backup og meta

កើត​ទឹក​នោម​ផ្អែមងាយដំបៅជើង? ហេតុអ្វីបែបនេះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 13, 2021

    កើត​ទឹក​នោម​ផ្អែមងាយដំបៅជើង? ហេតុអ្វីបែបនេះ?

    ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ មិន​ត្រឹម​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​នោះ​ទេ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រយៈពេល​យូរ ងាយ​នឹង​កើត​ដំបៅ​ជើង ប្រសិន​បើ​មាន​ការ​មុត ឬ​ដាច់​ដោច​នៅ​តំបន់​នោះ ដែល​ករណី​ខ្លះ​ឈាន​ដល់​កាត់​ជើង​ចេញ​ក៏​មាន ដើម្បី​កុំ​ឲ្យ​ដំបៅ​នោះ​រាល​ដាល​ខ្លាំង​ឡើង។

    ហេតុអ្វី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​មាន​ដំបៅ​ជើង? បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​សំខាន់ ៣ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដំបៅ​ជើង។

    ១- ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​ប្រែប្រួល

    កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ ធ្វើឲ្យ​​ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​​វិញ្ញាណ​ជើង​ទាំង​សង​ខាង ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ឈឺ​ចាប់ ជួនកាល​អាច​មាន​អារម្មណ៍​ដូច​ជា​មាន​ស្រមោច​វារ បន្ទាប់​មក​ទៀត​ជើង​អ្នក​ជំងឺ​អាច​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​រឹប​​ដោយ​ស្បែក​ជើង​ចង្អៀត។

    ទឹកនោមផ្អែម

    ២- ស្ទះ​សរសៃ​ឈាម

    កើត​ជំងឺ​ទឹនោម​ផ្អែម​យូរ​ឆ្នាំ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​អ្នក​ជំងឺ ស្ទះ ក្រិន ដូច្នេះ​ហើយ អុក​ស៊ី​សែន និង​ចំណី​អាហារ​ដែល​រត់​ទៅ​តាម​សរសៃ​ឈាម មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​បាន​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺចាប់​ខ្លាំង។ បន្ទាប់​មក ជើង​ប្រែ​ពណ៌​ទៅ​ជា​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ ជួនកាល​អាច​ប៉ះពាល់​ម្រាមជើង​មួយ ឬ​ពីរ។

    ៣- ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​ការ​ស្ទះ​សរសៃ​ឈាម

    ប្រភេទ​ដំបៅ​ទី៣នេះ​កើត​ឡើង​ដោយសារ​ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​កា​រស្ទះ​សរសៃ​ឈាម នៅ​ចុង​ម្រាម​ជើង។

    អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មាន​ដំបៅ​​ជើង មិន​មែន​មាន​ន័យថា​សុទ្ធ​តែ​ព្យាបាល​មិន​ជា ឬ​តម្រូវ​ឲ្យ​កាត់​ជើង​ចេញ​នោះ​ទេ។ តែ​បើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​កើត​ដំបៅ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ ឈាន​ទៅ​ព្យាបាល​ទាន់​ពេល​វេលា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម