មេតំហ្វេតាមីន (ឈ្មោះផ្សេងទៀត៖ មេត គ្រីស្តាល់ ដីស និងទឹកកកជាដើម) ត្រូវគេប្រើជាជម្រើសក្នុងកម្មវិធីសម្រកទម្ងន់។ តែពេលប្រើយូរអាចធ្វើអោយញៀនបាន។ លើសពីនេះទៅទៀត បើសិនជាប្រើខុសក្បួននោះអាចធ្វើអោយស្លាប់ភ្លាមៗ ឬមានបញ្ហាសរសៃឈាមបេះដូងផ្សេងៗទៀតផង។
១- មេតំហ្វេតាមីនជាអ្វី?
ជាសារធាតុកម្លាយចេញពីអំហ្វេតាមីន សម្រាប់រំញោចអារម្មណ៍ (សប្បាយ) ដែលងាយនឹងញៀនខ្លាំង។ វាអាចស្ថិតក្នុងទម្រង់ជាម្ស៉ៅសៗ គ្មានក្លិន ឬជាម្ស៉ៅគ្រីស្តាល់ថ្លាៗចត់ៗជាដើម។ សារធាតុនេះទោះបីជាប្រើតែបន្តិចក៏អាចញៀនបានដែរ ដូចនេះគេកម្រនឹងប្រើ ឬយកមកព្យាបាលជំងឺណាស់ លើកលែងតែក្នុងករណីចាំបាច់។ តែគេអាចប្រើវាក្នុងការព្យាបាលក្មេងមានជំងឺពិបាកផ្ចង់អារម្មណ៌ និងជំងឺមួយចំនួនទៀតផងដែរ។
២-របៀបប្រើ
គេអាចប្រើវាដោយ លេប ជក់ ហ៊ឺត ឬលាយជាមួយទឹក ស្រា ឬក៏ចាក់ចូលក្នុងខ្លួនក៏បានដែរ។ វាជ្រាបចូលនិងទៅកាន់ខួរក្បាលយ៉ាងលឿន ហើយធ្វើឲ្យរំភើប សប្បាយខ្លាំងភ្លាមៗ។
៣-ឥទ្ធិពល
សារធាតុនេះធ្វើអោយមានឥទ្ធិពលលើខួរក្បាលខ្លាំងណាស់។ វាបង្កើនអ្នកបញ្ជូនសារប្រសាទយ៉ាងច្រើន ជាពិសេសដូប៉ាមីនតែម្តង ដែលធ្វើអោយអ្នកក្លាហាន សប្បាយ និងមានកម្លាំង។ រោគសញ្ញាពេលញៀនគឺការត្រូវការសារធាតុនេះខ្លាំង ហើយប្រើចំនួនច្រើនជាងរាល់ដង។
ឥទ្ធិពលផ្សេងទៀតក៏មិនខុសពីសារធាតុរំញោចអារម្មណ៍ផ្សេងៗដែរ៖ ដឹងខ្លួនយូរ (មិនងងុយដេក) ធ្វើការបានច្រើនជាងមុន មិនសូវឃ្លាន សម្ពាធឈាមកើនឡើង និងឡើងកំដៅក្នុងខ្លួន។ នៅមានផលលំបាកជាច្រើនដល់រាងកាយផងដែរ៖ ស្រកទំងន់ខ្លាំង ពុកធ្មេញ រមាស់ស្បែកបើសិនប្រើវាយូរ។
លើសពីនេះទៀត អ្នកប្រើមេតំហ្វេតាមីនក៏ប្រឈមមុខនឹងការឆ្លងជំងឺជាច្រើន៖ ជំងឺអេដស៍ ជំងឺងឺរលាកថ្លើមប្រភេទ បេ និង សេ ហើយក៏ធ្វើអោយជំងឺអេដស៍វិវត្តកាន់តែលឿនផងដែរ។ បន្ថែមពីលើនេះទៀត ក៏អាចអាកប្បកិរិយាគ្រោះថ្នាក់មួយចំនួនទៀតផង ពោលគឺការប្រើម្ជុលនិងស៊ឺរាំងរួមគ្នា ព្រមទាំងការរួមភេទដោយមិនបានការពារជាដើម។
៤- ផលរំខាន
ផលរំខានធ្ងន់ធ្ងរចំបងៗរួមមាន៖
- បេះដូងលោតញាប់ លោតខ្លាំង ចង្វាក់មិនទៀង
- វិលមុខ សន្លប់ និងអារម្មណ៍មិននឹងនរ។ អាចមានរោគសញ្ញាជំងឺសរសៃប្រសាទ៖ សង្ស័យគេតាមខ្លួន ឮសំឡេងនិងមើលឃើញអ្វីមួយតែម្នាក់ឯង ការស្រមើស្រមៃ។ អ្នកខ្លះក៏មានអារម្មណ៍ថាមានសត្វល្អិតកំពុងវាក្នុងស្បែកទៀតផង។
- គ្រោះថ្នាក់ដោយសារលើសសម្ពាធឈាម៖ ឈឺក្បាលខ្លាំង ស្រវាំងភ្នែក ហ៊ឹងត្រចៀក ថប់បារម្ភ វង្វេងវង្វាន់ ចុកទ្រូង ហត់ ចង្វាក់បេះដូងមិនប្រក្រតី គេងមិនលក់ ប្រកាច់។
- ញ័រដៃជើង រសាប់រសល់នៅមិនសុខ។
៥-ប្រយ័ត្នពេលប្រើ
មិនគួរប្រើសារធាតុនេះឡើយបើយើងមិនមានជំងឺដូចជា៖ ទឹកដក់ក្នុងបាតភ្នែក ជំងឺសរសៃឈាមនិងបេះដូង ធ្លាប់មានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ជំងឺលើសសម្ពាធឈាម ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការលើសធម្មតា។ សូមពិគ្រោះជាមួយគ្រូពេទ្យឲ្យបានល្អិតមុនប្រើសារធាតុនេះ។
ដោយសារវាជាសារធាតុដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរ គេកម្រនឹងណែនាំឲ្យប្រើក្នុងវិស័យវេជ្ជសាស្ត្រណាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Groupមិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]