លៀក។
– អនាម័យសក់មិនល្អ៖ បើមិនកក់សក់ជាប្រចាំទេ ជាតិប្រេង និងកោសិកាស្បែកដែលងាប់អាចផ្តុំគ្នា បង្កឲ្យមានអង្គែបាន។
– ផ្សិតពីស្បែកក្បាល៖ ពពួកផ្សិត Malassezia មានលើស្បែកក្បាលមនុស្សភាគច្រើន។ ប៉ុន្តែ ពេលខ្លះ វារំខានស្បែកក្បាលយើងរមាស់ បង្កជាអង្គែ។
– ផលិតផល៖ ផលិតផលរក្សាសក់ ឬលាប/បាញ់ បើមិនត្រូវស្បែកក្បាល ធ្វើឲ្យស្បែករោលក្រហាយ រមាស់ និងមានបន្ទះស្រកាស្តើងតូចៗបាន។
២- របៀបកម្ចាត់អង្គែ
កក់សក់ប្រចាំ
កក់សក់ឲ្យបានសព្វសាច់ក្បាលដោយសាប៊ូដែលគ្មានជាតិថ្នាំពេទ្យ ម៉ាស្សាស្បែកក្បាល និងលាងឲ្យស្អាត។ កក់សក់ជាប្រចាំ អាចជួយយកកោសិកាងាប់ និងបង្ការការចាល់ផ្តុំ ប៉ុន្តែបើបញ្ហាមិនប្រសើរទេ គួរប្រើសាប៊ូកក់សក់កម្ចាត់អង្គែ។ សាប៊ូកក់សក់កម្ចាត់អង្គែខ្លះ ទាមទារឲ្យប្រើជាប្រចាំ ឬម្ដងពីរដងក្នុងមួយសប្តាហ៍។ ត្រូវធ្វើតាមការណែនាំ មុនប្រើ បើចង់បានលទ្ធផលល្អ។
រើសសាប៊ូ
គ្នាយើងភាគច្រើនទិញសាប៊ូប្រេនៗមិនសូវខ្វល់ ឬមិនដឹងពីធាតុផ្សំប្រឆាំងអង្គែទេ។ ធាតុផ្សំ ឬសាប៊ូកម្ចាត់អង្គែ ត្រូវមានសមាសធាតុសំខាន់ដូចខាងក្រោម៖
– កេតូកូណាហ្សុល (ketoconazole)
– សេលេន្យូម ស៊ុលហ្វ៊ីត (selenium sulfide)
– អាស៊ីដសាលីស៊ីឡិច (salicylic acid)
– ស្ពាន់ធ័រ
– ជាតិជ័រខ្មៅបានពីធ្យូងទន់ (coal tar) ឬស័ង្កសីពីរីថ្យូន (zinc pyrithione)។
កេតូកូណាហ្សុល (Ketoconazole) ស្ពាន់ធ័រ និងជាតិជ័រខ្មៅបានពីធ្យូងទន់ (coal tar) មានប្រសិទ្ធភាពខ្លាំងកម្ចាត់អង្គែដែលកើតពីជំងឺរលាកស្បែក ដោយសារក្រពេញបញ្ចេញខ្លាញ់ពីគល់សក់ ដំណើរការខ្លាំងពេក (seborrheicdermatitis)។ អាស៊ីដសាលីស៊ីឡិច (Salicylic acid) ល្អសម្រាប់អ្នកដែលមានអង្គែបង្កដោយជំងឺ Psoriasis (រលាកស្បែករ៉ាំរ៉ៃដែលមានលក្ខណៈបែកស្រកា និងពណ៌ក្រហម)។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
បើសាប៊ូកក់សក់ទិញពីផ្សារជួយមិនបាន ឬកត់សម្គាល់ថាសភាពបញ្ហាកាន់តែអាក្រក់ គួរជួបពេទ្យសើស្បែក។ ពេទ្យអាចឲ្យឡេមានជាតិថ្នាំពពួក ស្តេរ៉យព្យាបាលលាបពីក្រៅ។ ឡេមានជាតិថ្នាំពពួកស្តេរ៉យ អាចធ្វើឲ្យស្បែកស្តើង និងបង្កឲ្យមានផលរំខានខ្លះៗ។ មិនគួរប្រើយូរពេកទេ ទាល់តែមានការណែនាំពីពេទ្យ។
[embed-health-tool-due-date]