កាំរស្មី UV (Ultraviolet) ឬយើងស្គាល់ជាភាសាសាមញ្ញថា ពន្លឺ ដែលភាគច្រើនផលិតចេញពីព្រះអាទិត្យ និងម៉ាស៊ីនមួយចំនួន (គ្រែ tanning ឬពិល។ល។) ។ តាមពិតទៅ កាំរស្មី UV ផ្ដល់វីតាមីនមួយចាំបាច់មែនទែនសម្រាប់សុខភាពយើង ប៉ុន្តែបើយើងទៅឈរហាលថ្ងៃយូរ ហើយពន្លឺថ្ងៃខ្លាំងទៀតនោះ នឹងប៉ះពាល់ស្បែក និងសុខភាពទូទៅយើងវិញ។
អត្ថប្រយោជន៍នៃកាំរស្មី UV
មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងថា អត្ថប្រយោជន៍របស់កាំរស្មី UV គឺ ផ្ដល់វីតាមីន D ជាវីតាមីនសំខាន់សម្រាប់សុខភាពមនុស្សយើង។ វីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម ជាតិ Phosphorus ពីចំណីអាហារ និងជួយដល់ការអភិវឌ្ឍឆ្អឹង។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យយើងត្រូវពន្លឺថ្ងៃយ៉ាងតិចឲ្យបាន ៥-១៥នាទី និង២-៣ដង/សប្ដាហ៍។
ហានិភ័យនៃកាំរស្មី UV
-បើយើងឈរក្រោមពន្លឺថ្ងៃយូរ វាអាចបណ្ដាលឲ្យយើងរលាកស្បែក
-ការប៉ះពាល់ជាមួយកាំរស្មី UV ក្នុងរយៈពេលយូរ (ដូចជា ឧស្សាហ៍ហាលថ្ងៃ ឬ tanning ) អាចបណ្ដាលឲ្យស្បែកចាស់មុនអាយុ និងប្រឈមជំងឺមហារីកស្បែក
-កាំរស្មី UV ក៏អាចបង្កើនហានិភ័យជំងឺភ្នែកបណ្ដាលឲ្យមើលមិនឃើញ ក្នុងករណី យើងមិនបានការពារភ្នែក
បន្ថែមពីលើនេះ ជំងឺមហារីកស្បែក អាចកើតឡើងបានចំពោះមនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនវាកើតមានចំពោះមនុស្សដែល៖
- ចូលចិត្តនៅក្រោមកម្ដៅថ្ងៃយូរ
- មានស្បែកស ពណ៌ភ្នែក និងសក់ស្រាល
- មានអាយុលើស ៥០
- គ្រួសារមានប្រវត្តិជំងឺមហារីក ជាដើម។
តិចនិកការពារខ្លួនពីកាំរស្មី UV
- នៅក្នុងកន្លែងម្លប់ ពិសេសពេលថ្ងៃត្រង់
- ស្លៀកសម្លៀកបំពាក់វែងៗ (ខោជើងវែង អាវដៃវែង)
- ពាក់មួកធំៗ ការពារផ្ទៃមុខ មាត់ ច្រមុះ ភ្នែក និងក
- ពាក់វ៉ែនតាខ្មៅការពារភ្នែកពីកាំរស្មី UV
- ប្រើឡេការពារកម្ដៅថ្ងៃ ដែលមានSPF ១៥ ឬលើសនេះ។ល។
[embed-health-tool-due-date]