អាការៈឈឺក្បាល គ្នាយើងណាដែលមិនធ្លាប់ជួបប្រទះនោះ ខ្លះមានបញ្ហាឈឺក្បាលស្ទើរតែរាល់ថ្ងៃ រកគិតអ្វីមិនចេញទេ។ គ្នាយើងមួយចំនួនគិតថា ការឈឺក្បាលនេះជាបញ្ហាសុខភាពមនុស្សទូទៅជួបប្រទះច្រើន លេបថ្នាំបន្តិចក៏បាត់ទៅវិញ ប៉ុន្តែមានមូលហេតុខ្លះទៀតដែលបង្កឲ្យយើងឈឺក្បាល ក៏ជាសញ្ញានៃជំងឺកាចៗកំពុងកើតឡើងលើយើងដែរ។
តាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត អាការៈឈឺក្បាលមួយចំនួនបណ្ដាលមកពីកត្តាមិនធ្ងន់ធ្ងរ តែវាអាចឲ្យឈឺក្បាលរ៉ាំរ៉ៃ និងរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃ។ ចំណែកការឈឺក្បាលខ្លះទៀតបណ្ដាលមកពីជំងឺធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងលឿនបំផុត។
១.អាការៈឈឺក្បាលមិនធ្ងន់ធ្ងរ
- ការឈឺក្បាលប្រកាំង
- ការឈឺសរសៃមុខ និងក្បាល
- ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
- ការធុញថប់ និងការថប់បារម្ភ ឬស្ត្រេស។ល។
២.អាការៈឈឺក្បាលបណ្ដាលមកពីជំងឺធ្ងន់ធ្ងរ
- ជំងឺរលាកស្រោមខួរក្បាល
- ការហូរឈាមក្នុងស្រោមខួរក្បាល
- ការត្បៀត ឬបែកសរសៃឈាមខួរក្បាល
- ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងក្បាលជាដើម។
ចំពោះការព្យាបាលរបស់អាការៈឈឺក្បាលមានច្រើនមធ្យោបាយ និងខុសៗគ្នាទៅតាមមូលហេតុនៃអាការៈនោះ។ មួយវិញទៀត រាល់ពេលឈឺក្បាលគ្នាយើងត្រូវប្រយ័ត្នចំពោះការផ្សំថ្នាំលេបនៅតាមឱសថស្ថានផ្សេងៗ ដោយមិនបានពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ ដើម្បីចៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុ។
[embed-health-tool-bmi]