ពេលស្បែករបស់យើងពុំមានប្រេងការពារគ្រប់គ្រាន់ទេ សំណើមលើស្បែក ក៏លែងមានដែរ។ ពេលលែងមានជាតិទឹកគ្រប់គ្រាន់នៅស្រទាប់ស្បែកខាងក្រៅ វាបណ្ដាលឲ្យស្ងួតស្បែក ហើយបញ្ហានេះ កើតឡើងច្រើន អំឡុងរដូវត្រជាក់ ធ្លាក់ខ្យល់។
លើសពីនេះ នៅមានកត្តាផ្សេងទៀត បណ្ដាលឲ្យស្បែកស្ងួត ដូចជា ការប្រើប្រាស់សាប៊ូ ឬទឹកក្តៅច្រើនពេក ការប៉ះពាល់ជាមួយសារធាតុគីមី ជំងឺស្បែក និងការវិវត្តវ័យ។ បញ្ហាស្បែកស្ងួតនេះ អាចបណ្ដាលឲ្យរមាស់ ប្រេះស្បែក រលាកស្បែក និងងាយឆ្លងមេរោគផងដែរ។ តែយើងអាចកម្ចាត់បញ្ហាស្បែកស្ងួតទាំងនេះបាន ដោយប្រើរូបមន្តធម្មជាតិខាងក្រោមនេះ៖
១.ប្រេងដូង
មានផ្ទុកសារធាតុ emollient ហើយសារធាតុនេះជួយបំពេញចន្លោះរវាងកោសិកាស្បែក ធ្វើឲ្យស្បែកភ្លឺរលោង។ ប្រេងដូងក៏អាចជួយផ្ដល់សំណើមដល់ស្បែក និងជួយស្បែកឲ្យមើលទៅរលោងមានសុខភាពល្អ។ ម៉្យាងទៀតយើងអាចប្រើប្រេងដូងទៅលើស្បែកត្រង់កន្លែងដែលងាយប្រតិកម្មក៏បានដូចជា ក្រោមភ្នែក និងជុំវិញមាត់។
២.ទឹកឃ្មុំ
ទឹកឃ្មុំមានប្រយោជន៍មិនធម្មតាទេសម្រាប់បញ្ហាស្បែកច្រើនមុខ។ ទឹកឃ្មុំ ជួយផ្ដល់សំណើមដល់ស្បែក ព្យាបាលស្បែក និងជាភ្នាក់ងារមួយជួយទប់ទល់នឹងការរលាក។ ហេតុនេះហើយ យើងអាចកម្ចាត់បញ្ហាស្បែកស្ងួតដោយប្រើទឹកឃ្មុំ ដោយលាបវាទៅលើស្បែកផ្ទាល់បាន។
៣.ចាហួយ Petroleum jelly
មានផលិតផលផ្ដល់សំណើមដល់ស្បែកមួយចំនួនមានផ្ទុកចាហួយ Petroleum ឬយើងអាចហៅបានម៉្យាងទៀតគឺ ប្រេងរ៉ែ។ វាក៏ត្រូវបានប្រើសម្រាប់ជួយស្បែកពីបញ្ហាស្បែកស្ងួតជាច្រើនឆ្នាំមកហើយ ដោយសារវាដើរតួនាទីជាស្រទាប់លើស្បែក ជួយស្បែកកុំឲ្យបាត់បង់ប្រេង ជាហេតុធ្វើឲ្យស្បែកសើម និងជួយព្យាបាលស្បែកស្ងួត និងស្បែកប្រតិកម្ម។
៤.ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើ អាចជួយទប់ស្កាត់ស្បែកពីបញ្ហាស្បែកស្ងួត។ គ្នាយើងណាដែលមានដៃស្ងួត ឬជើងស្ងួតអាចលាបជែលប្រទាលកន្ទុយក្រពើ រួចពាក់ស្រោមជើង ឬស្រោមដៃពីលើ។ បន្ទាប់មកស្បែកយើងនឹងកើតលែងប្រេះ និងមានសំណើមមកវិញ។
[embed-health-tool-due-date]