ម៉ាក់ប៉ារូបណាក៏ដោយ សុទ្ធតែប្រាថ្នាចង់ឲ្យកូនកើតមកគ្មានបញ្ហាតាំងពីពេលកើតមករហូតដល់លូតលាស់ធំពេញវ័យ។ ជួនកាល ទារកមួយចំនួនកើតមកមិនទាន់បានអីផង ក៏ជួបបញ្ហាសុខភាព ឬភាពមិនប្រក្រតីរាងកាយពីកំណើតមកបាត់ទៅហើយ។ ភាពមិនប្រក្រតីមួយដែលអាអូនអាចជួបប្រទះក្នុងចំណោមភាពមិនប្រក្រតីដទៃទៀតនោះគឺ បញ្ហាវៀចកនៅលើទារក។
តាមការចុះផ្សាយពីមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ករណីទារកវៀចកនេះ ជាករណីឧស្សាហ៍ជួបប្រទះ ដែលមានប្រហែលជា ២% នៃភាពមិនប្រក្រតីទាំងអស់។ ចំណែកមូលហេតុចម្បងនៃភាពមិនប្រក្រតីនេះ គឺដោយសារ៖
១. ការលូតលាស់របស់សាច់ដុំ ក ទាំងសងខាងមានភាពមិនស្មើគ្នា។
២. ទម្រង់របស់ទារកក្នុងផ្ទៃមិនសមស្រប និងស្បូនរបស់ម្ដាយ។
៣. កើនឡើងយ៉ាងរហ័សនូវជាតិកាល់ស្យូម ដែលបណ្ដាលឲ្យមានការកន្ត្រាក់សាច់ដុំរយៈពេលយូរ។
ជាធម្មតា នៅពេលដែលទារកមានអាយុចាប់ពី ១-៤ខែ (ទារករឹងក) យើងអាចមើលដឹងថាអាអូនមានបញ្ហាវៀចក។ ប៉ុន្តែ ប្រសិនបើអាអូនវៀចកខ្លាំង យើងអាចដឹងតាំងពីទារកទើបនឹងកើតមកភ្លាម។
បើយើងនិយាយពាក់ព័ន្ធដល់បញ្ហាវៀចកលើទារកនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ឲ្យដឹងថា ទារកដែលមានបញ្ហាវៀចក អាចលេង និងធ្វើសកម្មភាពបានធម្មតាដូចក្មេងដទៃដែរ លើកលែងតែធ្វើសកម្មភាពណាដែលត្រូវងាកកចុះឡើង។ ម៉្យាងវិញទៀត យើងអាចសម្គាល់មើលថាអាអូនមានបញ្ហាវៀចកបាន ប្រសិនបើ៖
- ផ្អៀងក្បាលទៅម្ខាងជាប់ (អាចពិបាកមើលដឹងបើអាអូននៅតូចពេក)
- តាមសម្លឹងមើលម៉ាក់ប៉ាដោយមិនងាកក្បាលតាម
- មួម៉ៅ ពេលមិនអាចងាកក្បាលតាមចិត្តចង់។ល។
លោកបន្ថែមឲ្យដឹងថា ទារកដែលមានបញ្ហាវៀចក អាចជាសះស្បើយវិញបានដោយគ្រាន់តែផ្លាស់ប្ដូរឥរិយាបថពេលកូនគេង និងលំហាត់ប្រាណពត់ខ្លួនជាដើម។ លំហាត់ប្រាណបត់ខ្លួន អាចជួយដល់បញ្ហាវៀចកអាអូនបាន ប៉ុន្តែបើឃើញថា អាអូននៅតែវៀចកទៀត ក្រោយពត់ខ្លួនហើយ គួរតែនាំកូនទៅជួបជាមួយគ្រូពេទ្យជំនាញផ្នែកក្មេង។
[embed-health-tool-vaccination-tool]