ការអានឲ្យឮៗ អាចជាវិធីសាស្ត្រមួយដែលមានសារសំខាន់ និងមានឥទ្ធិពលក្នុងការនិយាយទៅកាន់កូន ក៏ដូចជាជួយឲ្យពួកគេមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ពិតណាស់ នៅពេលដែលយើងអានសៀវភៅឲ្យកូនៗស្ដាប់ វានឹងបណ្ដុះគំនិតច្នៃប្រឌិត ព្រមទាំងបង្កើតចំណេះដឹងដល់ពួកគេ។ បន្ថែមពីនេះ ការអានសៀវភៅក៏អាចជួយបង្កើនជំនាញភាសារបស់កូនៗផងដែរ។ ចំណុចទាំងនេះហើយ ដែលប៉ាម៉ាក់អាចជួយកូនរបស់ខ្លួនប្រកបដោយភាពឈ្លាសវៃតាមរយៈការអាន។
១. កំណត់មូលដ្ឋានភាសា
យើងប្រាកដជាបានដឹងហើយថា ទារកអាចឮសំឡេងរបស់ម៉ាក់ៗ និងរៀនភាសា។ ការអានឲ្យកូនស្ដាប់ គឺជាការបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ពួកគេ ដែលអាចឲ្យក្មេងកសាងជីវិតទាំងមូលរបស់ពួកគេបាន។ ជាមួយគ្នានេះដែរ ការអានផ្ដល់ឲ្យកូនៗនូវមូលដ្ឋានសម្រាប់ការអភិវឌ្ឍភាសា និងផ្ដល់មេរៀនដែលចាំបាច់មុនគេសម្រាប់ការនិយាយ។
២. បង្កើតជំនាញសង្គម
នៅពេលដែលប៉ាម៉ាក់អានសៀវភៅ ប៉ាម៉ាក់ប្រៀបដូចជាបណ្ដាក់ទុនផ្នែកអារម្មណ៍ទៅលើតួអង្គ ហើយការអានរបស់យើងក៏បង្កើតចំណាប់អារម្មណ៍ដូចគ្នាសម្រាប់ក្មេង។ ជាក់ស្ដែង សំឡេង និងលក្ខណៈនៃទឹកមុខដែលយើងប្រើប្រាស់ នឹងធ្វើឲ្យកូនឆាប់ទទួលអារម្មណ៍ ហើយសាច់រឿងទាំងនោះ ក៏អាចជួយអភិវឌ្ឍជំនាញសង្គមដល់កូនរបស់យើងបានដែរ។
៣. ជំរុញឲ្យកូនចេះអានដោយខ្លួនឯង
ប្រសិនបើប៉ាម៉ាក់វិនិយោគនៅក្នុងការអានឲ្យបានច្រើន វាក៏ជាការជំរុញលើកទឹកចិត្តដល់ក្មេងឲ្យចេះ ស្វែងរកសៀវភៅដោយខ្លួនឯងបានដែរ។ ពួកគេនឹងចេះហ្វឹកហាត់ការអាន ព្រមទាំងសមត្ថភាពផ្នែកអក្សរសាស្ត្រ។ បន្ថែមពីនេះ នៅពេលដែលកូនមានឆន្ទៈក្នុងការអានសៀវភៅខ្លាំងប៉ុនណា ពួកគេនឹងបង្កើតទម្លាប់មួយនេះលឿនប៉ុណ្ណោះដែរ។ ដូច្នេះហើយ ប៉ាម៉ាក់គួរចំណាយពេលអានសៀវភៅឲ្យកូនស្ដាប់ឲ្យបានច្រើន ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ការអានគឺជាកិច្ចការដ៏សំខាន់ និងមានតម្លៃមួយសម្រាប់ជីវិតរបស់ពួកគេ។
៤. បង្កើតជំនាញទំនាក់ទំនង
នៅពេលដែលយើងអានឲ្យកូនស្ដាប់ វាអាចជួយបង្កើនពាក្យសម្រាប់ជាចំណេះដឹងបន្ថែមដល់ក្មេង។ ម្យ៉ាងវិញទៀត វាជួយដល់ពួកគេឲ្យរៀនពីវិធីសាស្ត្រសម្រាប់បង្ហាញ ក៏ដូចជាបញ្ចេញសំឡេងនៅវ័យក្មេង ដែលកត្តានេះគឺជាការបង្រៀនឲ្យក្មេងចេះជំនាញទំនាក់ទំនងចាំបាច់នៅពេលអនាគតប្រកបដោយនិរន្តរភាព។
[embed-health-tool-vaccination-tool]