ជាំមុខជាជំងឺវិបត្តិជាតិពណ៌ដែលបណ្តាលមកពីកោសិកាមេឡាណូសាយរបស់ស្បែកបញ្ចេញជាតិពណ៌មេឡានីនច្រើន ហើយបង្កឱ្យមានការឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលនៅលើថ្ងាស ថ្ពាល់ ច្រមុះ ឬមាត់។ តើអ្នកណាងាយប្រឈមនឹងជាំមុខជាងគេ? ហើយជាំមុខចែកចេញជាប៉ុន្មានប្រភេទ? អាចព្យាបាលជាដែរឬទេ?
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ភាគច្រើនស្រី្តងាយប្រឈមនឹងការជាំមុខជាងបុរស ហើយបើគិតតាមអាយុគឺនៅចន្លោះ ២០ ទៅ ៤០ ឆ្នាំ។
លើសពីនេះទៅទៀត ស្រ្តីដែលមានសម្បុរស្រគាំ (សណ្តែកបាយ) មានន័យថា មិនសពេក ហើយក៏មិនខ្មៅពេកក៏ងាយប្រឈមនឹងជាំមុខដែរ។ បើស្រ្តីដែលមានសម្បុរស ឬខ្មៅតែម្តងអត់សូវប្រឈមនឹងបញ្ហាជាំមុខទេ។
ស្បែករបស់យើងចែកចេញជាបីស្រទាប់ ស្រទាប់ខាងលើ ស្រទាប់កណ្តាល និងស្រទាប់ខាងក្រោម។ ជាទូទៅជាំមុខកើតតែលើស្រទាប់ស្បែកលើ និងកណ្តាលទេ ព្រោះស្រទាប់ស្បែកទាំង ២ នេះមានផ្ទុកកោសិកាមេឡាណូសាយដែលផលិតជាតិពណ៌។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ជាទូទៅយើងបែងចែកជាំមុខជា ៣ ប្រភេទទៅតាមកម្រាស់ជាតិពណ៌ និងទីតាំងដែលកើតលើស្រទាប់ស្បែក៖
១. ប្រភេទទី ១
ស្នាមជាំកើតនៅស្រទាប់ស្បែកខាងលើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាលឃើញស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ ហើយងាយស្រួលក្នុងការព្យាបាល។
២. ប្រភេទទី ២
ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល អត់សូវច្បាស់ ឬមានគែមអត់សូវច្បាស់ ហើយមានការពិបាកក្នុងការព្យាបាល។
៣. ប្រភេទទី ៣
ជាប្រភេទចំរុះដែលស្នាមជាំអាចកើតទាំងនៅស្បែកស្រទាប់ខាងលើ និងនៅស្រទាប់កណ្តាល។
បញ្ហាជំាមុខអាចព្យាបាលជា តែក៏ងាយនឹងលាប់មកវិញដែរ។ ឧទាហរណ៍ម៉ាក់ៗដែលជាំំមុខក្នុងអំឡុងពេលពពោះ ឬក្រោយពេលសម្រាល។ ក្រោយពីព្យាបាលជាសះស្បើយជាំមុខហើយ ស្រាប់តែម៉ាក់ៗមានផ្ទៃពោះម្តងទៀតដែលជាហេតុធ្វើឱ្យម៉ាក់ៗជាំមុខឡើងវិញ។
ចំណែកស្រ្តីដែលឧស្សាហ៍ត្រូវពន្លឺថ្ងៃ ក្រោយពេលជាសះស្បើយហើយ បើត្រូវនឹងពន្លឺថ្ងៃខ្លាំង ហើយមិនសូវបានការពារងាយនឹងជាំមុខវិញណាស់។
[embed-health-tool-bmr]
ភាគច្រើនម៉ាក់ៗដែលមានបញ្ហាជាំមុខពេលពពោះអាចជាសះស្បើយក្រោយពេលសម្រាលរួច តែក៏មានម៉ាក់ៗមួយចំនួននៅតែបន្តមានបញ្ហាជាំមុខដែរ ដោយសារកត្តាប្រឈមមួយចំនួនដែលម៉ាក់ៗមិនបានទប់ស្កាត់ដូចជា ការត្រូវពន្លឺថ្ងៃ ឬការប្រើប្រាស់ថ្នាំមួយចំនួនដែលម៉ាក់ៗមិនដឹងថាអាចបង្កឱ្យជាំមុខ។
ចំពោះជាំដែលទើបតែឡើងថ្មីៗមានការងាយស្រួលក្នុងការព្យាបាល ហើយទទួលបានលទ្ធផលល្អ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាំដែលមានសភាពខ្មៅដិតខ្លាំង និងមានរយៈពេលយូរក៏អាចព្យាបាលជាដែរដោយសារឥឡូវមានទំនើបកម្មផ្នែកវេជ្ជសាស្រ្តដូចជា ការធ្វើ Chemical Peel បន្ថែម ពីលើការប្រើថ្នាំព្យាបាល ឬការបាញ់កាំរស្មីបំបាត់ជាំជាដើម។
ផ្ទុយមកវិញបើយើងធ្វើការព្យាបាលដោយមិនមានបច្ចេកទេស ឬជំនាញត្រឹមត្រូវ យើងងាយនឹងជាំមុខឡើងវិញណាស់ ហើយលាប់មកខ្លាំងជាមុនទៀតដែលធ្វើឱ្យពិបាកព្យាបាល។ ដូច្នេះទាមទារឱ្យយើងជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែកមុននឹងយើងទទួលការព្យាបាលតាមស្ថានភាពស្បែក។
ពេលជំាមុខ យើងគួរចៀសវាងសាកប្រើផលិតផលផ្សេងៗដោយសង្ឃឹមថា ក្រោយពីប្រើហើយអាចបាត់ជាំ ព្រោះការប្រើប្រាស់ផលិតផលគ្រាន់តែអាចថែទាំស្បែកប៉ុណ្ណោះ មិនមែនជាការព្យាបាលទេ។ ជាងនេះទៅទៀត បើផលិតផលដែលយើងប្រើមានបញ្ហា យើងមិនត្រឹមតែមិនអាចជាពីជាំមុខទេ តែបែរជាបង្កឱ្យមានបញ្ហាបន្ថែមទៅលើស្បែកមុខរបស់យើងទៅវិញ។
អត្ថបទគួរអាន៖
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់?
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
- តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់សុខភាពស្បែក
ចំណុចសំខាន់
- ប្រភេទទី ១៖ ស្នាមជាំកើតនៅស្រទាប់ស្បែកខាងលើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាលឃើញស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ ហើយងាយស្រួលក្នុងការព្យាបាល
- ប្រភេទទី ២៖ ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល អត់សូវច្បាស់ ឬមានគែមអត់សូវច្បាស់ ហើយមានការពិបាកក្នុងការព្យាបាល
- ប្រភេទទី ៣៖ ជាប្រភេទចំរុះដែលស្នាមជាំអាចកើតទាំងនៅស្បែកស្រទាប់ខាងលើ និងនៅស្រទាប់កណ្តាល មានពណ៌ត្នោត តែអាចព្យាបាលបាន