នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ ការត្រលប់ទៅសាលារៀនវិញ អាចជាដំណឹងល្អសម្រាប់សិស្សៗជាច្រើន ប៉ុន្តែសិស្សខ្លះទៀតអាចនឹងថប់បារម្ភ ឬមិនចង់ចូលរៀននៅសាលាវិញ ពិសេសអាអូនតូចៗ។
តាមការឲ្យពីអង្គការ Unicef បានឲ្យដឹងថា ការចាប់ផ្ដើមចូលរៀន ឬការចាប់ផ្ដើមឆ្នាំសិក្សាថ្មីអាចជារឿងមួយផ្ដល់ភាពតានតឹងដល់កូន ចុះទម្រាំការត្រលប់ទៅសិក្សាផ្ទាល់បន្ទាប់ពីការបើកដំណើរការសាលារៀនវិញ អំឡុងពេលកូវីដ-១៩។ កុមារអាចមានអារម្មណ៍ភ័យ ឬស្ទាក់ស្ទើរក្នុងការត្រលប់ទៅសាលារៀនវិញ ជាពិសេសប្រសិនបើពួកគេបានរៀននៅផ្ទះអស់ជាច្រើនខែមកហើយ។
ដូច្នេះហើយ ម៉ាក់ប៉ាគួរតែពិភាក្សាជាមួយកូនៗអំពីអ្វីដែលធ្វើឲ្យពួកគេព្រួយបារម្ភ ហើយប្រាប់ពួកគេថា វាជារឿងធម្មតាទេដែលមានអារម្មណ៍ថប់បារម្ភបែបនេះ។ និយាយជាមួយកូនៗស្រួលបួលអំពីការផ្លាស់ប្ដូរខ្លះដែលពួកគេអាចរំពឹងទុកនៅសាលារៀនដូចជា ត្រូវការពាក់ម៉ាស់ និងរក្សាគម្លាតពីមិត្តភ័ក្ដិ និងគ្រូបង្រៀនរបស់ពួកគេ។
បន្ថែមពីលើនេះ ម៉ាក់ប៉ាគួរប្រាប់កូនឲ្យដឹងថា ការធ្វើបែបនេះគឺជាវិធានការសុវត្ថិភាព ដើម្បីរក្សាសិស្ស និងគ្រូឲ្យមានសុខភាពល្អ មិនអាចចម្លងជំងឺបាន។ យើងក៏អាចប្រាប់ឲ្យកូនចូលរួមចំណែកការពារសុខភាពខ្លួន និងមិត្តភ័ក្ដិដោយការលាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹកផងដែរ។
ជាចុងក្រោយ យើងក៏ត្រូវរំលឹកអំពីភាពវិជ្ជមាននៃការត្រលប់ទៅរៀនវិញដូចជា ពួកគេអាចជួបជុំមិត្តភ័ក្ដិ និងគ្រូបង្រៀន ហើយបន្តរៀនអ្វីថ្មីៗ ពេលបើកដំណើរការសាលារៀនវិញ។
[embed-health-tool-vaccination-tool]