backup og meta

រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន

រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន

យោង​តាម​ការ​សិក្សារ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ដោយ Journal Cancer Epidemiology, Biomarkers and Prevention បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ចំណុច​ពង​បែក​លើស្បែក​រលាក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ចាប់​ពី​៥​ចំណុច​ឡើង​ទៅ អាយុ​ចន្លោះ​ពី១៥​ទៅ​២០​ឆ្នាំ គឺ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក Melanoma ដែល​ជា​ជំងឺ​មហារីក​ស្បែក​ដ៏​កាច​សាហាវមួយ​ រហូត ​៨០%។ ទោះ​បី​បញ្ហា​នេះ​កើត​មាន​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ការ​រលាក​ស្បែក​ដោយ​កំដៅ​ថ្ងៃ​អាច​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ស្បែក​រយៈពេល​វែង​បាន​ដោយ​បង្ក​ឲ្យ​កើន​ឡើង​ការ​ប្រឈម​កើត​ជំងឺ​មហារីក​ស្បែក​ ស្បែក​ជ្រីវ​ជ្រួញ និង​ចំណុច​រលាក​ដោយ​កម្ដៅ​​ថ្ងៃ​កាន់​តែ​ខ្ពស់។

រលាក​កម្ដៅ​ថ្ងៃ​គឺ​ជា​បញ្ហា​ខូច​ស្បែក​ដែល​បង្ក​ឡើង​ដោយ​កាំរស្មី អុលត្រាវីយ៉ូលេ (Ultraviolet ray – កាំរស្មី​ពណ៌​ស្វាយ​របស់​ព្រះ​អាទិត្យ) នៅ​ពេល​ដែល​ចេញ​ក្រៅ​ក្រោម​កម្ដៅថ្ងៃ​យូរ។ ស្បែកដែលរលាក​នឹង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ក្ដៅ​ឧណ្ឌៗ ឈឺ​និង​ក្រហាយ។ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្បែក​ចាប់​ផ្ដើម​ប្រេះ និង​រលាត់ ហើយ​ជា​ធម្មតា​វា​នឹង​ជា​ទៅ​វិញ ក្នុង​ចន្លោះ​ពេល ៧​ថ្ងៃ។ ការ​រលាកដោយ​កម្ដៅ​ថ្ងៃ ជា​ទូទៅ​គឺ​មាន​រយៈ​ពេល​ខ្លី និង​មិន​ធ្ងន់​ធ្ងរ​ទេ ប៉ុន្តែ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ព្យាបាល​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ខូច​ខាត​ស្បែក​កាន់​តែ​ខ្លាំង​ទៀត។

អត្ថបទពាក់ព័ន្ធ៖ ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ

១- ត្រូវ​នៅ​ឆ្ងាយ​ពី​ពន្លឺ​ព្រះ​អាទិត្យ

នៅ​ពេល​ដែល​យើងមាន​អារម្មណ៍​ថា​រលាក​កម្ដៅ​ថ្ងៃ​ហើយ សូម​ស្វែង​រក​កន្លែង​ដែល​ម្លប់​និង​គ្រប់​រាង​កាយ​ភ្លាម។ បើ​សិនយើង​​នៅ​ឯ​ឆ្នេរ​សមុទ្រ ឬ​នៅ​អាង​ហែល​ទឹក សារធាតុដូចជាទឹក​អំបិល និង​ជាតិ​ក្លរីន​ដែល​មាន​នៅ​ក្នុង​ទឹក​នឹង​ធ្វើ​ឲ្យស្បែកកាន់​តែ​ឈឺ​ចាប់​នឹង​អាច​បង្ក​ជា​ការ​បង្ក​រោគ​បាន​ទៀត​ផង។

២- ត្រូវ​ធ្វើ​ឲ្យ​ស្បែក​ត្រជាក់

ការ​ងូត​ទឹក​ត្រជាក់​អាច​បន្ធូរ​បញ្ហា​រលាក​ស្បែក​បាន។ បើ​សិន​យើង​នៅ​ជិត​អាង​ ស្រះ ឬ​សមុទ្រ​ដែល​មាន​ទឹក​ត្រជាក់ យើង​​គួរ​តែ​ត្រាំ​ខ្លួន​នៅ​ក្នុង​នោះ​ឲ្យ​បាន​មួយ​ភ្លែត​សិន មុន​នឹង​ស្វែង​រក​កន្លែង​ជ្រក​ម្លប់។ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ត្រាំ​យូរ​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​​ប៉ះពន្លឺ​ថ្ងៃ​កាន់​តែ​យូរ។ យើង​ត្រូវ​បន្ត​ស្អំ​បន្ទះ​ដែល​ត្រជាក់​នៅ​កន្លែង​ដែល​រលាក ដូច​ជា​ប្រើ​ទឹក​កក​ជា​ដើម ប៉ុន្តែយើង​មិន​ត្រូវ​ស្អំ​ទឹក​កក​ដោយ​ផ្ទាល់​ទៅ​លើ​កន្លែង​ដែល​រលាក​ទេ ជំនួស​វិញ​គួរ​រុំកន្សែង​ដែល​មាន​កញ្ចប់​ទឹក​កក ទៅ​កន្លែង​ដែល​ប៉ះពាល់នោះ​ប្រហែល ៥នាទី។ យើង​ត្រូវ​ស្អំ​កន្លែង​នោះ​ម្ដងទៀត ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​បើ​សិន​ជា​នៅ​តែ​មាន​បញ្ហា។

៣- ធ្វើឲ្យ​​ស្បែក​ដែល​មាន​បញ្ហា​មាន​សំណើម

បន្ទាប់​ពី​ងូត​ទឹក​រួច សូម​ប្រើ​ឡូសិន​ដែល​ផ្ដល់​សំណើម​ស្បែក លាប​ពី​លើ​ស្រទាប់​ស្បែក​ខាង​លើ​បំផុត ដើម្បី​ការ​ពារ​វា​ពី​ការ​បង្ក​រោគ​និង​រលាក។ សូម​ចៀស​វាង​កុំ​ប្រើ​ផលិត​ផល​ដែល​មាន​ក្លិន​ក្រអូប ហើយ​សូម​ជ្រើស​យក​ផលិត​ផល​ដែល​ផ្ដល់​សំណើម​ស្បែក​ធម្មតា​ដែល​អាច​ការ​ពារ​និង​បន្ទន់​ស្បែក​បាន។ សូម​បន្ត​ធ្វើ​ឲ្យ​ស្បែក​ដែល​រលាក​ឬ​ដែល​របក​នោះ មាន​សំណើម​រហូត​ច្រើន​ជាង​ពីរ​បី​ថ្ងៃ។

៤- សូម​ស្លៀក​ពាក់​ខោអាវ​រលុង

ខោអាវ​រលុង​នឹង​ជួយ​ឲ្យ​យើង​​កាន់​តែ​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​មុន រហូត​ដល់​ពេល​ដែល​ជា​ពី​ការ​រលាក។ យើង​​ក៏​គួរ​តែ​ដោះ​ជញ្ជៀន​ដែល​តឹង ខ្សែ​ដៃ ឬ​នាឡិកា បើ​សិន​ដៃ​ រលាក និង​ហើម។ ខោអាវ​ដែល​តឹង​នឹង​ធ្វើ​ឲ្យ​ស្បែក​ដែល​មាន​បញ្ហា​នោះ​កាន់​តែ​ឈឺ​ចាប់​នឹង​កាន់​តែ​ខូច។

៥- ញ៉ាំ​ទឹក​ឲ្យ​ច្រើន

ការ​រលាកស្បែក​ដោយ​សារ​កម្ដៅថ្ងៃ​នឹង​ទាញ​យក​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ចេញ​ទៅ​លើ​ផ្ទៃ​ខាង​ក្រៅ​របស់​ស្បែក ដូច​នេះ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់​បង់ សូម​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ដើម្បី​កុំ​ឲ្យ​យើង​​បាត់​បង់​ជាតិ​ទឹក។

អត្ថបទពាក់ព័ន្ធ៖ ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន

៦- ប្រើ​ថ្នាំ​ពេទ្យ

អ្នក​អាច​កាត់​បន្ថយ​ការ​រលាក​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក។ វា​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ការ​ហើម​និង​ក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​យើង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ខ្លាំង​ទៀត​ផង។ ពពួក​ថ្នាំ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ដូច​ជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ណាប្រុកហ្សែន (Naproxen) ឬ​អាស្ពៀរីន គឺ​សុទ្ធ​តែ​អាច​ជួយ​បាន។ នៅ​ពេល​ដែល​ការ​ហើម​បាន​ស្រក​ហើយ​នោះ កោសិកា​ស្បែក​​អាច​នឹង​ជួស​ជុល​កន្លែង​ដែល​រលាក​នោះ នឹង​បង្កើត​កោសិកា​ស្បែក​ថ្មី។

៧- ការពារ​កន្លែង​ដែល​មាន​ពង​បែកលើស្បែក

ការ​រលាក​ស្បែក​កម្រិត​ពីរ អាច​បង្ក​ឲ្យ​មាន​ពង​បែក​បាន។ បើ​សិន​ជា​មាន​ពង​បែក សូម​កុំ​បំបែក​ឬ​បក​វា​ឲ្យ​សោះ។ សូម​រក្សា​ស្បែក​កន្លែង​នោះ​ឲ្យ​ស្អាត ស្ងួត និង​រុំវា ឬ​គ្រប​វា​ដោយ​ប្រើ​បង់​រុំ អំឡុង​ពេល​ថ្ងៃ។ អ្នក​អាច​យក​បង់​រុំ​ចេញ និង​រុំ​របួស​រលាក​នោះ​សើរ​ៗ​ជា​មួយ​បង់​រុំ​ដែល​អាច​ឲ្យ​ស្បែក​ទទួល​បាន​ខ្យល់ និង​ការពារ​ពី​ការ​រមាស់ ឬ​រលាក​បាន។ សូម​លាប​ថ្នាំ​ផ្សះ​សម្រាប់​លាប​លើ​ស្បេក ប្រសិន​បើ​ពង​បែក​នោះ ធ្លាយ​បែក និង​រុំ​វា​ជាមួយ​នឹង​បង់​រុំ​របួស។

អត្ថបទពាក់ព័ន្ធ៖ វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​

៨- ការ​ពារ​ពី​ការ​ខូច​ស្បែក​ដោយ​សារ​ពន្លឺព្រះ​អាទិត្យ​ទៅ​ថ្ងៃ​មុខ

ខណៈ​ដែល​ស្បែក​ដែល​រលាក​កំពុង​ជា​សះ​ស្បើយ ជា​ចាំបាច់​ដែល​ត្រូវ​ការ​ពារ​វា​ពី​ការ​ប៉ះពាល់​ជាមួយ​ពន្លឺ​ថ្ងៃ​បន្ថែម​ទៀត។ ដូច​នេះ សូម​ស្ថិត​នៅ​ក្នុង​ម្លប់ ពាក់​ខោអាវ​ការពារ​ពី​ពន្លឺ​ព្រះ​អាទិត្យ និង​ជា​ពិសេស​ទៀត​នោះ គឺ​ត្រូវ​លាប​ផលិតផល​ការពារ​ពន្លឺ​ថ្ងៃ។ យើង​​គួរ​តែ​រក​ជំនួយ​ពី​គ្រូពេទ្យ​ប្រសិន​បើ​​មាន​ពង​បែក​លើ​ស្បែក​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ លើ​ផ្នែក​ជា​ច្រើន​របស់​រាង​កាយ មាន​គ្រុន​ក្ដៅ រងារ​ញាក់ ឬ​បើសិន​ពង​បែក​ទាំង​នោះ​មាន​ខ្ទុះ​ដែល​បង្ហាញ​ថា​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​កើត​ឡើង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.nhs.uk/conditions/sunburn/

https://www.nhs.uk/news/cancer/just-five-sunburns-increase-your-cancer-risk/

https://www.skincancer.org/prevention/sunburn/five-ways-to-treat-a-sunburn

https://www.cosmopolitan.com/health-fitness/a62998/sunburn-remedies/

https://www.aad.org/public/kids/skin/skin-cancer/treating-sunburn

https://www.allure.com/story/treat-a-sunburn

កំណែ​ប្រែបច្ចុប្បន្ន

29/01/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jan 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម