ម៉ាក់ប៉ាមួយចំនួនពេលបានដាក់កូនចូលសាលារៀន ដូចបានធូរស្បើយភាពមមាញឹកមួយកម្រិត ព្រោះអាអូនមិននៅផ្ទះ។ ប៉ុន្តែ នៅក្នុងសាលារៀន កូនយើងត្រូវប្រឈមមុខនឹងមនុស្សប្លែកមុខច្រើន ទោះបីជានៅសាលាសុទ្ធតែក្មេងៗអាយុប្រហាក់ប្រហែលគ្នាក្ដី ជួនកាល កូនយើងលេងមិនត្រូវគ្នាជាមួយមិត្តរួមសាលា បង្កជារឿងឈ្លោះគ្នា កាន់តែនាំរវល់ដល់ម៉ាក់ប៉ាលើសដើម។ ហេតុនេះហើយ UNICEF កម្ពុជា បានពន្យល់នូវវិធីបង្ការបញ្ហានេះកើតឡើងចំពោះកូនពេលចូលរៀន ដែលតម្រូវឲ្យម៉ាក់ប៉ាចូលរួមបង្ហាត់បង្ហាញកូន។
១. អប់រំកូនពីការរករឿងឈ្លោះ
នៅពេលកូនៗដឹងថាអ្វីជាការរករឿងឈ្លោះ អាអូននឹងអាចសម្គាល់វាបានកាន់តែងាយ មិនថាវាកំពុងកើតឡើងចំពោះខ្លួនគេ ឬលើនរណាម្នាក់ទៀតឡើយ។
២. និយាយដោយបើកចំហ និងញឹកញាប់ជាមួយកូន
ពេលយើងនិយាយជាមួយកូនកាន់តែច្រើនអំពីការរករឿងឈ្លោះ ពួកគេនឹងប្រាប់យើងកាន់តែច្បាស់ ប្រសិនបើពួកគេបានឃើញ ឬជួបប្រទះបញ្ហានោះ។ តាមដានជាមួយកូនយើងរាល់ថ្ងៃ ហើយសួរអំពីពេលវេលាពួកគេនៅសាលារៀន និងសកម្មភាពតាមអ៊ីនធឺណិត ដោយសាកសួរ មិនត្រឹមតែអំពីការរៀនសូត្រ និងសកម្មភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីអារម្មណ៍កូនផងដែរ។
៣. គាំទ្រកូនឲ្យធ្វើជាគំរូល្អ
ជាទូទៅ មានភាគីចំនួន៣ នៅក្នុងការរករឿងឈ្លោះ មានជនរងគ្រោះ អ្នកប្រព្រឹត្ត និងអ្នកឃើញហេតុការណ៍។ ទោះបីជាកុមារមិនមែនជាជនរងគ្រោះពីការរករឿងឈ្លោះក៏ដោយ ក៏ពួកគេអាចបង្ការបញ្ហានេះបានដោយការចូលរួមជាមួយកុមារទាំងអស់ ការគោរព និងមានសន្ដានចិត្តល្អចំពោះមិត្តភ័ក្ដិដទៃទៀត។ ប្រសិនបើពួកគេឃើញការរករឿងឈ្លោះ ពួកគេអាចនឹងនៅជាប់នឹងជនរងគ្រោះហើយផ្ដល់ការគាំទ្រនិង / ឬដេញដោលសួរអំពីអាកប្បកិរិយារករឿងឈ្លោះទាំងនោះ។
៤. ជួយកូនកសាងទំនុកចិត្តលើខ្លួនឯង
លើកទឹកចិត្តកូនយើងឲ្យចុះឈ្មោះចូលរៀន ឬ ចូលរួមសកម្មភាពដែលពួកគេចូលចិត្តនៅក្នុងសហគមន៍។ ទង្វើនេះនឹងជួយកសាងទំនុកចិត្តក៏ដូចជាបង្កើតជាក្រុមមិត្តភ័ក្ដិដែលមានចំណាប់អារម្មណ៍រួមគ្នា។
៥.ធ្វើខ្លួនជាជនគំរូ
បង្ហាញកូនយើងពីអាកប្បកិរិយាចំពោះកុមារ និងមនុស្សពេញវ័យដទៃទៀតប្រកបដោយទឹកចិត្តល្អ និងក្ដីគោរព តាមរយៈការធ្វើដូចគ្នាចំពោះមនុស្សជុំវិញអ្នក រាប់បញ្ចូលទាំងការនិយាយអន្តរាគមន៍នៅពេលអ្នកដទៃត្រូវបានគេធ្វើបាប។ កុមារនឹងយកគំរូតាមឪពុកម្ដាយខ្លួនពីអាកប្បកិរិយា រួមទាំងខ្លឹមសារបង្ហោះនៅលើអ៊ីនធឺណិតផងដែរ។
[embed-health-tool-vaccination-tool]