ជាទូទៅ ស្ត្រីប្រឈមនឹងការរីកប៉ោងសរសៃឈាមខួរក្បាលច្រើនជាងបុរស ហើយក្នុងករណីមួយចំនួន បញ្ហានេះអាចមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ រហូតដល់សរសៃឈាមធ្លាយ ឬដាច់រហែក ដែលបណ្ដាលឲ្យហូរឈាមចូលទៅក្នុងខួរក្បាល និងអាចនាំឲ្យខូចខួរក្បាល ក៏ដូចជាបាត់បង់អាយុជីវិត ។
ហេតុអ្វីបានជាសរសៃឈាមខួរក្បាលរីកប៉ោង?
យោងតាមវេជ្ជបណ្ឌិត Saxena ការរីកសរសៃឈាមខួរក្បាល ជាការរីក ឬប៉ោងជញ្ជាំងសរសៃឈាមដែលខ្សោយនៃខួរក្បាល ពីព្រោះសរសៃឈាមនៅជុំវិញខួរក្បាលមិនត្រូវបានទ្រទ្រង់ដោយរចនាសម្ព័ន្ធជុំវិញ ដូចជាសាច់ដុំឡើយ ហើយសរសៃឈាមទាំងនេះ ងាយនឹងបែកព្រមទាំងបណ្ដាលឲ្យហូរឈាមចេញពីសរសៃឈាមធ្ងន់ធ្ងរ (haemorrhage)។
រោគសញ្ញានៃការរីកប៉ោងសរសៃឈាមខួរក្បាល
ការរីកប៉ោងសរសៃឈាមខួរក្បាលដែលមិនធ្លុះធ្លាយ អាចបណ្ដាលឲ្យមានរោគសញ្ញាដូចខាងក្រោម ប្រសិនបើសរសៃឈាមដែលរីកមានការលូតលាស់ និងបណ្ដាលឲ្យមានសម្ពាធលើរចនាសម្ព័ន្ធខួរក្បាល ។
- ឈឺក្បាលពីស្រាល ទៅធ្ងន់ធ្ងរ
- ឈឺភ្នែក និងមើលឃើញរូបភាពបែកៗ
- វិលមុខ
- ការចេញឈាមតិចតួចពីសរសៃឈាមខួរក្បាលដែលរីក អាចបណ្ដាលឲ្យយើងឈឺក្បាលភ្លាមៗ ប៉ុន្តែវានឹងជាសះស្បើយដោយខ្លួនឯង។
ពិតណាស់ ការរីកប៉ោងសរសៃឈាមខួរក្បាលដែលមិនបែក មិនមានបង្ហាញជារោគសញ្ញាអ្វីទាំងអស់នៅពេលដំបូង ប៉ុន្តែជាធម្មតាវានឹងលេចចេញនូវរោគសញ្ញា នៅពេលដែលទំហំកាន់តែធំឡើង។ រោគសញ្ញាព្រមាននៃការរីកសរសៃឈាមខួរក្បាលដែលធ្លុះធ្លាយ និងចាំបាច់ត្រូវការការព្យាបាលបន្ទាន់ មានដូចជា៖
- ឈឺក្បាលខ្លាំង និងភ្លាមៗ
- បាត់បង់ស្មារតី
- ក្អួត ឬចង្អោរ
- រឹងក
- ព្រិលភ្នែក ឬមើលឃើញរូបភាពបែកៗ
- ងងុយគេង
- ប្រកាច់។
មូលហេតុមួយចំនួននៃការរីកប៉ោងសរសៃឈាមខួរក្បាល
- ជក់បារី
- ក្រិនសរសៃឈាម
- លើសសម្ពាធឈាមរយៈពេលយូរ និងមិនមានការព្យាបាល
- មានប្រវត្តិគ្រួសារដែលធ្លាប់មានអាការៈរីកប៉ោងសរសៃឈាមខួរក្បាល
- ជំងឺជាក់លាក់ដែលមានជាប់ពាក់ព័ន្ធនឹងការរីកប៉ោងសរសៃឈាមខួរក្បាល មានដូចជាជំងឺMarfan’s syndrome ជំងឺគីសតម្រងនោមច្រើនកន្លែង និងជំងឺehler danlos diseaseជាដើម។
[embed-health-tool-bmi]