backup og meta

តិចនិក​សម្អាត​អណ្ដាត​កូន ជួយ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17, 2021

    តិចនិក​សម្អាត​អណ្ដាត​កូន ជួយ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​

    ទោះ​បី​ជា​ទារក​ដែល​ទើប​នឹង​កើត​​នៅ​មិន​ទាន់​ដុះ​ធ្មេញ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​កូន​ៗ​ផង​ដែរ​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​ភាគ​ច្រើន​តែង​តែ​ងឿង​ឆ្ងល់​អំពី​វិធីសាស្ត្រ​ក្នុង​ការ​សម្អាត​អណ្ដាត​ឲ្យ​ទារក​ដែល​ទើប​នឹង​កើត​ ហើយ​កិច្ចការ​នេះ​កាន់​តែ​ពិបាក​ថែម​ទៀត​ នៅ​ពេល​ដែល​អា​អូន​យំ​ នៅ​ពេល​ដែល​យើង​សម្អាត​អណ្ដាត​ឲ្យ​ពួក​គេ​។​

    ហេតុ​អី​​ប៉ា​ម៉ាក់​ត្រូវ​សម្អាត​អណ្ដាត​ឲ្យ​កូន​?

    ​​​​​​កិច្ចការ​ចម្បង​​នៃ​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​​ជា​រៀង​រាល់​ថ្ងៃ​​របស់​ទារក​ គឺ​ជា​ការ​សម្អាត​អណ្ដាត​របស់​ពួក​គេ​។​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​សម្អាត​អណ្ដាត​ត្រឹមត្រូវ​ជា​ប្រចាំ​ វា​អាច​ជួយ​បញ្ចៀស​ខ្យល់​ដង្ហើម​មិន​ល្អ​ និង​ការ​ប្រមូល​ផ្ដុំ​បាក់តេរី​ ​ព្រម​ទាំង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​មាត់​ធ្មេញ និង​​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ ប៉ា​ម៉ាក់​គប្បី​សម្អាត​ និង​ម៉ាស្សា​មាត់​របស់​កូន​ ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​ដុះ​ធ្មេញ​​ក៏​ដោយ​ ពីព្រោះ​វា​អាច​ជួយ​ដល់​ដំណើរការ​ដុះ​ធ្មេញ​ និង​ធានា​អនាម័យ​មាត់​​ធ្មេញ​បាន​ល្អ​។

    ប៉ា​ម៉ាក់​គួរ​សម្អាត​អណ្ដាត​កូន​បែប​ណា​?

    ​​​​​​មិន​ថា​កូន​របស់​ប៉ា​ម៉ាក់​ដុះ​ធ្មេញ​ ហើយ​ឬ​ក៏នៅ​នោះ​ទេ​​ ​ការ​ថែ​ទាំ​មាត់​ធ្មេញ​​ ដោយ​ការ​សម្អាត​មាត់​ និង​អណ្ដាត​ គឺ​ជា​រឿង​ដែល​ប៉ា​ម៉ាក់​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ​។​ ដើម្បី​សម្អាត​អណ្ដាត​ទារក​ឲ្យ​បាន​ត្រឹមត្រូវ​ យើង​គួរ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​។

    . ​សម្អាត​ដៃ​​ប៉ា​ម៉ាក់​ជា​មុន​សិន

    មុន​នឹង​ចាប់ផ្ដើម​ការ​សម្អាត​​អណ្ដាត​ឲ្យ​ទារក​ ជំហាន​ដំបូង​ ប៉ា​ម៉ាក់​ត្រូវ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ជា​មុន​សិន​។ បន្ទាប់​មក​ យើង​អាច​យក​ស្បៃ​ ឬកុំប្រេស ឬ​កំណាត់​ស្អាត​រុំ​​ម្រាម​ដៃ​ ​ឬ​​ប្រើ​ឧបករណ៍​សម្អាត​អណ្ដាត​​សម្រាប់​ទារក​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ។​

    . ជ្រលក់​ស្បៃ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ

    ប្រសិនបើ​យើង​ប្រើ​ស្បៃ​ ចូរ​ជ្រលក់​ស្បៃ​​​​ទៅ​ក្នុង​​ទឹក​ក្តៅ​ឧណ្ហៗ​ និង​រុំ​វា​ជុំវិញ​ម្រាម​ដៃ​របស់​យើង​។​ បន្ទាប់​មក​ ចូរ​ដាក់​ទារក​​​ឲ្យ​ស្ថិត​ក្នុង​ទីតាំង​ដែល​មាន​ផាសុកភាព​ ដោយ​ឱប​កូន​នៅ​ដៃ​ម្ខាង​ ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​ ដើម្បី​សម្អាត​មាត់​របស់​អា​អូន​។ ​ចូរ​លូក​ដៃ​ទៅ​ក្នុង​មាត់​របស់​ទារក​ថ្នមៗ​ និង​កៀរ​ជា​រាង​រង្វង់​។​ ក្រោយ​ពី​សម្អាត​អណ្ដាត​រួច​ ចូរ​ធ្វើ​ការ​ម៉ាស្សា​ធ្មេញ​របស់​ទារក​ (បើ​ទារក​មាន​ធ្មេញ​) និង​អញ្ចាញ​​ថ្នម​ៗ​។​

    សម្អាតអណ្តាត២

    . សម្អាត​កម្ទេចកំទី​នៅ​ជាប់​ធ្មេញ អញ្ចាញ​ធ្មេញ

    បន្ថែម​ពី​នេះ​ ​ប៉ា​ម៉ាក់​ក៏​អាច​ប្រើ​ឧបករណ៍​សម្អាត​អញ្ចាញ​ធ្មេញ​ ដើម្បី​កម្ចាត់​ចោល​នូវ​កម្ទេចកំទី​​ផ្សេង​ៗ ដែល​នៅ​តោង​ជាប់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​របស់​ទារក​​។ ម្យ៉ាង​វិញ​ទៀត ​ចូរ​ជៀសវាង​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ​ផ្ល​អូ​រ៉ាយ​  ​ចំពោះ​ទារក​ ពីព្រោះ​ពួក​គេ​អាច​នឹង​លេប​វា​។​ ប៉ា​ម៉ាក់​គួរ​​សម្អាត​អណ្ដាត​ឲ្យ​កូន​ យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​ម្តង​ និង​បន្ទាប់​ពី​បំបៅ​ដោះ​ ឬ​បញ្ចុក​អាហារ​ឲ្យ​កូន​រួច​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម