កាលណាដុះធ្មេញមកមិនត្រង់ជួរគ្នា ទៅជាច្រពើសនោះ ទម្រង់មុខមិនស្អាតនោះទេ ហើយពិបាកសម្អាតធ្មេញទៀត។ តាមការពន្យល់របស់ទន្តបណ្ឌិត ផន ពេជ្រចន្តា បម្រើការងារនៅមន្ទីរព្យាបាលធ្មេញកម្ពុជា ក្មេងដុះធ្មេញស្រុកមក បែរជាច្រពើស អាចមកពីកត្តាធម្មជាតិ និងការថែទាំធ្មេញព្រៃមិនបានល្អ។
កត្តាធម្មជាតិដែលធ្វើឲ្យធ្មេញច្រពើសនោះ ទន្តបណ្ឌិតថា កើតឡើងដោយសារទំហំនៃធ្មេញស្រុក និងធ្មេញព្រៃមិនស្មើគ្នា ដែលជាទូទៅធ្មេញព្រៃតូចជាងធ្មេញស្រុក។ “អ៊ីចឹងបើសិនជាធ្មេញព្រៃដុះចេញមកមានចន្លោះៗ ដែលយើងតែងហៅថា ចន្លោះខ្មោចនោះ បែបនេះធ្មេញស្រុកដុះមកចន្លោះដែរ ប៉ុន្តែបើធ្មេញព្រៃដុះមកជិតៗគ្នាស្អាត ធ្វើឲ្យអត់មានចន្លោះក្នុងការដុះធ្មេញស្រុក ដូច្នេះធ្មេញស្រុកទាមទារខ្លួនឯង ប្រជ្រៀតខ្លួនចេញ អាចចេញខាងមុខ ខាងក្រោយ បញ្ឆិតបញ្ឆៀង ដុះចេញមកក្រៅ ដែលនេះជាលក្ខណៈធម្មជាតិ”។
មួយទៀតអាចមកពីម៉ាក់ប៉ាមានធ្មេញច្រពើស នោះកូនក៏អាចមានធ្មេញច្រពើសដែរ។ ចំណែកមូលហេតុផ្សេងទៀតបណ្តាលមកពីម៉ាក់ប៉ាមិនបានយកចិត្តទុកដាក់រក្សាធ្មេញព្រៃរបស់កូនបានល្អ មានដង្កូវស៊ី បាក់មុនកំណត់ ធ្វើឲ្យធ្មេញស្រុកបាត់បង់អ្នកនាំផ្លូវ រកកន្លែងដុះខ្លួនឯង ទៅជាដុះខុសទីតាំង។
“ឧ. ធ្មេញព្រៃមាន ២គ្រាប់លើ ២គ្រាប់ក្រោម ចន្លោះដែលត្រូវបាក់ធ្មេញព្រៃនៅអាយុ ៦-៧ឆ្នាំ ប៉ុន្តែចៃដន្យអីពុំមានការថែទាំបានល្អ ធ្វើឲ្យធ្មេញដង្កូវស៊ី បាក់មុនពេល។ កាលណាបាក់មុនពេលកំណត់ ធ្មេញស្រុកបាត់បង់អ្នកនាំផ្លូវឲ្យចេញមក អត់ដឹងថាចេញទៅផ្លូវណាទេ គឺរកកន្លែងចេញដោយខ្លួនឯង អ៊ីចឹងធ្មេញហ្នឹងដុះខុសទីតាំង ទៅជាច្រពើស”។ ទន្តបណ្ឌិត ផន ពេជ្រចន្តា រៀបរាប់។
[embed-health-tool-vaccination-tool]