សល់តែប៉ុន្មានថ្ងៃទៀត ឆ្នាំថ្មី ខែថ្មីឈានចូលមកដល់ ហើយជាមួយគ្នានោះ អ្នកក៏អាចនៅមានបញ្ហាមួយចំនួនសម្រាប់ការតាំងចិត្តបង្កើតទម្លាប់ល្អថ្មីៗ ដើម្បីរក្សាសុខភាពល្អ។ ជាការណែនាំ លោកស្រី Stephanie Mansour អ្នកជំនាញផ្នែកសុខភាព និងរាងកាយ មកពីសហរដ្ឋអាមេរិកបានចែករំលែកគន្លឹះមួយចំនួន សម្រាប់អ្នកចង់ហ្វឹកហាត់រក្សាទម្លាប់ល្អ ដើម្បីសុខភាព។
១. បង្កើតពាក្យ”សុខភាព”ជាអាទិភាពក្នុងសកម្មភាពប្រចាំថ្ងៃ
ឧទាហរណ៍អ្នកអាចដាក់ស្បែកជើងរត់ហាត់កីឡានៅក្បែរមាត់ទ្វារផ្ទះ ដូចនេះវាជួយរំលឹកអ្នកថា អ្នកបានដើរហាត់ប្រាណឬអត់ថ្ងៃនេះ ឬហោចណាស់ ក៏បានឆ្លៀតដើរ ឬហាត់ប្រាណក្រោយចប់ម៉ោងការងារបន្តិចដែរ។
២. បំបែកម៉ោងហាត់ប្រាណជាពេលខ្លីៗ
ក្នុងការបង្កើតទម្លាប់ដំបូងៗ ជំនួសឱ្យការដាក់កំហិតខ្លួនឯង១ម៉ោងហាត់ប្រាណ អ្នកអាចចាប់ផ្តើមត្រឹមតែ៣០នាទី។ ធ្វើដូចនេះ ខួរក្បាលអ្នកពុំសូវមានសម្ពាធច្រើន ហើយអាចអនុវត្តការហាត់ប្រាណមានប្រសិទ្ធិភាព ធ្វើបែបនេះរហូតក្លាយជាទម្លាប់ នោះអ្នករីករាយធ្វើវាមិនចង់ឈប់។
៣. ចំណង់ញ៉ាំអាហារមិនល្អសម្រាប់សុខភាព
ជារឿងពិបាកសម្រាប់អ្នកចូលចិត្តញ៉ាំអាហារមិនល្អសំរាប់សុខភាព ប៉ុន្តែតិចនិកដាក់ដបទឹកក្បែរអាហារទាំងនោះអាចជួយអ្នកបាន។ ដាក់ដបទឹក ១ដប ២ដបនៅក្បែរអាហារទាំងនោះ មានន័យថា បើអ្នកចង់ញ៉ាំអាហារមិនល្អសំរាប់សុខភាព គឺស្មើនឹងការញ៉ាំទឹកឱ្យអស់១ដប ២ដបសិន ដើម្បីប៉ះប៉ូវគ្នា ដូចនេះ អារម្មណ៍ចង់ញ៉ាំអាហារមិនល្អសំរាប់សុខភាពក៏មិនសូវសកម្មជាងមុន។
៤. ចង់ញ៉ាំតែពេលយប់
អ្នកខ្លះទម្លាប់ចង់ញ៉ាំចំណីនៅពេលយប់ ភាគច្រើនពុំបានផ្តល់ផលល្អនោះទេសម្រាប់សុខភាព។ យ៉ាងណាមិញ លោកស្រី Stephanie បានចែករំលែកវិធីពីរ រារាំងទម្លាប់មិនល្អទាំងនេះ គឺពេលណាឃ្លានចង់ញ៉ាំ អ្នកគួរបង្វែរអារម្មណ៍ទៅលាបថ្នាំក្រចក (សម្រាប់ស្រ្តី) និងលាបដៃនឹងឡេលាបផ្តល់សំណើមស្បែក (សំរាប់បុរស)។ ធ្វើដូចនេះ ធានាថា អ្នកពុំចង់ញ៉ាំចំណីដោយដៃជាប់ថ្នាំក្រចក ឬមានក្លិន និងសំណើមឡេនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- មិនចង់ឲ្យសុខភាពធ្លាក់ចុះ ប្រញាប់បោះទម្លាប់ទាំងនេះចោលឲ្យអស់
- ទម្លាប់អាក្រក់ ៦ យ៉ាងនេះ សម្លាប់យើងដោយមិនដឹងខ្លួន
៥. និយាយទៅកាន់ខ្លួនឯងដោយពាក្យល្អៗ
ការសិក្សាផ្នែកចិត្តសាស្រ្តជាច្រើនបានបង្ហាញថា ការនិយាយពាក្យល្អៗទៅកាន់ខ្លួនឯង គឺជួយទាំងលើកទឹកចិត្ត និងបង្កើនទំនុកចិត្ត ក្នុងការបន្តសកម្មភាពវិជ្ជមានជាគោលដៅល្អៗរបស់ខ្លួន។ លោកស្រី Stephanie បានណែនាំថា អ្នកអាចសរសេរពាក្យសរសើរអំពីខ្លួនអ្នក រួចដាក់នៅក្នុងបន្ទប់ទឹក ឬកន្លែងផ្សេងទៀត ដែលអ្នកអាចមើលឃើញរាល់ថ្ងៃ ដែលនេះវាជួយឱ្យខួរក្បាលអ្នកគិតវិជ្ជមានទៅលើខ្លួនអ្នក ជំរុញឱ្យបន្តទម្លាប់ល្អៗសម្រាប់សុខភាពខ្លួនអ្នក៕
[embed-health-tool-bmi]