“កូនស្អប់ម៉ាក់ ឬប៉ា!” ជឿថាពេលឮពាក្យនេះចេញមាត់កូន ប៉ាម៉ាក់ប្រាកដជាធ្លាក់ថ្លើមក្តុកជាមិនខាន។ ប៉ាម៉ាក់គួរដោះស្រាយបែបណា ពេលឮកូននិយាយបែបនេះ?
“កូនស្អប់ម៉ាក់ ឬប៉ា!” ជឿថាពេលឮពាក្យនេះចេញមាត់កូន ប៉ាម៉ាក់ប្រាកដជាធ្លាក់ថ្លើមក្តុកជាមិនខាន។ ប៉ាម៉ាក់គួរដោះស្រាយបែបណា ពេលឮកូននិយាយបែបនេះ?

ពេលប៉ាម៉ាក់ឮកូននិយាយបែបនេះ ប៉ាម៉ាក់ប្រាកដជាមានអារម្មណ៍ច្របូកច្របល់ ខកចិត្ត ខឹង និងឈឺចាប់ជាពុំខាន ព្រោះប៉ាម៉ាក់ស្រឡាញ់ ខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារ ខំប្រៀនប្រដៅឱ្យកូនល្អ និងលះបង់សព្វបែបយ៉ាងដើម្បីកូន តែកូនបែរជាស្អប់ប៉ាម៉ាក់ទៅវិញ។
ដើម្បីរំងាប់ស្ថានភាពដ៏តឹងតែងបែបនេះ ប៉ាម៉ាក់អាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖
បណ្ឌិត John Mayer សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ New Hampshire សហរដ្ឋអាមេរិកបានលើកឡើងថា ពាក្យ “ស្អប់” ចេញមាត់ក្មេងមានន័យខុសគ្នាពីពាក្យ “ស្អប់” ចេញពីមាត់មនុស្សធំ។ អូនតូចនិយាយពាក្យនេះព្រោះខឹងដែលមិនបានដូចបំណង។
ប៉ាម៉ាក់អាចដាក់អារម្មណ៍ថា ប៉ាម៉ាក់ស្ថិតក្នុងស្ថានភាពរបស់អូនតូច។ ប្រសិនបើប៉ាម៉ាក់ជាអូនតូច តើប៉ាម៉ាក់នឹងមានអារម្មណ៍បែបណា? បន្ទាប់មកពន្យល់អូនតូចថា ប៉ាម៉ាក់ដឹងថាអូនតូចខកចិត្ត ឬតូចចិត្តដែលមិនអាចធ្វើបែបនេះ ឬធ្វើបែបនោះ។ កូនមិនចូលចិត្តដែលប៉ាម៉ាក់ហាមកូន ឬឱ្យកូនធ្វើបែបនេះ ឬបែបនោះ ប៉ុន្តែប៉ាម៉ាក់ត្រូវធ្វើបែបនេះ ដើម្បីឱ្យកូនល្អ។
ប៉ាម៉ាក់ត្រូវប្រាប់អូនតូចថា ប្រសិនបើកូនមិនពេញចិត្ត ឬតូចចិត្តជាមួយប៉ាម៉ាក់ កូនត្រូវប្រាប់ប៉ាម៉ាក់ ប៉ាម៉ាក់នឹងពន្យល់បន្ថែមថា ហេតុអ្វីកូនមិនអាចធ្វើអ៊ីចឹងបាន។ កូនមិនត្រូវនិយាយពាក្យ “ស្អប់ប៉ា ឬម៉ាក់ទេ” ព្រោះពាក្យនេះមុតដូចកាំបិតអ៊ីចឹង។ ពេលកូននិយាយពាក្យនេះដាក់ប៉ាម៉ាក់ ប៉ាម៉ាក់មិនសប្បាយចិត្តទេ។

ពេលខ្លះ ប៉ាម៉ាក់ត្រូវទុកពេលឱ្យកូន ក៏ដូចជាទុកពេលឱ្យខ្លួនឯងរំងាប់ចិត្តសិន មុននឹងជជែកបន្ត។ ដូច្នេះភាគីទាំងសងខាងនឹងលែងខឹង ហើយអាចនិយាយដឹងរឿង និងនិយាយគ្នាបានច្រើនជាងមុន។
បណ្ឌិត Mayer ក៏បានបន្ថែមថា បន្ទាប់ពីអារម្មណ៍អូនតូចស្ងប់លែងខឹងហើយ ប៉ាម៉ាក់ត្រូវឱបអូនតូច ហើយប្រាប់អូនតូចថា ប៉ាម៉ាក់ស្រឡាញ់កូន។ ប៉ាម៉ាក់មិនឱ្យអូនធ្វើបែបនេះគឺដើម្បីឱ្យអូនល្អ និងពន្យល់មូលហេតុប្រាប់អូនតូច។ ការធ្វើបែបនេះអាចជួយ និងលួងលោមអូនតូចបានច្រើន និងប្រាប់អូនតូចថាប៉ាម៉ាក់មិនខឹង ឬស្អប់អូនតូចទេ។
ពេលឮអូនតូចនិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា!” ប៉ាម៉ាក់ត្រូវរំងាប់អារម្មណ៍ជាមុន និងមិនត្រូវវាយ ពិន័យ ស្រែកដាក់អូនតូច ឬឆ្លើយដោយកំហឹងវិញថា “ប៉ា ឬម៉ាក់ក៏ស្អប់កូនដែរ” ទេ ព្រោះ ការធ្វើបែបនេះនឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
WHAT TO DO WHEN YOUR CHILD SAYS, “I HATE YOU.”
https://imperfectfamilies.com/child-says-i-hate-you/#:~:text=Problem%2DSolve%3A%20Sit%20down%20together,coping%20skills%20they%20could%20try.
Here’s What You Should Do When Your Child Says ‘I Hate You’
https://www.huffpost.com/entry/child-says-i-hate-you-parent_l_602186eac5b689330e31c5fe
“I Hate You, Mom! I Wish You Were Dead!” — When Kids Say Hurtful Things
https://www.empoweringparents.com/article/i-hate-you-mom-i-wish-you-were-dead-when-kids-say-hurtful-things/
“I Hate You!” Why Young Children Say Stuff Like This & How You Should Handle It
https://www.kindercare.com/content-hub/articles/2017/april/i-hate-you-why-young-children-say-stuff-like-this-and-how-you-should-handle-it
កំណែប្រែបច្ចុប្បន្ន
13/12/2021
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ