ក្រោយសម្រាល ម៉ាក់ៗជាច្រើន នាសម័យនេះ មានពេលសម្រាកតិចមែនទែន នៅជិត មើលថែ និងបំបៅដោះបេប៊ី ព្រោះរវល់ការងារ ឬរបររកស៊ី។ ដូច្នេះ ចង់ ឬមិនចង់ទើបទារកបៅដោះម៉ាក់បានតិច ឬអត់ហ្មង។ ករណីនេះ មានការបញ្ជាក់ថា បេប៊ីបៅទឹកដោះគោ ប្រឈមកើតជំងឺធាត់។
នៅព័រទុយហ្គាល់ បញ្ជាក់ដូច្នេះ ក្រោមការគាំទ្រដោយអង្គការសុខភាពពិភពលោក ពិនិត្យលើអត្រាបំបៅដោះបេប៊ី ក្នុងប្រទេសចំនួន២២។ លទ្ធផល បង្ហាញថា បេប៊ីពុំដែលបៅទឹកដោះម៉ាក់ៗ មានអត្រា ២៥% កើតជំងឺធាត់ ជាងបេប៊ីបៅដោះម៉ាក់ៗ យ៉ាងតិច ៦ខែ។ អ្នកជំនាញខាងវេជ្ជសាស្ត្រ ជឿថា ទឹកដោះគោ ធ្វើឲ្យបេប៊ី ឡើងគីឡូ និងលូតលាស់លឿន ដោយសារវាមានជាតិប្រូតេអ៊ីនខ្ពស់ និងជំរុញកំណើនកោសិកាបង្កឲ្យធាត់។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ពាក់ព័ន្ធបញ្ហានេះ លោកវេជ្ជបណ្ឌិត Joao Breda អ្នកចូលរួមក្នុងការសិក្សានេះ មកពីការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំសហភាពអឺរ៉ុប ថា “យើងចាំបាច់រកមើលវិធានការបន្ថែមទៀត ដើម្បីជំរុញឲ្យម៉ាក់ៗបំបៅដោះបេប៊ី…”។
ការបំបៅដោះរបស់ម៉ាក់ៗ កាត់បន្ថយភាពប្រឈមការឡើងគីឡូរបស់បេប៊ី ដោយសារអ័រម៉ូន សារធាតុបំប៉ន និងបាក់តេរីក្នុងទឹកដោះម៉ាក់ៗ ជួយផ្លាស់ប្ដូរបាក់តេរីមិនល្អក្នុងពោះវៀនរបស់បេប៊ី។ ជាងនេះទៅទៀត ទឹកដោះម៉ាក់ៗ កម្ចាស់សារធាតុបង្កឲ្យធាត់ប្រកបដោយប្រសិទ្ធភាព ជំនួសឲ្យការផ្ទុកសារធាតុបង្កឲ្យធាត់ និងបង្កើនគីឡូបេប៊ី។ ផ្ទុយទៅវិញ ទឹកដោះគោ បង្កើនកម្រិតអាំងស៊ុយលីនរបស់បេប៊ី និងបណ្ដាលឲ្យបេប៊ី លូតលាស់លឿន និងពង្រីកកោសិកាបង្កឲ្យធាត់។
អត្ថបទគួរអាន៖
លោកស្រី Sue Ashmore នាយកកម្មវិធីគំនិតផ្ដួចផ្ដើមទារករីករាយ ប្រចាំអង្គការយូនីសេហ្វ នៅចក្រភពអង់គ្លេស បញ្ជាក់ថា ទឹកដោះម៉ាក់ៗ ផលិតជាពិសេសសម្រាប់ទារក។ វាជាវ៉ាក់សាំងដំបូង ការពារការឆ្លងជំងឺនានា ហើយវាជះឥទ្ធិពលលើសុខភាពរយៈពេលវែង រួមទាំងប្រឆាំងនឹងជំងឺធាត់ផងដែរ។