ចំពោះក្មេងតូចៗក៏ត្រូវការឮពាក្យសរសើរបានច្រើន ដើម្បីឲ្យអាអូនមានផ្នត់គំនិតវិជ្ជមាន និងជួយឲ្យលូតលាស់បានល្អ។ ប៉ុន្តែ ប៉ាម៉ាក់ត្រូវដឹងថា ការសរសើរកូនហួសហេតុពេក ក៏វាមិនជាល្អប៉ុន្មានសម្រាប់អាអូនដែរ។
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានពន្យល់ឲ្យដឹងថា ការសរសើរកូន គឺជារឿងល្អដែលយើងត្រូវធ្វើជាមួយកូន ប៉ុន្តែម៉ាក់ប៉ាត្រូវមានការប្រុងប្រយ័ត្ន ចំពោះពាក្យសម្តីសរសើរទៅកាន់កូន ដើម្បីចៀសវាងកុំឲ្យកូនក្លាយជាក្មេងដែលញៀនទៅនឹងការសរសើរ។
១.នៅពេលអាអូនអាយុក្រោម៥ឆ្នាំ យើងអាចសរសើរទៅលើលក្ខណៈសម្បត្តិល្អរបស់អាអូនដូចជា កូនឆ្លាត កូនស្អាត កូនពូកែ កូនល្អ។ល។
២.នៅពេលកូនមានអាយុលើស៥ឆ្នាំ យើងត្រូវសរសើរទៅលើកិច្ចខិតខំប្រឹងប្រែង សេចក្ដីព្យាយាមនៃដំណើរការនៃការធ្វើកិច្ចការរបស់គេ។
លោកស្រីបន្តថា ម៉ាក់ប៉ាគ្រប់រូបតែងចង់ឃើញកូនខ្លួនជោគជ័យលើសគេ ជាមនុស្សពូកែ រៀនបានលេខ១រាល់ខែ ប៉ុន្តែពេលកូនធ្វើមិនបានដូចការគិត បែរជាស្ដីបន្ទោសប្រៀបបាននឹងការបំបាក់ទឹកចិត្តរបស់កូនទៅវិញទេ។ ដូចនេះហើយ ម៉ាក់ប៉ាគួរឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងរបស់កូនជាជាងលទ្ធផល។ បើកូនរៀនមិនបានលេខ១ តែកូនបានខិតខំរៀនហើយ យើងជាម៉ាក់ប៉ាត្រូវសរសើរ និងលើកទឹកចិត្តកូនទើបល្អ។
ផ្ទុយទៅវិញ បើម៉ាក់ប៉ាតែងតែនិយាយសរសើរគ្រប់ពេលវេលា ថ្នាក់ថ្នមកូនគ្រប់ពេល វាអាចបង្កជាផលប៉ះពាល់ទៅវិញចំពោះអាអូន និងអាចធ្វើឲ្យម៉ាក់ប៉ាពិបាកដូចជា៖
– មានអំនួតហួស
– ក្លាយជាក្មេងទម្រើស
– ទារអី ត្រូវតែបាន
– បាត់បង់ការប្រកួតប្រជែង។
លើសពីនេះ ការសរសើរក៏មានគ្រោះថ្នាក់ដែរ ប្រសិនបើម៉ាក់ប៉ាមិនដឹងពេលណាគួរសរសើរ ពេលណាគួរអត់ ព្រោះការរស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ សម្បូរទៅដោយការប្រកួតប្រជែង។ បើកូនទទួលបានការសរសើរច្រើនពេក រហូតក្លាយជាក្មេងទន់ជ្រាយ ឬមានអំនួតខ្លាំងពេកនោះ នៅពេលដែលជួបឧបសគ្គអ្វីមួយ ហើយដោះស្រាយមិនដូចតាមការគិត ច្បាស់ជាមានបញ្ហាដែលពួកកូនៗទទួលយកមិនបាន។
[embed-health-tool-vaccination-tool]