ជាទូទៅ ពេលដែលទារកកើតមកគឺតម្រូវឲ្យពាក់ស្រោមដៃស្រោមជើង ដើម្បីកុំឲ្យត្រជាក់ ឬការពារកុំឲ្យទារកបៀមដៃមិនស្អាត តែនៅពេលទារកធំទៅៗ សរីរាង្គផ្សេងៗរបស់ទារកចាប់ផ្ដើមលូតលាស់ ហើយដៃជើងដែលធ្លាប់តែពាក់ស្រោមដៃស្រោមជើង ក៏ចាប់ផ្ដើមដុះក្រចកបន្តិចម្ដងៗដែរ។ ម៉ាក់ប៉ាថ្មីថ្មោងមានដឹងអត់ថា កូនប៉ុន្មានខែទើបអាចកាត់ក្រចកឲ្យបាន?
១.បងស្រី ហេង ស្រីនី ជាអ្នកលក់ដូរក្នុងផ្សារម្នាក់ នៅខេត្តកណ្ដាលថា ពេលកូននៅតូចពេក មិនហ៊ានកាត់ទេ ព្រោះខ្លាចមិនប្រយ័ត្នជ្រុលដៃកាត់ដោយសាច់កូន ទាល់តែកូនបានចាស់ខែបន្តិចទើបហ៊ានកាត់ ប្រហែល៣-៤ខែ។ ម៉្យាងទៀត កូនពាក់ស្រោមដៃរហូត ចឹងហើយមិនចាំបាច់កាត់ក្រចកឲ្យកូនទេ។
២.បងស្រី សុភា អ្នករកស៊ីម្នាក់រស់នៅម្ដុំឈូកវ៉ា បានឲ្យដឹងថា “សម្រាប់ខ្ញុំ ពេលដំបូងឡើយចង់កាត់ឲ្យកូនពេលអាយុបាន១ខែជាង ប៉ុន្តែឃើញកូននៅខ្ចីពេក ហើយណាមួយមានមីងៗប្រាប់ថា ចាំកូនបាន៣-៤ខែសិនទៅចាំកាត់ ចឹងខ្ញុំក៏ធ្វើតាមមីងប្រាប់ទៅ។ ប៉ុន្តែ ខ្ញុំធ្លាប់មើលតាមអ៊ីនធើណេត គេថា កូនបាន១ខែជាងអីកាត់បានហើយ ព្រោះក្រចកកូនចាប់ផ្ដើមដុះ ហើយក៏ចាប់ផ្ដើមកខ្វក់ដែរ តែខ្ញុំមិនហ៊ានប្រថុយខ្លាចប៉ះពាល់កូន’។
សម្រាប់បញ្ហាកាត់ក្រចកកូននេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានពន្យល់ឲ្យដឹងថា នៅពេលទារកមានអាយុ១ខែ ក្រចកចាប់ផ្ដើមរឹង ល្មមម៉ាក់ប៉ាអាចកាត់បានហើយ មិនបាច់ចាំរហូតទាល់តែដោះស្រោមដៃទើបកាត់ក្រចកកូនទេ។ បើតាមចាស់ៗសម័យមុន ឲ្យទុកក្រចកកូនរហូតទាល់តែ៣-៤ខែទើបកាត់បាន ដោយសារគាត់គិតថា កូនពាក់ស្រោមដៃហើយមិនបាច់កាត់អីច្រើនទេ ខ្លាចកាត់ទៅជ្រុលដៃ កាត់ដោយសាច់កូន ធ្វើឲ្យកូនឈឺ យំវិញទេ។
លោកវេជ្ជបណ្ឌិតបន្តថា ទោះទុកក្រចកកូនទាល់តែ៣-៤ខែ ទើបកាត់ក៏មិនមានផលប៉ះពាល់អីដល់កូនដែរ ប៉ុន្តែបើម៉ាក់ប៉ាមិនប្រយ័ត្ន មិនពាក់ស្រោមដៃស្រោមជើងឲ្យកូនត្រឹមត្រូវ អាចធ្វើឲ្យមុតមុខ មុតមាត់កូន។ ម៉្យាងទៀត កាលណាក្រចកកាន់តែវែង វាអាចផ្ទុកធូលីក្នុងដៃ ហើយបើកូនបៀមដៃ អាចឲ្យកូនឆ្លងមេរោគ ធ្វើឲ្យឈឺនេះ ឈឺនោះបាន។ យកល្អ កូនបាន១ខែ ឬ១ខែជាង ម៉ាក់ប៉ាគួរចាប់ផ្ដើមកាត់ក្រចកកូនបណ្ដើរៗទៅ ហើយត្រូវលាងសម្អាតដៃកូនឲ្យបានស្អាតជានិច្ចទើបជាការល្អ។
អត្ថបទពាក់ព័ន្ធ៖
- ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
- អាអូន បៅទឹកដោះគោ ជំនួសទឹកដោះម៉ាក់ៗ ប្រឈមកើតជំងឺម្យ៉ាង
- បើទារក-ក្មេងខ្វះវីតាមីន និងជាតិរ៉ែ សុខភាពគ្នាប៉ះពាល់អីខ្លះ?
- មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ
- កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច?
- កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?
[embed-health-tool-vaccination-tool]