ម៉ាក់ប៉ាត្រូវដឹងថា ការជួយការងារផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូនៗ។ ដ្បិតកិច្ចការផ្ទះតូចតាចដែលកូនៗយើងធ្វើអាចមើលទៅជារឿងធម្មតា គ្មានអ្វីអស្ចារ្យទេ តែការងារផ្ទះទាំងនោះអាចបង្រៀនកូនយើងពីមេរៀនមានតម្លៃច្រើនឲ្យកូនចាំរហូតដល់ពេញវ័យ។ ពេលអាអូនជួយធ្វើការងារផ្ទះ កូននឹងទទួលបានអត្ថប្រយោជន៍ប៉ុន្មានចំណុចនេះ។
១.បង្កើតទំនុកចិត្តលើខ្លួនឯង
ពេលធ្វើអីមួយដោយខ្លួនឯងបានល្អ ទោះកិច្ចការនេះតូច ឬធំក្តី កូនទទួលបានអារម្មណ៍ពិសេស។ ដូចគ្នានេះដែរ ការធ្វើការងារផ្ទះក៏ជួយជំរុញភាពឯករាជ្យដែរ ដោយសារអាអូនសម្រេចការងារបានដោយខ្លួនឯង។
២.បង្រៀនពីភាពសំខាន់នៃការបំពេញការងារ
ចំណុចនេះអាចមានប្រយោជន៍ច្រើនពេលដែលកូនលូតលាស់ធំទៅៗ និងមានទំនួលខុសត្រូវទាំងកិច្ចការក្នុងផ្ទះ ទាំងនៅសាលារៀន និងកិច្ចការក្នុងសង្គម។
៣. ជួយបង្កើតទម្លាប់ឲ្យកូនស្រលាញ់ភាពស្អាត
ការបង្កើតទម្លាប់ឲ្យកូនលាងសម្អាតក្រោយពេលធ្វើអ្វីមួយរួចហើយ (ឧ. ពេលញ៉ាំបាយរួច ប្រមូលចានដាក់កន្លែងលាង បោសសម្អាតពេលធ្វើកំពប់ទឹក។ល។) មិនមែនគ្រាន់តែបង្កើតទម្លាប់ល្អឲ្យកូនៗចេះស្រលាញ់ភាពស្អាតសម្រាប់ខ្លួនឯងទេ វាក៏ជួយកាត់បន្ថយភាពរញ៉េរញ៉ៃក្នុងផ្ទះ ម៉ាក់ប៉ាមិនសូវល្វីងមុខ។
៤. បង្កើតទម្លាប់ធ្វើការងារផ្ទះ
នៅពេលយើងឲ្យកូនធ្វើការងារផ្ទះ វានឹងក្លាយជាទម្លាប់ និងជាផ្នែកមួយនៃជីវិតរបស់កូនដែលនឹងបន្តរហូតដល់កូនពេញវ័យ និងចូលវ័យចាស់ទៅ។
[embed-health-tool-vaccination-tool]