ទារកមានខួរក្បាលទន់ សាច់ដុំកខ្សោយ ហើយក៏មានសរសៃឈាមផុយស្រួយដែរ។ គ្នាយើងដឹងអត់ ការអង្រួនក្មេងខ្លាំង ធ្វើឲ្យខួរក្បាលកូនប៉ះនឹងខាងក្នុងឆ្អឹងខួរក្បាលច្រំដែលៗ និងផ្ដល់ផលប៉ះពាល់ច្រើនទៅដល់ខួរក្បាលរបស់អាអូនថែមទៀត។
រោគសញ្ញាអង្រួនទារក ឬក្មេងខ្លាំង (ភាសាបចេ្ចកទេស Shaken Baby Syndrome) ជាការរងរបួសខួរក្បាលធ្ងន់ធ្ងរ បណ្ដាលមកពីការចាប់អង្រួន ឬគ្រវីក្មេងចុះឡើងៗខ្លាំងៗ ឬដោយហិង្សា។ ការអង្រួនក្មេងរហូតប៉ះពាល់ខួរក្បាលនេះ ចាត់ទុកជាការរំលោភបំពាន ឬធ្វើបាបក្មេងរហូតបណ្ដាលឲ្យខូចខួរក្បាលធ្ងន់ធ្ងរ។ គ្រាន់តែចាប់អង្រួនក្មេងខ្លាំងៗ ៥វិនាទីក៏អាចបណ្ដាលឲ្យកើតបញ្ហានេះឡើងបានដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
បញ្ហាអង្រួនទារកខ្លាំងៗនេះ អាចបណ្ដាលឲ្យអាអូនរបួសខួរក្បាល ហូរឈាមខួរក្បាល ហើមខួរក្បាល និងហូរឈាមបាតភ្នែក។ លើសពីនេះ វាអាចប៉ះពាល់ដល់ភ្នែក ឆ្អឹងខ្នង ក ឬអាចបណ្ដាលឲ្យបាក់ឆ្អឹងក្មេងក៏ថាបាន។ ការចាប់អង្រួនក្មេងខ្លាំងៗ ក៏ផ្ដល់ផលវិបាកទៅដល់ក្មេងរងគ្រោះដែរដូចជា៖
– ពិបាករៀនសូត្រ
– បាត់បង់ការគ្រប់គ្រង
– ឧស្សាហ៍ប្រកាច់
– ពិបាកមើលឃើញ
– បាត់បង់ការស្ដាប់
– អាចមានវិបត្តិក្នុងការនិយាយ។ល។
របួសប្រភេទនេះអាចគំរាមកំហែងដល់ជីវិតក្មេង ហើយអាចបណ្ដាលឲ្យខូចខាតខួរក្បាលជារៀងរហូតបាន។ យើងអាចដឹងថា អាអូនរងផលប៉ះពាល់ពីការអង្រួនលេងខ្លាំងៗ តាមរយៈរោគសញ្ញាទាំងនេះរួមមាន៖
- ក្អួត ចង្អោរ
- សន្លឹម
- ប្រកាច់
- ស្លេកស្លាំង
- ពិបាកដកដង្ហើម ។ល។
ហេតុនេះហើយ ទើបយើងមិនគួរចាប់ក្មេងអង្រួន ឬគ្រវីគ្រវាត់ខ្លាំងៗទេ ព្រោះវាអាចប៉ះពាល់ច្រើនដល់កូនក្មេង។ មួយវិញ្ទៀត ប្រសិនបើសង្កេតឃើញថាអាអូនមានរោគសញ្ញាប៉ុន្មានខាងលើ គួរនាំកូនទៅជួបគ្រូពេទ្យភ្លាម។
[embed-health-tool-vaccination-tool]