នៅបរទេសប៉ាម៉ាក់ជាច្រើនមានទម្លាប់ពិសេសមួយ គឺតែងអានសៀវភៅរឿងនិទាន ឬសៀវភៅអប់រំផ្សេងៗឲ្យកូនៗស្តាប់មុខចូលគេង។ ចុះប៉ាម៉ាក់ដឹងថាហេតុអីអត់? ការចំណាយពេលអានរឿងនិទានឲ្យកូនស្ដាប់ មិនត្រឹមជួយឲ្យកូនគេងលក់សុបិនល្អទេ ថែមទាំងលាក់ទុកនូវភាពអស្ចារ្យជាច្រើនសម្រាប់អនាគតកូនយើង។ ខាងក្រោមនេះ ជាគុណប្រយោជន៍អស្ចារ្យដែលប៉ាម៉ាក់ត្រូវដឹង។
១- សៀវភៅរឿងជួយអភិវឌ្ឍភាពច្នៃប្រឌិត និងការស្រមើស្រមៃ
សៀវភៅរឿង អាចបើផ្លូវឆ្ពោះទៅរកពិភពពិតរបស់ក្មេងៗ ដែលជាកន្លែងអូនៗអាចទទួលបានបទពិសោធពិតប្រាកដ។ ក្នុងជីវិតពិតយើង តើប៉ាម៉ាក់គិតថា អាចជួយកូនយើងធ្វើដំណើរទៅកាន់មហាសមុទ្រទៅមើលដើមឈើវេទមន្ត ផ្សងព្រេងលើកោះអាថ៌កំបាំង ឬធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានប៉ុន្មានដង?
គ្នាយើងត្រូវចាំថា កូនយើងចាំបាច់ត្រូវធំដឹងក្តីក្នុងនាមជាមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត និងភាពស្រមើស្រមៃ ដើម្បីអាចធ្វើឲ្យអូនៗទទួលបានជោគជ័យក្នុងពិភពលោកពិតប្រាកដនេះ។ ការអានសៀវភៅរឿងឲ្យអូនៗស្តាប់មុនចូលគេង ជាវិធីសាស្ត្រល្អបំផុតដើម្បីជួយជំរុញការគិត ភាពច្នៃប្រឌិតរបស់អូនៗខ្ពស់ទៅរកភាពអស្ចារ្យ។
ក្មេងជាធម្មតាតែងចាប់អារម្មណ៍អ្វីដែលពួកគេបានឮចេញពីសៀវភៅរឿងព្រេង និងតួអង្គក្នុងរឿងនោះជាដើម នាំឲ្យទម្លាប់អានឲ្យកូនស្តាប់ នឹងអាចបំផុសភាពក្លាហានសម្រាប់អូនៗទៅថ្ងៃមុខ។
២- ក្មេងមានប៉ាម៉ាក់ឧស្សាហ៍អានសៀវភៅឲ្យស្តាប់ធំឡើងនឹងក្លាយជាមនុស្សចូលចិត្តអាន
វិធីល្អបំផុតដើម្បីប្រាកដថា កូនយើងនឹងរីករាយជាមួយសេរីភាពនៃការអាននៅថ្ងៃណាមួយ ប៉ាម៉ាក់ត្រូវតែបង្កើតទម្លាប់អានសៀវភៅសម្រាប់អូនៗចាប់តាំងពីពេលអូនៗនៅតូច។
អាកប្បកិរិយារបស់ប៉ាម៉ាក់ជាគំរូល្អបំផុតសម្រាប់អូនៗ ក៏ជាអ្វីអូនៗចង់ធ្វើតាមបំផុត ហើយបើសិនជាអូនៗមិនធ្លាប់ឃើញប៉ាម៉ាក់របស់ខ្លួនអានសៀវភៅឲ្យខ្លួនស្តាប់ ឬអានខ្លួនឯងទេនោះមានន័យថា ការអានសៀវភៅមិនអាចជាអ្វីដែលអូនៗចាប់អារម្មណ៍ខ្លាំងនោះឡើយ។
ការអាន គឺជាជំនាញដ៏សំខាន់មួយដែលនឹងជួយអូនៗអាចវិវត្តបានយ៉ាងលឿន ឆ្លងផុតការសិក្សាក្នុងវ័យកុមារងាយបំផុត ឆ្ពោះទៅរកការសិក្សាវ័យជំទង់។
អត្ថបទពាក់ព័ន្ធ៖
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
- ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម
៣- ក្មេងមានប៉ាម៉ាក់អានសៀវភៅឲ្យស្តាប់ ធំឡើងអាចក្លាយជាមនុស្សចូលចិត្តការតាក់តែងនិពន្ធ
រៀនសូត្រពីជំនាញសរសេរ និពន្ធប្រកបដោយភាពច្នៃប្រឌិត ជាជំនាញមួយផ្នែកចេញពីការស្តាប់រឿងនិទានល្អៗនេះឯង។
ពេលអូនៗស្លុងអារម្មណ៍ខ្លាំង និងស្រមើស្រមៃទៅក្នុងសាច់រឿងនាអំឡុងប៉ុន្មានឆ្នាំដំបូង នឹងធ្វើឲ្យពួកគេកាន់តែទំនងជាអាចក្លាយខ្លួនជាអ្នកនិពន្ធប្រកបដោយភាពច្នៃប្រឌិតពេលឈានដល់វ័យសិក្សា។
ការតាក់តែងនិពន្ធដោយភាពច្នៃប្រឌិត មិនមែនជារឿងងាយស្រួលនោះឡើយ ដោយទាមទារការលើកទឹកចិត្តបន្ថែមសម្រាប់អូនៗ ដើម្បីបណ្តុះទេពកោសល្យរបស់ខ្លួនបន្តិចម្តងៗ ចាប់តាំងពីវ័យកុមារភាពតែម្តង។
៤- ស្តាប់រឿងនិទានមុនចូលគេង ជួយបង្កើនចំណេះដឹងបង្កប់ក្នុងរឿងទាំងនោះ
មនុស្សលោកយើងនេះអាចរៀនចេះអ្វីមួយបាន គឺអាស្រ័យទៅលើការចាប់អារម្មណ៍របស់យើងទៅលើរបស់ទាំងនោះ ដែលអាចលើកទឹកចិត្តឲ្យយើងព្យាយាមស្វែងយល់ឲ្យកាន់តែច្បាស់។ ទទួលយកមេរៀន និងបង្វែរវាទៅជារឿងនិទានមួយ ឬសកម្មភាពគួរឲ្យចាប់អារម្មណ៍មួយ ដែលយើងនឹងទទួលបានចំណេះដឹងមួយថ្មីយ៉ាងលឿនបំផុត ជាងការបង្រៀនតាមបែបប្រពៃណីក្នុងសង្គម។
គ្រប់សៀវភៅដែលមិនបញ្ចូលការប្រឌិតសាច់រឿង អាចនឹងកាន់តែជួយអប់រំក្មេងក្នុងកម្រិតខ្ពស់ ប៉ុន្តែយ៉ាងណាសៀវភៅរឿងបែបប្រឌិត ក៏អាចជំនួយដល់ការអប់រំសម្រាប់ក្មេងៗដូចគ្នា។
យ៉ាងណា អូនៗប្រហែលជាមិនចាប់អារម្មណ៍ ឬមិនដឹងថាខ្លួនទទួលបានគំនិត និងទស្សនៈល្អពីក្នុងសៀវភៅរឿងបានប៉ុន្មាននោះឡើយ ព្រោះថា អូនៗនឹងផ្តោតទៅលើភាពសប្បាយរីករាយពីរឿងនិទានដែលខ្លួបានស្តាប់ ហើយចង់ស្តាប់ទៀត នឹងមានអ្វីកើតឡើងនៅវគ្គបន្ទាប់។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងៗមើលអេក្រង់ទូរសព្ទលើស ២ម៉ោង ប្រយ័ត្នមានបញ្ហាធំ
- ប៉ាម៉ាក់ចូលចិត្តឲ្យក្មេងលេងទូរសព្ទ មុនចូលគេង ប្រយ័ត្នលើសដើម!
- ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង៨ចំណុចនេះ
៥- ស្តាប់រឿងនិទានអាចជួយអូនៗធូរអារម្មណ៍ និងមិនប្រឈមស្ត្រេស
ការអានសៀវភៅរឿងឲ្យកូនស្តាប់មុនចូលគេង គឺជាវិធីសាស្ត្រអស្ចារ្យបំផុតដើម្បីកាត់បន្ថយភាពតានតឹង និងតប់ប្រមល់ និងក៏ជាវិធីស័ក្ដិសមឥតខ្ចោះមួយសម្រាប់បញ្ចប់ភាពមមាញឹកពេញមួយថ្ងៃសម្រាប់ទាំងអូនៗដែលចំណាយពេលរៀនពេញមួយថ្ងៃ ក៏ដូចជាម៉ាក់ប៉ាផងដែរ។
[embed-health-tool-vaccination-tool]