
៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា ការប៉ះពាល់នឹងកាំរស្មីUVខ្លាំង ក៏អាចរារាំងដល់ដំណើរការប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងកាត់បន្ថយការការពារលក្ខណៈធម្មជាតិនៃស្បែក។ ជាទូទៅ ស្បែករបស់យើងការពារប្រឆាំងនឹងការបង្ករោគ និងជំងឺមហារីក។ ប៉ុន្តែនៅពេលដែលយើងប៉ះពាល់ខ្លាំងទៅនឹងកាំរស្មីUV វាអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយកាត់បន្ថយសមត្ថភាពក្នុងការប្រឆាំងនឹងជំងឺផ្សេងៗនៃស្បែក។
ការស្វែងយល់ពីសន្ទស្សន៍UV
គ្នាយើងគប្បីស្វែងយល់ពីសន្ទស្សន៍UV ដើម្បីបញ្ចៀសការប៉ះពាល់ទៅនឹងកាំរស្មីUV ដ៏គ្រោះថ្នាក់។
- កម្រិត០ដល់២ (កម្រិតទាប)៖ មិនត្រូវការការពារឡើយ។ យើងអាចចេញទៅខាងក្រៅបាន ដោយគ្រាន់តែលាបក្រែមការពារកម្ដៅថ្ងៃ។
- កម្រិត៣ទៅ៧ (កម្រិតមធ្យមទៅខ្ពស់)៖ យើងចាំបាច់ត្រូវការពារ ដោយរកម្លប់ដើម្បីជ្រក នៅអំឡុងម៉ោង១០ព្រឹក ដល់៤ល្ងាច។ នៅពេលចេញទៅខាងក្រៅ គប្បីលាបក្រែមការពារកម្ដៅថ្ងៃ ស្លៀកសំលៀកបំពាក់ជិតៗ ពាក់មួក និងវ៉ែនតាការពារកម្ដៅថ្ងៃ។
- កម្រិត៨ ឬលើសពីនេះ (កម្រិតខ្ពស់)៖ នៅក្នុងកម្រិតដ៏ខ្ពស់នេះ យើងចាំបាច់ត្រូវការពារឲ្យបានដិតដល់ ជាពិសេសគឺនៅចន្លោះម៉ោង១០ព្រឹក ដល់៤ល្ងាច។ ស្លៀកសំលៀកបំពាក់ជិតៗ ពាក់មួក វ៉ែនតាការពារកម្ដៅថ្ងៃ និងលាបក្រែមការពារកម្ដៅថ្ងៃ យ៉ាងហោចណាស់មានSPF-15 នៅលើស្បែកដែលប៉ះពាល់នឹងកម្ដៅថ្ងៃ។
ពិនិត្យកម្រិត UV តាមរយៈស្រមោល
អាចមានវិធីងាយៗមួយចំនួន សម្រាប់សម្គាល់ថាកម្រិតUV ដែលយើងប៉ះខ្លាំងកម្រិតណានោះ ដោយយើងមើលលើស្រមោល៖
- បើសិនជាស្រមោលយើងវែងជាកម្ពស់របស់យើង(ពេលព្រឹក ឬល្ងាច) បានន័យថាយើងប៉ះពាល់កម្រិតUVតិច។
- បើសិនជាស្រមោលខ្លីជាងកម្ពស់របស់យើងជាក់ស្ដែង (ភាគច្រើននៅថ្ងៃត្រង់) នោះយើងកំពុងរងការប៉ះពាល់កម្រិតUVខ្លាំង។ ចូរស្វែងរកម្លប់ជ្រក និងការពារភ្នែក និងស្បែករបស់យើង។