រលាកថ្លើមប្រភេទ B ធ្វើឲ្យថ្លើមរបស់អ្នកជំងឺឡើងហើម និងមានការខូចខាតសាច់ថ្លើមធ្ងន់ធ្ងរ ក្លាយជាជំងឺរ៉ាំរ៉ៃ ដែលបណ្ដាលឲ្យមានផលលំបាក ដូចជាក្រិនសាច់ថ្លើម និងមួយចំនួនវិវត្តទៅជាជំងឺមហារីក។
រហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានវិធីព្យាបាលជំងឺរលាកថ្លើមប្រភេទ B ឲ្យជាដាច់នៅឡើយទេ ប៉ុន្តែការចាក់វ៉ាក់សាំង មានប្រសិទ្ធភាពការពារបានរហូតដល់ ៩៥%។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីកបានឲ្យដឹងថា តាមកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំងរលាកថ្លើមប្រភេទ B ដល់ទារកតាំងកើតថ្ងៃដំបូងមកម្ល៉េះ ដើម្បីបង្ការកុំឲ្យកើតមានជំងឺនេះ។
ចំពោះមនុស្សធំវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យឧស្សាហ៍ពិនិត្យសុខភាព រកមើលអង់ទីករនៅក្នុងខ្លួនប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ប្រសិនអង់ទីករថយចុះ ត្រូវចាក់វ៉ាក់សាំងវិញ ដើម្បីបង្កើនចំនួនអង់ទីករ។ “ចាក់សារថ្មី ឲ្យអង់ទីករឡើងខ្ពស់ ធ្វើអ៊ីចឹងទៅ យើងនឹងកាត់បន្ថយហានិភ័យបានមួយចំនួនធំ’។
ចំពោះការចាក់វ៉ាក់សាំងរលាកថ្លើមប្រភេទ B ត្រូវចាក់មួយខែម្តងៗ ចំនួន ៣លើក ក្នុង១ឆ្នាំបន្ទាប់មកចាក់សារឡើងវិញម្ដងទៀត។ ជំងឺរលាកថ្លើមប្រភេទ B បន្ទាប់ពីចាក់គ្រប់ចំនួនហើយ យើងអាចពិនិត្យមើលអង់ទីករការពារ តើមានដែរឬទេ? បើអត់មានទេត្រូវចាក់ជាថ្មី។ “ផុតពីហ្នឹង ៥ឆ្នាំម្តងៗ យើងត្រូវឆែកមើល បើវាចុះ យើងចាក់វារម្លឹកថែម បើនៅដដែលទេ មិនចាំបាច់ចាក់នោះទេ“។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ និងដឹងពីតិចនិកការពារខ្លួនពីជំងឺរលាកថ្លើមគ្រប់ប្រភេទ
- ៦ ចំណុច ចាំបាច់ត្រូវធ្វើ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺថ្លើមគ្រប់ប្រភេទ
- មូលហេតុលម្អិតម៉េចបានដល់ថ្នាក់ក្រិនថ្លើម ព្យាបាលលែងជា
- កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរថ្លើមដោយវិធីណា?
- ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]