ជឿថា គ្នាយើងស្រីៗភាគច្រើនចំណាយប្រាក់កាសទៅលើផលិតផលថែទាំសម្រស់ពីក្បាលដល់ចុងជើងមិនតិចទេពីមួយខែទៅមួយខែ ព្រោះតែសម្រស់ ក៏ដូចជាចង់បានសុខភាពស្បែកល្អ។ ជាមួយគ្នានេះដែរ នៅពេលអាកាសធាតុត្រជាក់បែបនេះ ងាយឲ្យស្បែកស្ងួតយារធ្លាក់ ដោយសារខ្យល់ក្នុងបរិយាកាសជាខ្យល់ស្ងួត។
យើងគួរថែទាំ និងជ្រើសរើសផលិតផលណាដែលអាចការពារស្បែកស្ងួតយារធ្លាក់ក្នុងខែត្រជាក់?
• រក្សាសំណើមក្នុងស្បែកដែលយើងមានស្រាប់។ ជាទូទៅស្បែកយើងមានផលិតប្រេងធម្មជាតិដែលអាចជួយការពារ និងរក្សាសុខភាពស្បែកឲ្យមានសុខភាពល្អផងដែរ។ ដើម្បីកុំឲ្យស្បែកស្ងួតយារធ្លាក់ឆាប់ យកល្អចៀសវាងការងូតទឹកក្ដៅ ឬងូតទឹកយូរពេក និងគួរផ្ដល់សំណើមភ្លាមដល់ស្បែកក្រោយងូតទឹករួច (ជូតសម្អាតខ្លួនសិន)។
• ផ្ដល់សំណើមដល់ស្បែកចេញពីក្នុងខ្លួនដោយការញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកក៏ជួយផ្ដល់សំណើមដល់ស្បែកដែរ។
• កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ ទោះជានៅខាងក្រៅត្រជាក់ ក៏មិនមែនមានន័យថាកម្ដៅព្រះអាទិត្យមិនប៉ះពាល់ដល់ស្បែកយើងទេ។
• បន្ថែមសំណើមដល់ស្បែកដោយប្ដូរទៅប្រើផលិតផលផ្ដល់សំណើមដែលមានជាតិប្រេងធម្មជាតិក្នុងរដូវរងា។
ស្រីៗយើងត្រូវចំណាំទុកថា ផលិតផលដែលអាចការពារស្បែកស្ងួតយារធ្លាក់បានល្អ ជាផលិតផលមានផ្ទុកសារធាតុ Occlusives (មានមុខងារជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។ ផលិតផលដែលមានធាតុផ្សំទាំង ៣ ខាងលើនេះ ផ្ដល់នូវភាពរលោង ផ្ដល់សំណើមដល់ស្បែកបានយូរ និងធ្វើឲ្យស្បែកទន់រលោងដូចអំបោះសូត្រ។
ជាចុងក្រោយ ស្រីគ្នាយើងគប្បីយកចិត្តទុកដាក់ចំពោះសុខភាពស្បែកបន្ថែមនៅក្នុងរដូវរងា ព្រោះស្បែកមានភាពផុយស្រួយជាងធម្មតា ដូច្នេះយើងត្រូវថែទាំស្បែកឲ្យបានល្អ ប៉ុន្តែបើសង្កេតឃើញស្បែករបក ឡើងក្រហម ឬមានភាពមិនប្រក្រតីណាមួយ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
[embed-health-tool-due-date]